ព្រះរាជា​សៀម​មួយ​ព្រះ​អង្គ​ដែល​បាន​ស្នងរាជ្យ​មាន​ព្រះ​នាម​ថា ព្រះ​ចៅ​រា​មា បើ​តាម​ពង្សាវតា​ខ្មែរ​ហៅ​ថា ចៅ​សំ​ភ្យា​ចាន់ បាន​សោយរាជ្យ​ក្នុង​ឆ្នាំ​១៣៨៨ ។ ព្រះរាជា​អង្គ​នេះ មាន​ព្រះ​ទ័យ​លោក​ភ​លន់ ចង់​វាតទី​ទឹកដី​ណាស់ ក៏​ចាត់​ឲ្យ​កេណ្ឌ​ទ័ព​ជា​ច្រើន ចាត់​ឲ្យ​ព្រះរាជបុត្រ​ព្រះ​នាម​ព្រះ​ឥន្ទ្រា​រាជា​កាន់ រួច​បាន​បញ្ជា​ឲ្យ​ចេញ​មក​វាយ​ដណ្តើម​ព្រះរាជាណាចក្រ​ខេមរា​ខ្មែរ ឬ​ព្រះរាជាណាចក្រ​កម្ពុជា សព្វថ្ងៃ នេះ​បើ​យោង​តាម​ការ​សិក្សា​រវាង​ឆ្នាំ ១៣៥៧ រហូត​មក​ដល់​ឆ្នាំ ១៣៩៤ ។

តប​ទៅ​នឹង​មហិច្ឆតា​របស់​សៀម ព្រះរាជា​ខ្មែរ បាន​រៀបចំ​កងទ័ព​ជាង​៤​កង ដាក់​ក្រោម​បញ្ជា​របស់​ពញា​កែវ ពញា​តី ត្រូវជា​ចៅ​ពញាយ៉ាត​(​ជាប់សាច់​រាជវង្ស​) និង​ចៅ​ហ្វ៊ា​ទ​ល្ហៈ ជា​នាយក​រដ្ឋមន្ត្រី​ ឲ្យ​ទប់ទល់​នឹង​ទ័ព​សៀម ។ សៀម​បើក​ការ​វាយប្រហារ​៣​ដងផ្ទួន​ៗគ្នា​យ៉ាង​សាហាវ​ ក្នុង​ពេល​តែ​មួយ ប៉ុន្តែការ​ទប់ទល់​ពី​សំណាក់កងទ័ពរបស់​ខ្មែរ ដ៏​អង់អាច​ខ្លា​ហាន​ណាស់​ដែរ ធ្វើអោយទ័ព​សៀម​រង​របួស​យ៉ាងដំណំ ព្រោះ​ប្រជាជន​ជួយ​គប់​ដុំ​ថ្ម​ចេញពី​ជញ្ជាំង​មក ។ ទ័ព​សៀម​បាន​ព័ទ្ធ​រាជធានី​ខ្មែរ អស់​ពេល​៧​ខែ ​តែ​ធ្វើ​អ្វី​មិន​បាន ។

ពេល​នោះ​ស្តេច​សៀម​ធ្វើ​កល​ល្បិច ធ្វើជា​ចោទ​ទាហានខ្លួន​៦​នាក់​ថា បាន​ប្រព្រឹត្ត​ខុស​ឲ្យ​គេ​ដាក់​ទ័​ណ្ឌ​កម្ម​ដោយ​វាយ​នឹង​រំពាត់ផ្តៅ ម្នាក់​៥០​រំពាត់​ នៅ​មុខទ័ព​ខ្មែរ ។ យប់​ឡើង​គេ​ឃើញ​ទ័ពសៀម​ទាំង​៦​នាក់នោះ​ ​មាន​គូសសញ្ញាជើងក្អែក​លើ​ថ្ងាស់​ផង មក​បង្ហាញខ្លួន​នឹង​មុខកំផែង​ទ្វារ ហើយនិយាយ​ថា ស្តេច​សៀម​អយុត្តិធម៌ ដាក់ទោសពួកគេ​មិន​ត្រឹមត្រូវ ពួកគេ​អាចរត់​ចេញ​មកបាន ដោយសារ​កាច់​​បំបាក់​ខ្មោះ ហើយ​ពួកគេ​សូម​បម្រើ​ខ្មែរ ដើម្បី​សងសឹក​នឹង​ស្តេច​សៀម​វិញ ។

ទ័ពខ្មែរបាន​នាំ​អ្នក​ទាំង​៦​នាក់​នោះ​ទៅ​ចូល​គាល់​ព្រះរាជា ហើយ​នៅ​ពេល​ដែល​ព្រះរាជា​ កំពុងព្រះ​សណ្តាប់តាមរបាយការណ៍​របស់​ពួក​នោះ មាន​មន្ត្រី​មួយ​រូប​បាន​មក​រាយការណ៍ថ្វាយ​ព្រះអង្គ​ថា ពួក​សៀម​ទើបតែលើក​ឬ​ស្សី​មួយ​ដើម​នៅ​ចំ​ពីមុខ​ច្រក​ទ្វារ​កំផែង​ខាងលិច ​ដើម​ឬ​ស្សី​នោះ ​មាន​ដោត​ក្បាល​អ្នកយាម​ ដែល​ប្រហែស​ធ្វើ​ឲ្យ​អ្នក​ទោសទាំង​៦​នោះ​រត់​រួច ។

ព្រះរាជា​រឹតតែ​ជឿ​លើ​រឿង​ទាំង​អស់នេះ​ កាន់តែជឿថែម​ទៀតនៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ក្នុងចំណោមអ្នកទាំង៦មាន​២​នាក់​បាន​ស្លាប់ ។ ទ្រង់​បាន​ឲ្យ​រង្វាន់​៤​នាក់​ដែល​នៅ​សល់ ហើយ​បាន​ឲ្យនាម៉ឺន​សព្វ​មុខមន្ត្រី​ យកចិត្ត​ទុកដាក់ថែទាំ​ថែម​ទៀត​​ ​។ ពួក​នេះ​បាន​ចូលរួម​ប្រយុទ្ធ​ក្នុង​ជួរ​ទ័ព​ខ្មែរ​ប្រឆាំង​នឹង​សៀម​គ្រប់​លើក ហើយ​បាន​បង្ហាញ​ស្នាដៃ​ជា​ច្រើន ធ្វើ​ឲ្យ​មេកង​ខ្មែររបស់​ក្រុមពួក​គេ​ទុកចិត្ត​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​រាល់ពេល​ដែល ទ័ព​ខ្មែរ​រៀបចំធ្វើ​ប្រតិបត្តិការម្តងៗ ពួក​នេះ​តែងតែ​សរសេរ​លិខិត​ផ្តល់​ព័ត៌មាន​អំពី​ថ្ងៃខែ​ទីកន្លែង និង​ពេល​ប្រតិបត្តិការ ចង​ជាប់​ជាមួយ​ព្រួញ​ រួច​បាញ់​ទៅ​ក្នុង​ជំរំ​ទ័ព​សៀម​ជា​និច្ច ​។

ថ្ងៃមួយ​ការ​ប្រយុទ្ធ​ចាប់ផ្តើមតាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​ល្ងាច ធ្វើ​ឲ្យ​ទាហាន​ទាំង​សងខាង​ស្លាប់​ពេញ​សមរគូមិ ស្រាប់តែ​ពួក​សៀម​ទាំង​៤​នាក់ ​ដោយ​មានការ​ជួយ​ពី​ពញា​កែវ និង​ពញា​តី (ខ្សែរាជវង្ស​ខ្មែរដែល​ត្រូវ​បានគេ​បញ្ចុះបញ្ចូល​ឱ្យ​ក្បត់) បើកទ្វារ​កំផែងខាងលិច​ឱ្យ​ខ្មាំង​ចូល​។ ពួក​សៀម​ទាំង​៤​ត្រូវ​បានសំលាប់​នៅ​នឹងកន្លែងដែរ ប៉ុន្តែ​អ្វី​ៗ​ហាក់ដូចជា​យឺត​ពេល​ទៅ​ហើយ ពួក​សៀម​ក៏​ដណ្តើម​បាន​រាជធានី​ពេល​នោះ​ទៅ ។ ព្រះរាជាខ្មែរ ​ក៏​ត្រូវ​ទ័ព​សៀម​ធ្វើ​គត ខ្មែរ​ត្រូវ​ដាក់អាវុធ​ចុះចាញ់ នៅ​ក្នុង​ឆ្នាំ​១៣៩៤ ។

សៀម​បាន​ចាប់​មន្ត្រី​នាម៉ឺន​ជា​ច្រើន​ធ្វើ​ជា​ឈ្លើយសឹក ប៉ុន្តែ​មាន​អ្នកមួយ​ចំនួន​ក៏​រត់​រួច​ផង​ដែរ​ដូច​ជា ចៅ​ពញាយ៉ាត និង​ពួក​ព្រាហ្មណ៍​បុរោហិត ដោយ​នាំ​យក​ព្រះខ័នរាជ្យ លំពែង​រាជ​របស់​តា​ចាយ និង​កេតនភណ្ឌ​របស់​រាជា​និយម​ខ្មែរ ទៅ​ជាមួយ​ផង ។ ស្តេច​សៀម​ក៏​បាន​សោយរាជ្យ​ព្រះ​នាម​ថា ឥន្ទ្រា​រាជា ។ ក្រោយ​អភិសេក​ឡើងជាស្តេចបានបន្តិច​ព្រះរាជា​សៀម​អង្គ​នេះ​បាន យាង​កាត់​មហា​ប្រាសាទ ទ្រង់​នឹង​ឆ្ងល់ ក៏​សួរ​ថា ហេតុ​អ្វី​ក៏​ព្រះរាជ​តំណាក់​ដ៏​ល្អ​នេះ​មាន​បន្ទប់​ច្រើន​ម្លេះ ? ពេល​នោះ​មន្ត្រី​ខ្មែរ​ម្នាក់​បាន​ទូល​ថ្វាយ​ថា បន្ទប់​ទាំង​អស់នោះ​គឺ​សម្រាប់​ទទួល​រាជបុត្រ​របស់​ស្តេច សាមន្តរាជ ទាំងឡាយ​ដែល​ត្រូវ​បញ្ជូន​មក​កាន់​វាំង​កម្ពុជា ។

ស្តេច​សៀម​ក៏​ប្រទះ​ឃើញ​ព្រះ​គោ ស្តេច​សៀម​សួរ​ថា តើ​ជា​អ្វី ? មន្ត្រី​ខ្មែរ​ម្នាក់​បាន​ទូល​ថ្វាយ​ថា ព្រះ​បដិមា​ព្រះ​គោ សាង​ឡើង​តាំងពី​យូរយារ​ណាស់​មក​ហើយ ក្នុង​សម័យ​កម្ពុជា​ជា​ប្រទេស មហាអំណាច​សម្រាប់ ដាក់​គម្ពី​ព្រះ​ត្រៃបិតក ។ គេ​គោរព​បូជា​ព្រះ​គោ​នេះ ហើយ​ចាត់​ទុក ថា ជា​ព្រះ​ផ្នូល​នៃ​ព្រះរាជាណាចក្រ ។ ស្តេច​សៀម​ពេញចិត្ត​នឹង​ចម្លើយ​នេះ​ណាស់ ហើយ​នៅ​ពេល​ដែល​យាង​ត្រឡប់​ទៅ​ស្រុក​សៀម​វិញ ទ្រង់​បាន​នាំ​យក​ព្រះ​គោ​នោះ និង​ព្រះ​ពុទ្ធិ​បដិមា​ជា​ច្រើន​ដែល​សាង​ពី​មាស និង​ប្រាក់ យក​ទៅ​ជាមួយ​ផង ។ ទ្រង់​ក៏​បាន នាំ​ទៅ​ផង​ដែរ​នូវ​អ្នក​កាន់សាសនា​ខ្មែរ ពួក​ក្បត់​ពញា​កែវ ពញា​តី និង​អ្នកស្រុក ជា​ឈ្លើយសឹក​ចំនួន​៧​ម៉ឺន​នាក់ ។

ចំណែក​ព្រះ​ឥន្ទ្រា​រាជា​ដែល​ស្តេច​សៀម​ឱ្យមក​គ្រង​រាជ​នៅ​រាជធានី​ខ្មែរ​វិញ បាន​រក​ឃើញ កេតនភណ្ឌ​រាជា​និយម​ខ្មែរ​ឃើញ ព្រោះថា បើ​គ្មាន​វត្ថុ​ទាំង​អស់នោះ​ទេ គេ​មិន​អាច​សោយរាជ​ពេញ​លក្ខណៈ​ជា​ព្រះរាជា​បាន​ឡើយ ។ ដោយ​ភ័យ​ខ្លាច​គេ​លួច​ទៅ​វិញ ទ្រង់​ថា នឹង​ពិចារណារ​បញ្ជូន​វត្ថុ​នោះ​ទៅ​អយុធ្យា ស្រាប់តែ​ផ្គរលាន់​រំពង​ឡើង ហើយ​ភ្លៀង​ក៏​បង្អុរ​ធ្លាក់​មក​យ៉ាង​ខ្លាំង ពេញ​មួយ​រាត្រី មុន​ថ្ងៃ​ដែល​ត្រូវ​បញ្ជូន​ចេញពី​រាជធានី​ឥន្ទបត្ត (អង្គរធំ​បច្ចុប្បន្ន​) ធ្វើ​ឲ្យ​ស្តេច​សៀម​អង្គ​នោះ​ភិតភ័យ ហើយ​ទ្រង់​សុបិន​ថា មាន​អតីត​ព្រះរាជា​ខ្មែរ​មួយ​អង្គ​មក​គង់​ពីលើ ហើយ​ព្រមាន​ព្រះរាជា​សៀម​នោះ​ថា នឹង​ធ្វើបាប​ព្រះ​អង្គ បើ​ព្រះ​អង្គ​ប​ញ្ចូ​ន​កេ​ត​ភណ្ឌ​ទាំងនោះ​ទៅ​ស្រុក​សៀម​មែន ។ ព្រះ​អង្គ​ភ័យ​ខ្លាច​ក៏​សម្រេច​ទុក​កេ​ត​ភណ្ឌ​ទាំងនោះ នៅ​រាជធានី​នឹង​ឥន្ទបត្ត​វិញ​ទៅ ៕

(​សូម​បញ្ជាក់​ថា ប្រវត្តិសាស្ត្រ​ខ្មែរ​នេះបើ​តាម​ប្រភព​ពី bizdoctors.asia បាន​ដកស្រង់​ចេញពី​សៀវភៅ អា​ដេ​ម៉ារ ឡឺ​ក្លែ​រ ត្រង់​ទំព័រ​១៨២ ដល់​១៨៧)

Comments

comments