អណ្តូងទឹក​ស្អាត​ស្ទើរតែ​ទាំងអស់​នៅ​ក្នុងភូមិ​រាយ​ដប ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​កំពុង​រីង​ហួត​បណ្តើរ​ៗ​ហើយ ហើយ​មួយ​ចំនួន​ទៀត​រីងស្ងួត​លែង​មានទឹក​ប្រើប្រាស់​តែ​ម្តង នេះ​បើ​តាម​សម្តី​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​រាយ​ដប ។

ប្រជាពលរដ្ឋ​បាន​បន្ត​អោយ​ដឹង​ទៀត​ថា ពី​មុន​អណ្តូងទឹក​របស់​ពួក​គាត់​មានទឹក​ប្រើប្រាស់​ខួបប្រាំងខួបវស្សា ប៉ុន្តែ​ឥឡូវ​បែរជា​រីងស្ងួត​ជា​បន្តបន្ទាប់​បែប​នេះ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន​ជីកដី​របស់​លោក​ឃុ​ត ឌី​វ​ឌ្ឍ​នា ជីករណ្តៅ​ដី​រហូត​ដល់​ក្បាល​ប្រែ​ត ដែល​បណ្តាល​អោយ​ដង្ហើមទឹក​ទាំងអស់​នៅ​ក្នុងភូមិ​បាន​ហូរ​ច្រោះ​ទៅ​ក្នុង​រណ្តៅ​ដី​ដែល​មាន​ជម្រៅ​ក្បាល​ប្រែ​ត​នោះ ។

លោក ឃុ​ត ឌី​វ​ឌ្ឍ​នា ម្ចាស់​ការដ្ឋាន​ជីកដី​ដល់​ក្បាល​ប្រែ​ត​បាន​និយាយ​ដូច​ជា ខឹងសម្បា​រដាក់​អ្នកកាសែត ដោយ​អះអាង​ថា គ្មាន​អណ្តូងទឹក​ណា​រីងស្ងួត​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ខាងលើ​នោះ​ទេ ហើយ​បើ​អ្នក​ណា​ថា​រីង សូម​ឲ្យ​អ្នកកាសែត​នាំ​មក​ជួប​លោក ព្រោះ​អណ្តូងស្នប់​របស់​គាត់​នៅ​ក្បែរ​ការដ្ឋាន​នោះ​មិន​រីង​ផង រឿង​អី​អណ្តូង​ពួក​គាត់​ត្រូវ​រីង នេះ​ជា​ការ​បំ​ភ្លើ​ស​ហើយ ។ ប៉ុន្តែ​ទោះ​យ៉ាងណា​នោះ អណ្តូងស្នប់​ដែល​លោក​ប្រើប្រាស់​មាន​ជម្រៅ​ជ្រៅ​លើស​ពី​អណ្តូង​ប្រើប្រាស់​តាម​ផ្ទះ​ពលរដ្ឋ​រាប់​សិប​ដង​ឯណោះ​។

លោក បូ ណា​រ៉េ​ត អភិបាលស្រុក​កណ្តាលស្ទឹង​ក៏​បាន​ថ្លែង​បាន​បដិសេធន៍​ការ​លើក​ឡើង របស់​ពលរដ្ឋ​ដែរ ដោយ​លោក​អះអាង​ថា អណ្តូងទឹក​ដែល​រីង​នេះ​គឺ​មិនមែន​មក​ពី​ការដ្ឋាន​បូម​ខ្សាច់​ក្បែរ​នោះ​ទេ គឺ​ដោយសារ​ឆ្នាំ​នេះ​អាកាសធាតុ​ក្តៅ​ខ្លាំង​តែ​ប៉ុណ្ណោះ តែ​យ៉ាងណា​នោះ​អាជ្ញាធរ​ស្រុក​កំពុង​លៃលក​ជីក​អណ្តូង​ថ្មី​ចំនួន​ពីរ ឆាប់​ៗ​ពេល​ខាង​មុខ ទុក​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់ ក្នុងភូមិ​ហើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ការដ្ឋាន​បូម​ខ្សាច់​របស់​លោក ឃុ​ត ឌី​វ​ឌ្ឍ​នា នេះ តែងតែ​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ជា​ញឹកញាប់ ប៉ុន្តែ​អាជ្ញាធរ​មិន​ដែល​មាន​ដំណោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ម្តងណា​ឡើយ ក្រៅ​តែ​ពី​ប្រើ​អំណាច​គាបសង្កត់​៕

Kandal_20150524 (9)

Kandal_20150524 (10)