ក្រុមហ៊ុន AZ ដែល​គេ​ដឹង​ថា ជា​អធិរាជ​កាន់កាប់​ផ្លូវជាតិ​លេខ​៤ ដែល​មាន​ភាគហ៊ុន​ឈរឈ្មោះ​ជា​ឧកញ៉ា ដ៏​មាន​ឥ​ទ្ឋិ​ពល​ថែម​ទៀត​នោះ បាន​ប៉ះទង្គិច​គ្នា ជាមួយ​ក្រុមហ៊ុន​សាងសង់​បុរី​ពិភព​ថ្មី ដោយ​ក្រុមហ៊ុន AZ យក​គ្រឿងចក្រ ទៅ​កាយ​កម្ទេច​ប្រឡាយ​មុខ​បុរី​ពិភព​ថ្មី កំ​បូល និង​ដាក់​រនាំង​ដែក​បាំង​ផ្លូវ​ចូល​បុរី មិន​អោយ​ឡាន​ចេញចូល​បាន​មុខ​ក្លោ​ង​ទ្វារ​ទៀត​ផង ។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៥ ដោយ​ខាង​ក្រុមហ៊ុន​ធ្វើ​ផ្លូវ ប្រហែលជា​ខ្លាច​ខាតបង់​ប្រយោជន៍​របស់​ខ្លួន ដែល​អ្នកដំណើរ​គេ​មិន​ចូល​បង់លុយ​ផ្លូវ ដូច្នេះ​ក្រុមហ៊ុន AZ បាន​យក​កម្មករ​មក​ដាក់​រនាំង និង​កងកម្លាំង​មាន​ប៉េ​អឹ​ម ទាំង​ប៉ូ​លី​ស មក​ការពារ ថែម​ទៀត​ផង ។

តើ​ក្រុមហ៊ុន ឧកញ៉ា​ធំ​ៗ ទាំង​ពីរ​នេះ មិន​អាច​និយាយ​ចរចា​គ្នា បាន​ទេ​ឬ?

ប្រជាជន​រាប់​ម៉ឺន​គ្រួ​សារបាន​សំណូមពរ​ដល់​សម្តេច​តេ​ជោ មេត្តា​ជួយ​អន្តរ​គម​ន៍​អោយ​ក្រុមហ៊ុន AZ ដក​ប៉ុស្តិ៍​បង់លុយ​ថយ​មក​ក្រោយ ចម្ងាយ​ពី​ភ្នំពេញ​៣០​គីឡូម៉ែត្រ វិញ ព្រោះ ក្រុងភ្នំពេញ​បាន​ពង្រីក និង​អភិវឌ្ឍន៍​ជុំវិញ​ក្រុង ដូច្នេះ​ការ​ដាក់​ប៉ុស្តិ៍​បង់លុយ​នេះ មាន​ចម្ងាយ​ពី​ភ្នំពេញ មក​ដល់​កំ​បូល​តែ​១៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។ មាន​ន័យ​ថា​ផ្លូវជាតិ​លេខ​៤ ក្នុង​ក្រុងភ្នំពេញ ចេញ​និង​ចូល​ក្រុង​ត្រូវ​បង់លុយ​ទាំងអស់ ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​អាជ្ញាធរ រី​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​រឿង​វិវាទ​រវាង​ក្រុមហ៊ុន​ឧកញ៉ា​ទាំង​២​នេះ យ៉ាងណា​នៅឡើយ​ទេ ។ ចុង​ក្រោយ​មាន​តែ​ងាប់​ប្រជាជន​ដែល​ជា​អ្នក​រស់នៅ​ក្នុង​បុរី​ពិភព​ថ្មី​រាប់​ពាន់​គ្រួសារ ដែល​បាន​ខ្ចី​លុយ​ធនាគារ​យក​ទៅ​ទិញ​ផ្ទះ​នៅ​តំបន់​កំ​បូល​នោះ ៕