លោក​វរសេនីយ៍ទោ​ទេព ចាន់​ណា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ខេត្តសៀមរាប នាង​អោយ​ដឹង​ថា វី​ដេ​អូ​ឃ្លី​ប​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ជា​ករណី​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២១ ឧសភា ២០១៥ វេលា​ម៉ោង ៩​និង​៥​នាទី ព្រឹក នៅ​ក្នុង​ថ្នាក់រៀន​ទី​៩B នៃ​វិទ្យាល័យ​ដំ​ដែក ស្ថិត​ក្នុង​ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

លោក​បន្ត​ថា ដែល​សិស្ស​ស្រី​ជា​ជន​រង​គ្រោះ​មានឈ្មោះ វី​រៈ មណី​នាថ អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង សិស្ស​ប្រុស​ដែល​ជា​ជន​ដៃដល់ មានឈ្មោះ ហុង សុ​ជី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ខាងជើង ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប សិស្ស​ទាំង​ពីរ​រៀន​នៅ​ថ្នាក់​ទី​៩B ទាំងអស់​គ្នា ។

លោក​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ខាងលើ សមត្ថកិច្ច​មិន​បាន​ទទួល​ព័ត៌មាន​ពី​ខាង​សាលារៀន​នោះ​ទេ តែ​ទទួល​បាន​ពី​ព័ត៌មាន​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម ជា​វី​ដេ​អូ​ឃ្លី​ប​នេះ ហើយ​ក៏​មាន​បណ្ដឹង​ពី​ភាគី​រង​គ្រោះ ទើប​មាន​ចំណាត់ការ​តាម​នីតិវិធី ។

សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍ ធ្វើការ​ឃាត់ខ្លួន និង​រៀបចំ​បញ្ជូន​សំណុំរឿង​តាម​នីតិវិធី​នៃ​ច្បាប់ ៕

Comments

comments