ភ្នំពេញ ៖ ប្រិ​យ​មិត្ត​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​ច្បាស់​ជា​ស្គាល់​កំពូល​អ្នក​ប្រដាល់​លេង​ស្នៀត​ជើង​យ៉ាង​សាហាវ​ម្នាក់​គឺ​លោក សេន ប៊ុ​ន​ថេ​ន ទើបតែ​បាន​ហាង​បោក​អ៊ុត​ទំនើប នា​ពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​បន្ថែម បន្ទាប់​ពី​អាជីព​ប្រដាល់​របស់​លោក​ទំនង​ដូច​ជា​មិន​អាច​បន្ត​ទៅមុច​បាន​យូរទៀត ​ក៏​ដោយសារ​​តែ​វ័យ​កាន់តែ​ច្រើន​នោះ​ ។

ការ​បើក​មុខរបរ​ថ្មី​នេះ កីឡាករ សេន ប៊ុ​ន​ថេ​ន បាន​ថ្លែងប្រាប់​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា រូប​លោក និង​ភរិយា បាន​សម្រេច​បើក​ដំណើរការ​ហាង​មួយ​កន្លែង ទាំង​អារម្មណ៍​ភ័យ​ព្រួយ ដោយ​ខ្លាច​ដំណើរការ​មិន​បាន​ជោគជ័យ ព្រោះ​លោក​ទើបតែ​បើកហាង «​បោក​អ៊ុត​ទំនើប សេន ប៊ុ​ន​ថេ​ន​» មួយ​កន្លែង នា​ប៉ុន្មាន​ថ្ងៃមុន​នេះ នៅផ្ទះ​លេខ​4D ផ្លូវ ២៧១ ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ពាក់ព័ន្ធ​នឹង​ការ​បើកហាង​បន្ថែម​អាជីព​ថ្មី​មួយ​នេះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ចាស់វស្សា​បាន​និយាយ​ថា ការ​បើកហាង​នេះ​រូប​លោក​បាន​ខិតខំ​សន្សំ​ប្រាក់​ដោយ​ញើស​ឈាមពី​ការ​ឡើង​សង្វៀន​ប្រដាល់ ដែល​ប្រមូល​បាន​ប្រមាណ​ជាង​៤​ពាន់​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ទិញ​សម្ភារៈ និង​ជួល​ផ្ទះ​គេ បើកហាង ។ ជាមួយ​គ្នា​នេះ​ដែរ លោក​គ្មាន​សមត្ថភាព​ជួល​បុគ្គលិក​ឲ្យ​ជួយ​ដល់​ការងារ​បោក​អ៊ុត​នេះ​ឡើយ ។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​កីឡាករ​សេន ប៊ុ​ន​ថេ​ន វិញ​បានអោយ​ដឹង​ថា មុខរបរ​ថ្មី​សំរាប់​ចិញ្ចឹមជីវិត សង្ឃឹមថា របរ​នេះ​នឹង​ជួយ​អោយ​ជីវភាព​គ្រួសារ​ខ្ញុំ​បាន​រីក​ចម្រើន ។ សូម​បងប្អូន​ជួយ​គាំទ្រ​ផង​ណា សង្ឃឹមថា នឹង​មាន​បងប្អូន​ជួយ​គាំទ្រ​ហាង​បោក​អ៊ុត​ទំនើប សេន ប៊ុ​ន​ថេ​ន ព្រោះ​ហាង​មាន​សេវាកម្ម ដឹក​ជ​ញ្ចូ​ន​ដល់​ផ្ទះ ៕
បោក​អ៊ុត​នៅ​ហាង សេន ប៊ុ​ន​ថេ​ន ស្មើនឹង​ជួយ​គាំទ្រ​អ្នក​ប្រដាល់​ខ្មែរ​ម្នាក់​ !

Comments

comments