ភ្នំពេញ ៖ លោក អ៉ិ​ត សេដ្ឋា ពិធីករ​ដ៏​ល្បីឈ្មោះ បាន​ទទួលមរណភាព​នៅ​ម៉ោង​ប្រមាណ​២​និង​២៥​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ក្រោយ​ក្រុម​គ្រូពេទ្យ​ព្យាយាម​ជួយ​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន ព្រោះ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក នេះ​បើ​យោង​តាមលោក ហេង ឡុ​ង បានអោយ​ដឹង​នៅ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ។

សព​លោក អ៊ិ​ត សេដ្ឋា ពិធីករ​ដ៏​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍ CTN ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​ទុក និង​បូជា​នៅ​វត្ត​ឧត្តរា​វ​ត្តី ស្ថិត​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ជិត​ស្ថានីយ៍ទូរទស្សន៍ CTN ។

សូម​បញ្ជាក់​ថា លោក អ៉ិ​ត សេដ្ឋា ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី នៅ​ម៉ោង​ប្រមាណ​នៅ​ម៉ោង​១១ និង​២៧​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា នេះ ដោយ​មានការ​យកចិត្តទុកដាក់ និង​ជ្រុម​ជ្រែង​យ៉ាង​ខ្លាំង​ពី​សំណាក់​បងប្អូន​ក្រុម​តារា​កំប្លែង​នាយ ពែ​ក មី រួម​ជាមួយ​លោក ហេង ឡុ​ង និង​សិល្បករ​ខ្មែរ​មួយ​ចំ​នួ​ន​ទៀត ព្រម​ជាមួយនឹង​សប្បុរ​ជន​ជា​ច្រើន​ផង​ដែរ ។

ការ​បញ្ជូន​លោក អ៊ិ​ត សេដ្ឋា ពី​ផ្ទះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រុ​ស្សី នេះ បន្ទាប់​ពី​អាកា​រៈ​ជំងឺ​បាន​ចាប់ផ្តើម​ធ្វើទុក្ខ​មិន​ស្រួល​ខ្លាំង​ឡើង​ៗ រហូត​ធ្វើ​អោយ​លោក អ៊ិ​ត សេដ្ឋា លែង​ដឹងខ្លួន ។

ពិធីករ​ទូរទស្សន៍​ដែល​មានឈ្មោះ​បោះ​សំលេង​ល្បី​មួយ​រូប​គឺ «​លោក អ៊ិ​ត សេដ្ឋា កំពុង​មាន​ជម្ងឺ​ស្គមស្គាំង​និង​ប៉ោង​ពោះ លោក​មាន​ជម្ងឺថ្លើម ឈាន​ទៅ​កើត​ទាច​ទឹក ប្រឈម​នឹង​ជីវិត​» នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ហេង ប៊ុ​ន​លាភ បានផុសកាលពីថ្ងៃទី៣ មិថុនា ម្សិលមិញនេះ ។

សូម​រំលឹក​ពី​ប្រវត្តិ​ខ្លះ​ៗ​របស់​លោក អ៊ិ​ត សេដ្ឋា ពិធីករ​ទូរទស្សន៍​ស៊ី​ធី​អិន មុន​ពេល​ធ្លាក់ខ្លួន​ឈឹ បើ​តាម​ការ​ផ្តល់​សម្ភាសន៍​ឲ្យ​វិទ្យុ​បារាំង​ផ្សាយ​ជា​ភាសារ​ខ្មែរ​(RFI) លោក​អ៊ិ​ត សេដ្ឋា កើត​នៅ​ឆ្នាំ​១៩៧០ នៅ​ស្រុក​មោ់ង​ឬ​ស្សី ខេត្តបាត់ដំបង ។ លោក​មាន​ឪពុក​ឈ្មោះ អ៊ិ​ត ប្រង ម្តាយ​ឈ្មោះ យាន សំ​អឿ​ន ។ លោក អ៊ិ​ត សេដ្ឋា ជា​កុមារ​នៅ​ក្នុង​របប​ប៉ុ​ល​ពត ក្នុង​ពេល​នោះ​ប្អូន​លោក​២​នាក់​បាន​បាត់បង់​ជីវិត ។

ក្រោយ​រំដោះ ៧​មក​រា ឆ្នាំ​១០៩៧ លោក​បាន​ចូល​រៀនសូត្រ នៅ​សាលារៀន​វត្ត​ដំរី​ស ខេត្តបាត់ដំបង រហូត​ដល់​ឆ្នាំ​១៩៨៧ លោក​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ជំរុំ​ខាវ​អ៊ី​ដាង ក្នុង​ដី​ថៃ បន្ត​រៀនសូត្រ​ភាសាបរទេស និង​ជំនាញ​ថតរូប​កាត់ត​វី​ដេ​អូ នៅ​ក្រុង​បាងកក ប្រទេស​ថៃ ក្នុង​ឆ្នាំ​១៩៩០ ។ ក្រោយ​ពី​មាន​កិច្ច​ព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ លោក អ៊ិ​ត សេដ្ឋា បាន​ធ្វើ​មាតុភូមិនិវត្តន៍ ជាមួយ​ប្រជាជន​ភៀសខ្លួន​ឯទៀត បាន​ចូល​បំរើ​ការងារ​ទូរទស្សន៍​អា​ប៊ី​ស៊ី (IBC) ។

ក្រោយមក​នៅ​ឆ្នាំ​១៩៩៤ បាន​ប្តូរ​ទៅ​ជា​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ។ នៅ​ឆ្នាំ​២០០១ លោក​បាន​ទៅ​ធ្វើការ​ឲ្យ​ទូរទស្សន៍​ខ្សែកាប​មួយ នៅ​អាម​រិ​ក និង​បាន​ត្រឡប់​មក​កម្ពុជា​វិញ ឆ្នាំ​២០០៩ ហើយ​បាន​ចូល​បំរើ​ការងារ​ទូរទស្សន៍​ស៊ី​ធី​អិន រ​ហូ​ទ​ដល់​សព្វថ្ងៃ ៕

Comments

comments