ថ្មី​ៗ​នេះ មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញសង្គម ដោយសារអ្នកធ្វើការ​ផ្នែក​សោត​ទស្សន៍​ក្នុងស្រុក​ថា មាន​បុគ្គលិក​ប្រហែល​២០០​នាក់ បាន​ដើរ​ចេញពី​ទូរទស្សន៍​កំពុង​ល្បីល្បាញ​ក្នុងស្រុក​មួយឈ្មោះ PNN ដែល​ការ​ចាកចេញ​យ៉ាង​គំហុក​នេះ ដោយសារ​តែ​ពួក​គេ​មិន​ពេញចិត្ត​នឹង​អ្នកគ្រប់គ្រង​ផលិតកម្ម​វិធី​ជា​ជនជាតិ​ថៃ ឈ្មោះ Kansee Paokamhaeng ហៅ Khun Third ​។

ប្រភព​បានឱ្យ​ដឹង​ថា កាល​ដំបូង​ឡើយ មុន​និង​ក្រោយ​ពេល​ចាប់ផ្តើម​ដំណើរការ​ផ្សាយ​របស់​ទូរទស្សន៍ PNN មាន​អ្នកដឹកនាំ​, អ្នកផលិតកម្ម​វិធី, ផលិតករ​របស់​ផលិតកម្ម, អ្នក​យក​ព័ត៌មាន, អ្នក​កាន់​កាមេរ៉ា, អ្នកបច្ចេកទេស​សំឡេង​ជា​ច្រើន​នាក់ ដែល​បាន​សម្រេចចិត្ត​ចាក​ចេញពី​ទ្រនំ​ចាស់ ឬ​បោះបង់​ចោល​ស្ថានីយទូរទស្សន៍​នានា ហើយ​ចូល​ទៅ​ធ្វើ​ការងារ​ឱ្យ PNN​ បង្កើតថ្មី ។

ចំពោះ​មូលហេតុ​ដែល​ពួក​គេ​ចោល​ទ្រនំ​ចាស់​ស្រវា​បង្គង​ថ្មីនោះ គឺដោយសារ​ពួក​គេ​គិត​ថា មាន​ប្រាក់ខែ​ច្រើន ហើយកន្លែង​ទំនើប និង​មាន​បរិយាកាស​ការងារ​ល្អ និយាយ​ឱ្យ​ខ្លី គឺ PNN “​ជាទី​ទឹក​ត្រជាក់​ដែល​កូរ​ឱ្យ​ត្រី​ផ្តុំ​” ​។

ប៉ុន្តែ​ពេល​ថ្មី​ៗ​នេះ បែរជា​លេចឮ​ថា​ មាន​បុគ្គលិក​ចាក​ចេញពី PNN រហូត​ដល់​២០០​នាក់​ទៅ​វិញ ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​អ្នក​ដែល​បម្រើ​ការ​ផ្នែក​សោត​ទស្សន៍​នៅ​ប្រទេស​កម្ពុជា ដែល​កំពុង​តែ​មានការ​ប្រកួតប្រជែង​គ្នា​យ៉ាង​ខ្លាំងក្លា​នា​ពេល​នេះ​។

ប្រភព​ជា​ច្រើន​ពី​បុគ្គលិក​ដែល​បាន​បោះបង់​ការងារ​នៅ​ទូរទស្សន៍ PNN បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​លាឈប់​ដោយ​គ្មាន​ស្តាយស្រណោះ​របស់​ពួក​គេ ដោយសារ​តែ​មិន​អាច​ទទួលយក និង​មិន​អាច​ទ្រាំទ្រ​បាន ​នូវ​ទ​ង្វើ​ប្រមាថ​មាក់ងាយ​ពី​សំណាក់​ជនជាតិ​ថៃ​ម្នាក់ ដែល​ជា​អ្នកចាត់ការ​ទូទៅ​ នៅ​ប៉ុស្តិ៍​ទូរទស្សន៍ ​PNN មក​លើ​ពួក​គេ ​។

បុគ្គលិក​ដែល​បាន​បោះបង់​ការងារ និយាយថា ស្រី​ជនជាតិ សៀម​ម្នាក់ ដែល​មាន​តួនាទី​ត្រឹមតែ​ជា​ប្រធាន​គ្រប់គ្រង​ឈ្មោះ Kansee Paokamhaeng ជា​រឿយ​ៗ​តែងតែ​បញ្ចោ​ញ​អាកប្បកិរិយា​ច្រងេង ច្រងាង​ច្រឡោងខាម​ប្រើស​ម្តី​ត្រ​គោះ​បោះបោក គ្មាន​សីលធម៌​គំរោះគំរើយ​មក​លើ​ផលិតករ​ខ្មែរ បុគ្គលិក​ខ្មែរ​គ្រប់​កម្មវិធី​ផ្សាយ​នានា​។

ស្រី​ជនជាតិ​ថៃ​នោះ​តែងតែ​បញ្ចោ​ញ​ឬក​ពា​ច្រឡោងខាម​នៅ​មុខ​មហាជន ជា​ពិសេស​នៅ​ចំពោះ​មុខ​តារា​កិត្តិយស និង​នៅ​មុខ​អ្នក​ឧបត្ថម្ភ​កម្មវិធី ធ្វើ​ហាក់ដូចជា​ផលិតករ​ខ្មែរ​គ្មាន​សមត្ថភាព​ដឹកនាំ ល្ងង់ខ្លៅ មាន​តែ​ពួក​គេ​ទើប​ចេះ​…​។

ជា​ពិសេស​ឱ្យ​តែ​មានកម្ម​វិធី​បុណ្យ​ជាតិខ្មែរ បុណ្យចម្រើនព្រះជន្ម​ព្រះករុណា ព្រះមហាក្សត្រ​ខ្មែរ ឬ​កម្មវិធី​ដែល​ជា​ប្រពៃណី​ជាតិ​ផ្សេង​ៗ ដែល​តម្រូវ​ឱ្យ​មានការ​តុបតែង​ឆាក​ឱ្យ​មាន​លក្ខណៈ​សម​ស្រប​ទៅ​តាម​ប្រពៃណី​ខ្មែរ គឺ​ស្រី​ជនជាតិ​ថៃ Kansee Paokamhaeng ធ្វើការ​ជំទាស់​មិន​ឱ្យ​យើង​ធ្វើ​អ្វី​ដែល​ទាក់ទង​នឹង​ប្រពៃណី​ខ្មែរ​យើង​ឡើយ​។

សូម​បញ្ជាក់​ថា ស្ថានីយទូរទស្សន៍ PNN ដែល​ដាក់​ឱ្យ​ដំណើរការ​តាំងពី​ឆ្នាំ​២០១៥ ដោយ​មាន​បុគ្គលិក​ប្រមាណ​៣០០​នាក់ តែ​ពេល​បច្ចុប្បន្ន​នៅ​សល់​បុគ្គលិក​តែ​ជាង​១០០​នាក់​ប៉ុណ្ណោះ ហើយ​ក៏​នៅ​មាន​ដាក់​ពាក្យ​ឈប់​បន្ត​ទៀត ដោយសារ​តែ​មិន​អាច​ទ្រាំទ្រ​ជាមួយ​ការ​ប្រើស​ម្តី និង​អាកប្បកិរិយា​ច្រឡោងខាម​របស់​ជនជាតិ​ថៃ ឈ្មោះ Kansee paokamhaeng ដែល​ពេល​ខ្លះ​បាន​ស្រែក​ឡូឡា​ផ្អើល​មនុស្ស​ពេញ Studio តែ​ម្តង​។

លោក​ឧកញ៉ា​លី ឆូ​ក​ឆៃ ដែល​ជា​អគ្គនាយក​របស់​ទូរទស្សន៍ PNN កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា បាន​ប្រកែក​ចំពោះ​ដំណឹង អំពី​រឿងរ៉ាវ​ដែល​កំពុង​តែ​ល្បី​ថា មាន​បុគ្គលិក​២០០​នាក់ បាន​ដើរ​ចេញពី​ប៉ុស្តិ៍ PNN ព្រោះតែ​មិន​អាច​ទ្រាំទ្រ​ការ​ប្រមាថ និង​មើលងាយ​ពី​ស្រី​ជនជាតិ​ថៃ ឈ្មោះ Kansee Paokamhaeng ។

ប៉ុន្តែលោក​ឧកញ៉ា​ឆូ​ក​ឆៃ ដែល​ជា​កូនប្រុស​របស់​លោក​ឧកញ៉ា​លី យ៉ុ​ង​ផាត់ ​ថាលោក​នឹង​តាមដាន​ចំពោះ​រឿង​ដែល​លេចឮ​ខាងលើ​នេះ ។ លោក​ឧកញ៉ា​លី ឆូ​ក​ឆៃ បាន​សង្កត់​ថា «​អូ​! អត់​មាន​ទេ អត់​មាន​អីចឹង​ទេ​! គាត់ (Kansee Paokamhaeng) ជា​អ្នកគ្រប់គ្រង​ការ​ផលិត ។ ខ្ញុំ​អត់​ដែល​ឮ​គេ​និយាយ​ប្រាប់​ខ្ញុំ​ថា មាន​បុគ្គលិក​ឈប់​ច្រើន​ទេ អត់​ទេ​! ។ ចាំ​ខ្ញុំ​តាមដាន​រឿង​នេះ​សិន​» ។

ដោយឡែក​អ្នកគ្រប់គ្រង​ការ​ផលិតកម្ម​វិធី​របស់ PNN នាង Kansee Paokamhaeng មិន​មាន​លេខ​ទូរស័ព្ទ​ដើម្បី​ទាក់ទង​បាន​ឡើយ ។ អ្នក​សារព័ត៌មាន​រង់ចាំ​ការ​បកស្រាយ​របស់ Kansee Paokamhaeng បំភ្លឺ​លើ​រឿង​ចោទប្រកាន់​ខាងលើ​នេះ​ ៕

អ្នកគ្រប់គ្រងផលិតកម្មវិធី ជនជាតិថៃ Kansee Paokamhaeng ហៅ Khun Third
លោកឧកញ៉ា លី ឆូកឆៃ

 

Comments

comments