អ្នក​បើករថយន្ដ​ក្រុង ដែល​ជា​ជនជាតិ​វៀតណាម ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​រន្ធត់ នៅ​ក្នុងស្រុក​ស្វាយ​ទាប ខេត្ដស្វាយរៀង ដែល​បណ្ដាល​កម្មករ កម្មការិនី ប្រមាណ​១៨​នាក់​ស្លាប់ និង​របួសធ្ងន់​ជា​ច្រើន​នាក់​នោះ ត្រូវ​បាន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តស្វាយរៀង បញ្ជូន​ខ្លួន​ទៅ​កាន់ តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ។

ស្នងការ​នគរបាល​ចរាចរណ៍​ខេត្ដស្វាយរៀង លោក​ឧត្ដមសេនីយ៍ កឹង ឃ​ន បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា លោក​បាន​បញ្ជូន​អ្នក​បើករថយន្ដ​ក្រុង​ទៅ​តុលាការ​ហើយ កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៥ នេះ ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា អ្នក​បើករថយន្ដ​ក្រុង​ជនជាតិ​វៀតណាម មានឈ្មោះ​ឡេ វ៉ាង​ធី​ង អាយុ​៤៥​ឆ្នាំ ។ តាម​ស

មត្ថកិច្ច​ដដែល គ្រោះថ្នាក់​ចរាចរណ៍ ដែល​ធ្វើ​ឱ្យ​អ្នក​ស្លាប់​និង​របួស​មាន​ចំនួន​ច្រើន​បែប​នេះ ក៏​ព្រោះតែ​ជា​ការ​ធ្វេសប្រហែស និង​បើក​មិន​គោរព​ច្បាប់​របស់​ជនជាតិ​វៀតណាម​រូប​នេះ ដែល​ទៅ​បុក​រថយន្ដ របស់​ទូ​រី​សជន​រង​គ្រោះ​កំពុង​បើក បណ្តាល​មក​ពី​រថយន្តក្រុង​ទេសចរណ៍​ដឹក​អ្នកដំណើរ​បាន​បើក​ជែង ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ទួ​រី​ស​ដឹក​កម្មករ​-​កម្មការិនី​រោងចក្រ​ចំ​ពីមុខ ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ទួ​រី​ស​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​១៨​នាក់ រង​របួសធ្ងន់​២១​នាក់ និង​ស្រាល​ម្នាក់ ។

នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​អ្នក​បើករថយន្ដ ដែល​ជា​ជនជាតិ​វៀតណាម និង​ស្នើ​ឱ្យ​ស្ថាប័ន​សមត្ថកិច្ច និង​តុលាការ ត្រូវ​ផ្ដន្ទាទោស​ជន​នេះ តាម​ច្បាប់​ផង​ដែរ ហើយ​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ចំណាត់ការ​ទៅ​លើ​អ្នក​បើករថយន្ដ​បង្ក​រូប​នេះ ៕