នាយិកា​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច ដែលគេនិយមហៅ«យាយផានៗ» គឺ ឧកញ៉ា ស៊ុយ សុផាន មិនព្រមបើកផ្លូវឲ្យ​ប្រជាពលរដ្ឋ​៣ភូមិធ្វើដំណើរឆ្លងកាត់នោះឡើយ បើទោះបីជាមានបញ្ជាជាលាយលក្ខណ៍អក្សរ​ពីលោកទេស​រដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់នោះក្តី ។

បើតាមអ្នកភូមិភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា និង​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ផ្លូវលំ​ប្រវែង​ប្រមាណ​៦​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៣៦៩ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១​ឆ្លងកាត់​ភូមិ​នោះ ពួកគាត់(អ្នកភូមិ) ធ្លាប់បាន​រៃអង្គាសប្រាក់​គ្នា​ស្ថាបនា​សម្រាប់​ធ្វើដំណើរ និង​ប្រកប​របរ​អាស្រ័យ​ផល​ដី​បឹង ដូចជា​ចិញ្ចឹម​ត្រី និង​ដាំ​ឈូក​ជាដើម ប៉ុន្តែក្រោយមកត្រូវបានលោកស្រី​ឧកញ៉ា ស៊ុយ សុផាន ដែលគេស្គាល់ថាជា​ឈ្មួញ​ដី​ល្បីឈ្មោះនិងសម្បូររឿងរ៉ាវនៅតុលាការនិងលោក​ឧកញ៉ា ហេង លី នាយក​ក្រុមហ៊ុន​ហេង លី ប្រើ​អំណាច​របស់ខ្លួន​ធ្វើ​របងហ៊ុំ​ព័ទ្ធ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​រហូត​ទល់​សព្វថ្ងៃ៕