រាជធានី​ភ្នំពេញ ៖ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចេញ​បញ្ជា​ផ្ទាល់​ម៉ាត់​របស់​លោក​ថា ឲ្យ​យានដ្ឋាន​ជួសជុល​រថយន្ត និង​ឃ្លាំង​ស្តុក​ទំនិញ​ធំ​ៗ ដែល​មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ចេញ​ទៅ​នៅ​ក្រៅ​ក្រុង​វិញ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ឫ​ការ​បំផ្លាញ​ផ្លូវ​សាធារណៈ ដោយសារ​តែ​រថយន្ត​កុងតឺន័រ​ធំ​ៗ បាន​ដឹក​ទំនិញ​ទាំងនោះ ចូល​ក្នុង​ឃ្លាំង​របស់​ខ្លួន ។ ការ​លើក​ឡើង​នេះ ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​ការដ្ឋាន​សាងសង់ នៅ​ចំណុច​រង្វង់​មូល​ព្រំប្រទល់​ខណ្ឌដង្កោ និង​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា ២០១៧ នេះ ។

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ទៅ​កាន់​មន្ត្រី​ក្រោម​ឱវាទ​ថា ដោយសារ​តែ​ទីតាំង​ទាំងនោះ​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​ខូច​ផ្លូវ ព្រោះតែ​រថយន្ត​កុងតឺន័រ និង​រថយន្ត​ដឹក​ទំនិញ បើក​ឆ្លងកាត់ ដាក់​ទំនិញ​ចូល​យានដ្ឋាន​ជួសជុល​រថយន្ត និង​ឃ្លាំង​ស្តុ​ប​ទំនិញ​ធំ​ៗ បញ្ហា​ទាំងនេះ​ហើយ​ទើប​តម្រូវ​អោយ​យានដ្ឋាន និង​ឃ្លាំង​ធំ​ៗ ដែល​មា​នទី​តាំងនៅ​ក្នុង​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ឲ្យ​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​នៅ​ជាយក្រុង​វិញ ។

ប៉ុន្តែ​យ៉ាង​ជា​ណាក៏​លោក​អភិបាល​រាជធានី​ភ្នំពេញ នៅមិន​ទាន់​បាន​បង្ហើប​ថ្ងៃខែ​ឲ្យ​បាន​ច្បាស់​ថា តើ​ពេល​ណា​ត្រូវ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​យានដ្ឋាន​ជួល​ស​ជុល​រថយន្ត និង​ឃ្លាំង​ស្តុ​ប​ទំនិញ​ទាំងនេះ នៅឡើយ​ទេ ។ ជាមួយនឹង​ចំណាត់ការ​របស់​លោកប៉ា សុ​ជាតិ​វង្ស កាលពី​រសៀល​ថ្ងៃ​ទី​២០ មីនា កន្លង​ទៅ​ក៏​បាន​លើក​ឡើង​ថា ទូ​ដក​លុយ ATM នៅ​តាម​ទី​សាធារណៈ​ទាំងអស់ របស់​ធនាគារឯកជន ត្រូវ​ប្រឈម​ទៅ​នឹង​ការ​លុប​បំបាត់​ចោល​ទាំងស្រុង ព្រោះ​ទូ​ទាំង​អស់នោះ មិន​មាន​អ្នក​ការពារ និង​មើលថែ​ឱ្យ​មាន​សុវត្ថិភាព បង្ក​ឱ្យ​បទល្មើស និង​អសន្តិសុខ​ដល់​សង្គម ។ មហាជន​រង​ចាំ​មើល​ថា ​ចំណាត់ការ​របស់​លោកប៉ា សុ​ជាតិ​វង្ស មួយទៀត​នេះ តើ​មាន​ប្រសិទ្ធភាព ឫ​យ៉ាងណា ?

Comments

comments