ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​និង​ជា​ថៅកែ​វិទ្យុ​សំបុក​ឃ្មុំ​សំលេង​ប្រជាពលរដ្ឋ FM105 លោក ម៉​ម សូណ​ង់​ដូ​បាន​និយាយ​ថា ប្រសិនបើ​ឃុំ​-​សង្កាត់​ណា ដែល​បក្ស​លោក​ឈ្នះ​ឆ្នោត លោក​នឹង​បង្កើត​ក្លឹ​ប​កីឡា​ដើម្បី​ឲ្យ​យុវជន​ហាត់ប្រាណ ព្រោះ​លោក​យល់​ថា សុខភាព​ល្អ​គឺជា​កត្តាចាំបាច់​សម្រាប់​មនុស្ស​ម្នាក់​ៗ ។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ​ព័ត៌មាន​អន​ឡាញ​ក្នុងស្រុក​មួយ លោក ម៉​ម សូណ​ង់​ដូ ក៍បាន​បញ្ជាក់​អំពី​គោលនយោបាយ​របស់​គណបក្ស​លោក​ដែល​មាន​ជា​អាទិ៍​៖ សម្អាត​អំពើ​ពុក​រលួយ គ្រឿងញៀន ល្បែងស៊ីសង បម្រើសេវា​សាធារណៈ ដោយ​គោរព​តាម​ច្បាប់​កំណត់​។ ប្រជាពលរដ្ឋ​ត្រូវ​មាន​បាយ​ទទួលទាន មាន​ពេទ្យ​ព្យាបាល មានការ​សិក្សា​ប្រកបដោយ​គុណភាព និង​ក្រមសីលធម៌​។ ការពារ​ដីធ្លី​លំនៅ​ដ្ឋា​ន និង​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់ និង ជួសជុល កសាង​បន្ថែម ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា លូ​បង្ហូរទឹក ផ្លូវលំ ស្ពាន ទំនប់​ទឹក ប្រឡាយ​ទឹក ស្រះ​ទឹក អណ្តូងទឹក​។

បើតាមលោកម៉ម សូណង់ដូ ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​មានបេក្ខជនបេក្ខនារីឈរឈ្មោះ​បោះ​ឆ្នោត​ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ខាងមុខនេះមានចំនួន២៥០នាក់ ក្នុងនោះខេត្តព្រៃវែង​ច្រើនជាងគេ ៕