រាជធានី​ភ្នំពេញ ៖ នៅ​ម៉ោងជិត​១១​យប់​ថ្ងៃ​ទី​១៥ ឧសភា ២០១៧ ស្រាប់តែ​តារា​កំប្លែង​នាង រ៉េ​ន សុធា​រី ហៅ​ឃ្មឹ​ប ឫ​ខ្សុច ដែល​គេ​ស្គាល់​ថា ជា​អតីត​ភរិយា​ទី​១ របស់​នាយ ហុងដា បាន​លេចមុខ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ស្ថិត​ក្នុង​ជីវភាព​ក្រីក្រ​លំបាក ​ស្ទើរតែ​មិន​គួរ​អោយ​ជឿ ។ ការ​លេចមុខ​សារ​ជា​ថ្មី​នេះ ក៏​ដោយសារ​តែ​កូនប្រុស​បង្កើត​របស់​នាង​ប្រឈម​នឹង​ជាប់គុក​អស់​មួយ​ជីវិត តម្រូវ​អោយ​រូប​នាង​ឡើង​មក​មើល​កូន​នៅ​ឯ​ភ្នំពេញ នេះ​បើ​យោង​តាម​អ្នក​នាង ឃ្មឹ​ប ផ្ទាល់​បាន​បញ្ជាក់​អោយ​ដឹង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន TVFB ។

អ្នក​នាង ឃ្មឹ​ប ប្រពន្ធដើម​លោក​ហុង ដា ស្ថិត​ក្នុង​ស្ថានភាព​គួ​ឱ្យ​អាណិតអាសូរ​ រកតែ​អង្ករ​ច្រក​ឆ្នាំង​សឹងតែ​ពុំ​បាន​ផងនោះ រូប​នាង​ត្រដរ​រក​លុយ​មក​មើល​កូនប្រុស ក៏​សឹងតែ​មិន​បាន ព្រោះ​គ្មាន​លុយ​មួយ​រៀល​ទេ ។ ក្រោយ​បែក​ពី​លោក​ហុង ដា រយៈពេល​៤​ឆ្នាំ ទើបនាង​មាន​ប្តី​ថ្មី ហើយ​មានកូន​ស្រី​ម្នាក់​ទៀត មាន​អាយុ​៣​ឆ្នាំ សព្វ​ថ្ងៃ​រូប​នាង​ស៊ីឈ្នួលច្រូតស្រូវ​អោយ​គេ និង​ធ្វើស្រែ​ចំការ​អោយ​ពូ​បង្កើត នៅ​ខេត្តបន្ទាយមានជ័យ ។

អង្រុត​សុំ​រំលឹក​ឡើង​វិញ​នូវ​ប្រវត្តិ​ស្នេហា​ខ្លះ​ៗ​ជូន​ប្រិ​យ​មិត្ត​អោយ​បានដឹង​ថា រឿងរ៉ាវ​ស្នេហា​បែកបាក់​ជាមួយ​ប្តី គឺ​នាង​រ៉េ​ន សុធា​រី ហៅ​នាង​ឃ្មឹ​ប កាលពី​ឆ្នាំ​២០១០ ក្រោយ​ឈ្លោះ​គ្នា​ក្នុង​នាម​ជា​ភរិយា-​ស្វាមី ហើយ​បាន​បែក​គ្នា​ទាំង​ចម្រូងចម្រាស ដោយ​បន្សល់​ទុក​នូវ​កូនប្រុស​ពីរ​នាក់ ។ តារា​កំប្លែង​នាង រ៉េ​ន សុធា​រី ហៅ ឃ្មឹ​ប ឫ​ខ្សុច មាន​វ័យ​ប្រមាណ​ជា​៣៥​ឆ្នាំ ។ ឃ្មឹ​ប បាន​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​តាំងពី​ឆ្នាំ​១៩៩៩​មក តាម​រយៈ​ឪពុក​របស់​នាង​គឺ​នាយ ជី វ៉ាន់ស៊ុយ ដែល​បាន​ទទួលមរណភាព​ហើយ ។ នាង ឃ្មឹ​ប បាន​រៀប​ការ​ជាមួយនឹង​នាយ ហុងដា ជា​រាមច្បង​រួម​ក្រុម ហើយ​បង្កើត​បានកូន​ទាំង​២ ក្រោយ​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​១២​ឆ្នាំ ។

នាង រ៉េ​ន សុធា​រី ការ​មានឱកាស​សំដែង​ញឹកញាប់ និង​ទេព​កោសល្យ​ធ្វើ​ឱ្យ​មានការ​គាំទ្រ​ពី​ប្រិ​យ​មិត្ដ​ទស្សនិកជន​នៅ​ទូ​ទាំង​ប្រទេស រហូត​ធ្វើ​ឱ្យ​មាន​កេ​រិ៍្ដ​ឈ្មោះ​ល្បី​ក្នុង​ពិភព​សិល្បៈ​កំប្លែង ។ នាង​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​កំប្លែង និង​ចំរៀង​ប្រពៃណី និង​សម័យ​តាំងពី​កុមារភាព​មក ដោយ​ដំបូង​ច្រៀង​ជាមួយ​ឪពុក​នាង អ្នកចំរៀង​អា​យ៉ៃ​ឆ្លើ​ង​ឆ្លង ។ ពេល​ពេញវ័យ នាង​បាន​រៀប​ការ​ជាមួយ​លោក​អឿ​ន សុខា ហៅ​នាយ ហុងដា​នៅ​ឆ្នាំ​២០០០ ។ ពួក​គេ​មានកូន​ប្រុស​២​នាក់ គឺ​កូន​ទី​១-​ឈ្មោះ​ថា​រី សុខ​ខេន គិត​មក​ដល់​២០១៧​នេះ អាយុ​ប្រហែល​១៦​ឆ្នាំ និង​ទី​២-​ឈ្មោះ​ថា​រី សុខ​ខេ​ម អាយុ​៩​ឆ្នាំ ។

រហូត​ដល់​ដើមឆ្នាំ​២០១០ អ្នក​ទាំង​២ បាន​ចែកផ្លូវ​គ្នា​ដើរ​ដោយ​លែងលះ​គ្នា ហើយ​នាយ ហុងដា ជ្រើសរើស​យក​កូនប្រុស​ច្បង​ទៅ​ចិញ្ចឹម រីឯ​នាង​ឃ្មឹ​បយក​កូនប្រុស​ប្អូន​ទៅ​ចិញ្ចឹម ។ ទោះជា​យ៉ាងនេះ​ក្ដី​គូ​ស្វាមី​ទាំង​២​បាន​រាប់អាន​គ្នា​ជា​បងប្អូន​វិញ​ម្ដង ។ បញ្ហា​លែងលះ​គ្នា​រវាង​នាយ​ហុងដា និង​នាង​ឃ្មឹ​ប​នេះ ដំបូង​ជា​បញ្ហា​កើតឡើង​បន្ដិចបន្ដួច​ដោយ​នាង​ចោទ​ថា នាយ​ហុងដា​ដើរ​លេង​ផឹកស៊ី​ពេល​យប់​មិន​គិត​ប្រពន្ធ​កូន​ស្ទើរ​រាល់ថ្ងៃ ។ មាន​ពេល​ខ្លះ​នាង​ឃ្មឹ​ប​ព្រមាន​នាយ​ហុងដា​ថា បើ​មិន​កែ​ចរិត​ទេ​នោះ នាង​នឹង​លែងលះ ។ ចំណែក​នាយ​ហុងដា បាន​ចោទប្រកាន់​នាង​ឃ្មឹ​ប​វិញ​ថា ដោយសារ​នាង​ឃ្មឹ​ប​ចេះ​តែ​រករឿង​នាយ​ពេក ទើប​នាយ​ដើរ​លេង​យប់ ។ ការ​ប្រេះឆា​គ្នា​បន្ដិច​ម្ដង​ៗ ជា​ច្រើន​ខែ​រហូត​ដល់​ដើមឆ្នាំ​២០១០ រឿងរ៉ាវ​បាន​បញ្ចប់​ដោយ​ការ​លែងលះ​គ្នា ចែកទ្រព្យ​សម្បត្ដិ និង​ចែក​កូន​គ្នា​ម្នាក់​មួយ ។

ការ​លែងលះ​គ្នា​នេះ នាង​ឃ្មឹ​ប​និយាយ​ថា ពួក​គេ​មិន​បាន​លែងលះ​ដល់​តុលាការ​ទេ គឺ​សំរេចចិត្ដ​ត្រឹមតែ​ភូមិ​-​ឃុំ​-​សង្កាត់​ប៉ុណ្ណោះ ។ នាង​ឃ្មឹ​ប​និយាយ​ថា ក្រោយ​ពី​លែងលះ​ជាមួយ​ប្ដី​៦​ទៅ​៧​ខែ​មក នាង​មិន​ទាន់​ជាប់​ពាក់ព័ន្ធ​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ទេ ៤​ឆ្នាំ​ក្រោយ​ទើប​នាង​សម្រេចចិត្ត​យកប្តី​ថ្មី តែ​ចំណែក​នាយ​ហុងដា អតីត​ប្ដី​របស់​នាង​វិញ មាន​ស្រី​ថ្មី​ទៀត​ហើយ​តាំងពី​មិន​ទាន់​លែងលះ​គ្នា​ម្ល៉េះ ។ ការ​លែងលះ​នេះ គឺ​មក​ពី​រស់​មិន​ចុះសំរុង​នឹង​គ្នា​ដោយសារ​ការ​ប្រចណ្ឌ ។

ក្រោយ​ពី​លែងលះ​គ្នា​រួច​ហើយ លោក​អឿ​ន សុខា ហៅ​នាយ ហុងដា បាន​ជួបនឹង​ប្រពន្ធ​ទី​២​របស់​លោក​មានឈ្មោះ​ថា ស៊ឹ​ម ច​ន្ធី ហៅ​អាកា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ប្រពន្ធ​ក្រោយ​ទើប​បង្កើត​បានកូន​ស្រី​ម្នាក់ អាយុ​៦​ខែ ។ នាង​ក៏​ត្រូវ​ឃាតក​រឹត​.​ក​សម្លាប់​នឹង​ខ្សែ​ឆ្នាំងអ៊ុត ក្នុង​បន្ទប់​គ្មាន​លេខ អគារ​ខុន​ដូរ ជាន់​ទី​៥ ស្ថិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ម៉ោង​១១​និង​៤១​នាទី ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៧​នេះ ។ ជនសង្ស័យ​ជា​កូនប្រុស​ដែល​ធ្វើ​សកម្មភាព​រឹត​.​ក​សម្លាប់​ស្ត្រី​ជា​ម្តាយ​ក្រោយ ត្រូវ​ចាប់ខ្លួន​បាន​កាល​រសៀល​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៧ និង​ប​ញ្ចូ​ន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ២០១៧ នេះ ដោយ​ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ហើយពី​បទ «​ឃាតកម្ម​គិត​ទុកជា​មុន​» ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ៕

Comments

comments