ភ្នំពេញ ៖ កីឡាករ ទូច បញ្ច​រ៉ុ​ង ខ្សែការពាររបស់​ក្លិប​បឹង​កេ​ត ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាតាម​រយៈ​គណៈកម្មការ​វិន័យកាលពី​ថ្ងៃ​ទី​៣១ ឧសភា ២០១៧ នេះដោយបាន​ចេញ​សេចក្ដីសម្រេច​ព្យួរ ក្រោយ​ពី​កីឡាករ​រូប​នេះ ប្រើ​អំពើ​ហិង្សា ដោយ​ចេតនា​លើ​អាជ្ញាកណ្ដាល ក្នុង​ជំនួបជា​មួយ​​ក្រុម​ភ្នំពេញ​ក្រោ​ន ដោយ​ប្រកួត​ចាញ់ ២-១ នៅ​ស​ប្ដា​ហ៍​ទី​១២ នៃ​ក្របខ័ណ្ឌ​លី​ក​កំពូល​របស់​កម្ពុជា កាលពី​ពេល​ថ្មី​ៗ កន្លង​ទៅ​នេះ ។

សេចក្ដីសម្រេច​នេះ ត្រូវ​ដាក់​ពិន័យ​ចំពោះកីឡាករ ទូច បញ្ច​រ៉ុ​ង មិន​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​នានា រហូត​ដល់​៨​ខែ និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល ។ មុន​ការ​ពិន័យ​នេះ​កីឡាករ ទូច បញ្ច​រ៉ុ​ង ក៏​ត្រូវ​បាន​ក្លិប​កាត់​ប្រាក់ខែ​មួយ​ផ្នែក និង​ព្រមាន​មិន​ឲ្យ​មាន​សកម្មភាព​ខុសឆ្គង​បែប​នេះ​ទៀត​ផង​ដែរ ។ សាមីខ្លួន​មាន​សិទ្ធិ​ប្តឹង​ទៅ​គណៈកម្មការ​ឧទ្ធរណ៍ សហព័ន្ធ​បាល់ទាត់​កម្ពុជា​ក្នុង​រយៈពេល​៥​ថ្ងៃ ក្រោយ​ថ្ងៃ​ចេញ​សេចក្តីសម្រេច​នេះ ​។ បើ​ពុំ​មានបណ្តឹងឧទ្ធរណ៍​ក្នុង​រយៈពេល​៥​ថ្ងៃ សេចក្តីសម្រេច​នេះ​ចូល​ជា​ធរមាន​ ។

សូម​បញ្ជាក់​ថា ការ​ប្រើ​ហិង្សា​របស់​កីឡាករ ទូច បញ្ច​រ៉ុ​ង ដោយសារ​ខឹង​អាជ្ញាកណ្ដាល​ផ្ដល់​កាត​ក្រហមមួយ បន្ទាប់ពីទទួលបាន​កាត​លឿង​២​ដង​ ​ក្រោយ​បង្កកំហុស​ជាមួយ​កីឡាករ​ក្រុម​ភ្នំពេញ​ក្រោ​ន ។ ភ្លាមៗនោះកីឡាករ ទូច បញ្ចរ៉ុង បានសម្ដែងការមិនពេញចិត្ត បានបញ្ចេញសកម្មភាពដោយបានប្រើក្បាលទៅ​​​បុកប៉ះ​​​ទង្កិច​ចំ​កណ្តាល​ផ្ទៃមុខរបស់អាជ្ញាកណ្ដាល ធ្វើឲ្យ​អាជ្ញាកណ្តាលដួលនៅលើទីលានផ្ទាល់តែម្ដង ។

បើ​តាមលោក បែ មក​រា ​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​បឹង​កេ​ត បាន​ឲ្យ​ដឹង​ថា ក្លិប​បាន​សម្រេច​ដាក់​លិខិត​សុំ​តវ៉ាឲ្យ​សហព័ន្ធ​បាល់ទាត់​កម្ពុជា បន្ធូរបន្ថយ​ទណ្ឌកម្ម​ដល់​កីឡាករ​រូប​នេះ ដែល​ការ​ដាក់​ទណ្ឌកម្ម​នេះ ​លោក​យល់​ថា ហាក់​ធ្ងន់ធ្ងរ​ពេក​សឹងតែ​បញ្ចប់​អាជីព​របស់​កីឡាករ​រូប​នេះ​តែម្តង ។ លោក​បញ្ជាក់​ថា ការ​បង្កកំហុស​នេះ​គឺជា​លើក​ទី​១​ ដូច្នេះ​សហព័ន្ធ​គួរតែ​ផ្ដល់​ឱកាសឲ្យ​កែខ្លួន ៕

Comments

comments