ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋសភា លោក​ជាម យៀ​ប បាន​និយាយ​អោយ​ដឹង​ថា នៅ​ឆ្នាំ​២០១៦​ខាង​មុខ រាជរដ្ឋាភិបាល​បាន​គ្រោង​នឹង​បង្កើន​ប្រាក់​ចំណាយ​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ក្រសួង​អាទិភាព​ចំនួន​១០​ដូច​ជា ក្រសួងសុខាភិបាល ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​កិច្ចការ​នារី​…​ជាដើម ។

បើ​តាម​លោក​ប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា ដែល​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ២០១៥ ក្នុង​ចំណោម​ក្រសួង​អាទិភាព​ទាំង​១០​នោះ​ពុំ​មាន​ក្រសួងការពារជាតិ និង​មហាផ្ទៃ​នោះ​ទេ ។
យ៉ាងណា​ក៏​ដោយ បើ​ក្រឡេក​មើលទៅ​ក្រសួងសុខាភិបាល ដែល​លោក​ហ៊ុន សែន គ្រោង​នឹង​បង្កើន​ប្រាក់​ចំណាយ​នៅ​ឆ្នាំ​ក្រោយ​នោះ​វិញ និង​តាម​ការ​អង្កេត​របស់​ក្រុម​អ្នកវិភាគ​មួយ​ចំនួន រាប់​ទាំង​ការ​លើក​ឡើង​របស់​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ គឺ​ក្រសួង​នេះ​ហាក់​ពុំ​មាន​ធ្វើ​សកម្មភាព​អ្វី​អោយ​បាន​ខ្លាំងក្លា​ក្នុង​ការ​ថែរក្សា​សុខភាព​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​មាន​តែ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់ រិះគន់​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពីព្រោះ​កន្លង​មក​មាន​ករណី​មិន​ប្រក្រតី និង​អ​សីលធម៌​ជា​ច្រើន​បាន​កើតឡើង​នៅ​តាម​មន្ទីរពេទ្យ មណ្ឌល​សុខភាព ដែល​ប្រព្រឹត្ត​ឡើង​ដោយ​គ្រូពេទ្យ​មួយ​ចំនួន ឬ​ថ្នាក់ដឹកនាំ​មណ្ឌល​សុខភាព​ខ្លះ ដូច​ជា​ទុក​អោយ​អ្នកជម្ងឺ​ដេក​ស្លាប់​ព្រោះតែ​អត់​លុយ​អោយ កង្វះ​ថ្នាំសង្កូវ និង​បរិក្ខារ​ពេទ្យ និង​ជា​ពិសេស​សម្តី​អសុរ​ស​របស់​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​តូច​ជាដើម ។

លើស​ពី​នេះ​ទៅ​ទៀត ករណី​អ្នក​ភូមិ​រកា ក្រុង​បាត់ដំបង​រាប់រយ​នាក់​ដែល​ឆ្លង​មេរោគ និង​កើត​ជម្ងឺអេដស៍ ក្រសួងសុខាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​ម៉​ម ប៊ុ​ន​ហេង ហាក់ដូចជា​លាក់លៀម​ក្នុង​ការ​ផ្តល់​ដំណឹង និង​មិន​យកចិត្តទុកដាក់ រហូត​បណ្តាល​អោយ​អ្នកជម្ងឺ​ស្លាប់​ជា​បន្តបន្ទាប់​រហូត​ដល់​៦​នាក់ ។ នេះ​អង្រុត​មិន​លើក​ឡើង​ពី​អំពើ​ពុក​រលួយ​នៅ​ក្នុង​ក្រសួង មន្ទីរពេទ្យ​បង្អែក និង​មណ្ឌល​សុខភាព ដែល​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​រំលេច​ឡើង​នា​ពេល​កន្លង​មក ។

យ៉ាងណា​ក៏​ដោយ ការ​បង្ហាញ​ពី​ភាព​អវិជ្ជមាន​មួយ​ចំនួន​ខាងលើ​នេះ​មិនមែន​មាន​ន័យ​ថា អង្រុត មិន​ចង់អោយ​មានការ​បង្កើន​ថវិកា​ចំណាយ​សម្រាប់​ក្រសួងសុខាភិបាល​នេះ​ទេ ប៉ុន្តែ​លោក​ហ៊ុន សែន គួរ​តាមដាន​អង្កេត​ពី​សកម្មភាព​របស់​ក្រសួង​នីមួយ​ៗ​អោយ​មាន​ច្បាស់លាស់ កុំ​ជឿ​តែ​របាយការណ៍​វិជ្ជមាន​ភូតភរ​របស់​មន្ត្រី​ខិលខូច​មួយ​ចំនួន​ផ្តល់​អោយ មុន​នឹង​បន្ថែម ឬ​បង្កើន​ថវិកា​ចំណាយ​នោះ ។

បើ​មិន​ដូច្នេះ ក្រសួងសុខាភិបាល មិន​ខុស​ពី​ក្រសួងយុត្តិធម៌ និង​ក្រសួង​ស្ថាប័ន​មួយ​ចំនួន ជា​ពិសេស​លោក​ហ៊ុន សែន ផ្ទាល់​នឹង​ត្រូវ​ពលរដ្ឋ​បន្ត​រិះគន់ យក​ល្អ​គួរ​បង្កើន​ថវិកា​ចំណាយ​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទៅ​ល្អ​ជាង ។

គួរ​បញ្ជាក់​ថា បើ​តាម​លោក​អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ឆ្នាំ​២០១៥​នេះ រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​ប្រមាណ​៤​ពាន់​លាន​ដុល្លារ ហើយ​ឆ្នាំ​២០១៦​គ្រោង​នឹង​ចំណាយ​កើន​ជាង​១១​ភាគរយ ៕

Comments

comments