អនុក្រឹត្យ​ស្តី​ពី​«​វិធានការ​ហាម​ការ​ជក់​ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ​» ត្រូវ​បាន​រាជរដ្ឋាភិបាល​តាក់តែង​ឡើង​ក្នុង​គោលបំណង​ការពារ​សុខុមាលភាព​របស់​ប្រជាជន និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា ។

អនុក្រឹត្យ​នេះ​ក៍​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​ចូល​ជា​ធរមាន​កាលពី​ខែមីនា និង​ចាប់ធ្វើការ​ផាកពិន័យ​កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦​កន្លង​ទៅ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ជិត​មួយ​ឆ្នាំ​មក​ហើយ​គិត​ចាប់តាំងពី​ការ​ចាប់​អនុវត្តន៍​ការ​ផាកពិន័យ​មក គេ​មិន​ទាន់​ឃើញ​មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ផាកពិន័យ​នៅឡើយ​នោះ​ទេ ។

បើ​យោង​តាម​អនុក្រឹត្យ​ស្តី​ពី​«​វិធានការ​ហាម​ការ​ជក់​ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ​» គឺ​នឹង​ធ្វើការ​ផាកពិន័យ​ចន្លោះ​ពី​២០.០០០(២​ម៉ឺន​)​រៀល ដល់​៥០.០០០(៥​ម៉ឺន​)​រៀល ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ជក់បារី ឬ​ផលិតផល​ថ្នាំជក់​នៅ​ទី​សាធារណៈ និង​ម្ចាស់​កន្លែង​សាធារណៈ​ណា ដែល​មិន​បាន​រៀបចំ​ដាក់​ស្លាក​ហាមប្រាម​ការ​ជក់បារី​។ កន្លែង​សាធារណៈ​នេះ​សំដៅ​ដល់​ភោជនីយដ្ឋាន កន្លែងធ្វើការ គ្រឹះស្ថានសាធារណៈ មន្ទីរពេទ្យ សាលារៀន និង​សួនច្បារ​សាធារណៈ​ជាដើម​។

យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​បង្ហាញ​ថា ចំនួន​អ្នក​ជក់បារី និង​ប្រើប្រាស់​ថ្នាំជក់​នៅ​កម្ពុជា​មាន​ប្រមាណ​២​លាន​នាក់​។

ចំណែក​របាយការណ៍​របស់​ក្រសួងផែនការ​ក្នុង​ឆ្នាំ​២០១៤​បង្ហាញ​ថា អ្នក​មិន​ជក់បារី​៦០% កំពុង​ស្រូប​ផ្សែង​បារី​ពី​គេ​។ ទីកន្លែង​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ស្រូប​ផ្សែង​បារី​ខ្ពស់​ជាងគេ គឺ​នៅ​ភោជនីយដ្ឋាន ឬ​អាហារ​ដ្ឋា​ន ដែល​មាន​អត្រា​ខ្ពស់​ដល់​ទៅ​៧៦% នៅ​ក្នុង​អគារ​ធ្វើការ​របស់​រដ្ឋ (៤៩%) និង​នៅ​ពេល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ (៣៤%)​។ កម្ពុជា​ជា​ប្រទេស​ដែល​មាន​អត្រា​ស្រូប​ផ្សែង​បារី​ខ្ពស់​ជាងគេ​នៅ​ភោជនីយដ្ឋាន​ក្នុង​តំបន់​អាស៊ាន ហើយ​អ្នក​ជក់បារី​នៅ​កម្ពុជា​ភាគច្រើន​គឺជា​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ និង​មាន​វ័យ​ចំណាស់​៕

Comments

comments