រាជធានី​ភ្នំពេញ ៖ យោង​តាម​គេហទំព័រ​របស់​អគ្គស្នងការ​បាន​ចុះ​ផ្សាយ​ពី​ការដ្ឋាន​សំណង់​ខុន​ដូ កាលពី​ថ្ងៃ​ទី​៣ ឧសភា ២០១៧ នេះ​ដែល​កំពុង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធ្វើ​ឲ្យ​មានការ​កក់ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ក៏​ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​មើល​មិនឃើញ ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេ​បាក់ ខ​ណ្ខ​ចំការមន រាជធានី​ភ្នំពេញ ។

ប្រភព​បានអោយ​ដឹង​ថា លោក​អភិបាល​ខណ្ឌចំការមន នៅ​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា នេះ​នឹង​អញ្ជើញ​ម្ចាស់​ការដ្ឋាន​សាងសង់​ខុន​ដូ​មួយ​កន្លែង​ឈ្មោះ ឆាយ​ណា ខន​ស្ត្រា​ក់សិន ហ្វ័​ត អេ​ន​ជី​នា​រីង ឌី​វិ​សិន ខ​ប អិ​ល​ធី​ឌី (CHINA CONTRUCTION FOURTH ENGINEERING DIVISION CORP. LTD) ដែល​រង​ការ​រិះគន់​ថា កំពុង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធ្វើ​ឲ្យ​មានការ​កក់ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ជា​រៀងរាល់ថ្ងៃ ព្រោះ​ការដ្ឋាន​មួយ​នេះ បាន​យក​ចិញ្ចើម​ផ្លូវ​សម្រាប់​ដាក់​ដែក និង​សម្ភារៈ​សំណង់ និង​មាន​រថយន្ត​ដឹក​ខ្សាច់ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ចត​មុខ​ការដ្ឋាន​នេះ​ជា​ច្រើន និង​បង្ហៀរទឹក​កង្វក់​មក​លើ​ផ្លូវ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវ​ខូច មក​រក​ដំណោះស្រាយ​បញ្ហា​ខាងលើ ។

សូម​បញ្ជាក់​ថា កន្លង​មក​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​បម្រាម​មួយ ដាក់​កម្រិត​មិន​ឲ្យ​ការដ្ឋាន​សំណង់​ធំ​ៗ ខ្ពស់​ៗ​ក្នុង រាជធានី​ភ្នំពេញ យក​ទ្រូងផ្លូវ ឬ​ចិញ្ចើម​ផ្លូវ​សាធារណៈ ដើម្បី​ដាក់​សម្ភារៈ​សាងសង់​នោះ​ឡើយ ជា​ពិសេស ហាម​មិន​ឲ្យ​ដាក់​ដង​ស្ទូច​ជាប់​ផ្លូវ ឬ​លើក​សម្ភារ​សំណង់​រំលង​ផ្លូវ ព្រោះ​វា​បង្ក​ការ​កកស្ទះ​ចរាចរណ៍ ហើយ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​បាន​ផង​ដែរ ។

បើ​ទោះបីជា​មាន​បម្រាម​បែប​នេះ​ក៏​ដោយ ក៏​ការដ្ឋាន​សំណង់​របស់​ជនជាតិ​ចិន​មួយ​នេះ នៅ​បង្ក​ការ​រំខាន និង​បំផ្លាញ​ផលប្រយោជន៍​សាធារណៈ​ដដែល ជា​ពិសេស លើក​ស្ទួ​ច​សម្ភារៈ​សំណង់ រំលង​ផ្លូវ ដោយ​ខ្វល់​ពី​ការ​បង្ក​គ្រោះ ថ្នាក់​ដល់​ជីវិត​មនុស្ស ។ ដោយឡែក​អ្នក​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម បាន​រិះគន់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ពិនិត្យ​មើល​ផង ចំណែក​សាលា​ខណ្ឌចំការមន និង​សាលា​រាជធានី​ភ្នំពេញ មិនដឹង​ទទួល​បាន​ផលប្រយោជន៍​អ្វីខ្លះ ពី​ខុន​ដូ​នេះ​ទេ បានជា​មើល​មិនឃើញ ពី​ផល​ប៉ះពាល់​ដល់​សម្បត្តិ​សាធារណៈ និង​បង្ក​ការ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​បែប​នេះ ៕