ភ្នំពេញ ៖ បន្ទាប់ពីអង្រុតបានចុះផ្សាយអត្ថបទមួយមានចំណងជើងថា «លោក ខៃ ប្រសិទ្ធ ទើបទិញហាងអាហារថៃថ្មី ក្នុងទឹកដីអូស្ត្រាលី» រួចមក នៅម៉ោង៨ព្រឹកថ្ងៃទី១៨ ឧសភា ២០១៧ លោក សាវិន ហ្វីលីព បានរំលេចសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន បានអោយដឹងថា អត្ថបទរបស់ព័ត៌មាន«អង្រុត» គ្មានបានធ្វើការសម្ភាសន៍ ជាមួយលោកនិងលោកខៃ ប្រសិទ្ធ សូម្បីមួយម៉ាត់! ហើយលោកមិនបាននិយាយថា បងសិទ្ធកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី ជាមួយភរិយាក្រោយហើយមានកូន៣-៤ ថែមទៀតទេ(បើមានសំលេងសំភាសន៍ខ្ញុំ សូមជួយចាក់ផ្សាយអោយខ្ញុំស្ដាប់ផង) ។
«អង្រុត» សូមអភ័យទោសផងដែរចំពោះលោក សាវិន ហ្វីលីព គឺជាតារាសម្តែងជើងចាស់ និងជាប្រធានមូលនិធីសាវិនកម្ពុជា ដែលមិនបានសម្ភាសន៍ជាមួយលោកមុនធ្វើការចុះផ្សាយ ព្រោះមិនស្គាល់លេខទូរស័ព្ទដើម្បីទំនាក់ទំនងទៅលោក ។ ជាមួយគ្នានេះដែរ«អង្រុត» សុំធ្វើការកែតម្រូវអត្ថបទឡើងវិញ ដើម្បីចៀសវាងចុះផ្សាយគ្មានមូលដ្ធានច្បាស់លាស់ ។
អត្ថបទកែតម្រូវ ៖ អតីតតារាភាពយន្តខ្មែរដ៏ល្បីល្បាញនៅក្នុងអំឡុងទសវត្សទី៨០និង៩០ លោក ខៃ ប្រសិទ្ធ បានបង្ហាញវត្តមានរូថតថ្មីរបស់លោកជាមួយនឹងរថយន្ត Range Rover និងវិឡាធំមួយ ក្នុងទឹកដីនៃប្រទេសអូស្ត្រាលី នេះបើយោងតាមហ្វេសប៊ុកផ្ទាល់របស់លោក ហ្វីលីព បានផ្សាយនៅម៉ោង៧ព្រឹក ថ្ងៃទី១៥ ឧសភា ២០១៧ នេះ ។
ម្ចាស់គម្រោងសប្បុរសធម៌ “សាវិនកម្ពុជា” លោក សាវិន ហ្វីលីព បានអោយដឹងតាមរយៈខមិនថា លោក ខៃ ប្រសិទ្ធ មិនសូវមានពេលទំនេរលេងនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះទេ ព្រោះបងសិទ្ធ រវល់នឹងហាងអាហារថៃថ្មី ដែលគាត់ទើបតែទិញបើកថ្មី ។ បច្ចុប្បន្ន លោក ខៃ ប្រសិទ្ធ រស់នៅក្នុងរដ្ឋ Brisbane ប្រទេសអូស្ត្រាលី ជាមួយកូនប្រុសឈ្មោះ ខៃ សិទ្ធលីសក្ខ័ ហៅ Michael ដែលមានអាយុ ២៥ឆ្នាំ ហើយលោកមានតួនាទីជាឪពុកផង និងជាម្ដាយផង តស៊ូចិញ្ចឹមកូនប្រុសគាត់ម្នាក់ឯងរហូតមកដល់ថ្ងៃនេះ ។
គួរបញ្ជាក់ផងដែរថា លោក សាវិន ហ្វីលីព ជាតារាភាពយន្តខ្មែរ ក្រៅពីអាជីពជាតារាសម្តែងដ៏មានប្រជាប្រិយភាពដែលទទួលបានភាពជោគជ័យប៉ុណ្ណោះទេ លោកក៏ជាប្រធានមូលនិធីកុមារសាវិនកម្ពុជា ដែលបានចុះជួយដល់កុមារកម្ពុជាជាច្រើននាក់ឲ្យរួចផុតពីគ្រោះអវិជ្ជាផងដែរ ។ ម្ចាស់គម្រោងសាវិនកម្ពុជា ដែលជាអ្នកស្វែងរកជំនួយផ្ដល់អណ្ដូងទឹកស្អាតដល់សហគមន៍ក្រីក្រ ដើម្បីជួយកុមារ និងជនពិការនោះ មូលនិធិរបស់លោក បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់សប្បុរសជននានា ៕