ស្ត្រី​ម្នាក់​ទំនងជា​ជនជាតិ​ហ្វី​លី​ពី​ន​ដែល​មក​រស់នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក បាន​ថត​វី​ដេ​អូ​ឃ្លី​ប​មួយ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​ជម្លោះ​ជាមួយ​បុរស​ជនជាតិ​អា​មេ​រិ​ក​ស្បែក​សម្នាក់ ខណៈ​លោកស្រី​កំពុង​ជិះ​កង់​ជាមួយ​កូនស្រី​អាយុ​៩​ឆ្នាំ អ្វី​ដែល​សំខាន់​បុរស​នោះ​បាន​ប្រើ​ពាក្យ​អាក្រក់​ស្តាប់ និង​ប្រមាថមើលងាយ រើសអើង​ជាតិ​សាសន៍​មក​លើ​ខ្មែរ ទៅ​វិញ ។

អ្នកស្រី Paula Nuguid បាន​ថ្លែងប្រាប់​គេហទំព័រ​មួយ​ថា រឿង​នេះ​កើតឡើង​នៅ​ម៉ោង​០៤ និង​៣៣​នាទី​ល្ងាច នៅ​ថ្ងៃ​ទី​២៩ មិថុនា ២០១៧ ខណៈ​ដែល​អ្នកស្រី Paula កំពុង​ជិះ​កង់​តាម​ផ្លូវ Frances ក្នុង​ទីក្រុង Sunnyvale រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ។

អ្នកស្រី​បន្ត​ថា ខ្ញុំ​បាន​ព្យាយាម​បត់​ឆ្វេង ត្រង់​ចំណុចប្រសព្វ​រវាងផ្លូវ Frances និង​ផ្លូវ Olsen តាម​គន្លង​ផ្លូវ​សម្រាប់​អ្នក​ជិះ​កង់ និង​ថ្មើរជើង លើ​រុក្ខវិថី Evelyn Ave ហើយ​គោរព​តាម​ច្បាប់​ចរាចរណ៍​ផង​ដែរ ដោយ​រង​ចាំ​ភ្លើងស្តុប​ពណ៌​បៃតង​ដើម្បី​ឆ្លងផ្លូវ ។ ប៉ុន្តែ​ការ​រង​ចាំ​ភ្លើងស្តុប​នេះ នៅ​មុន​រថយន្ត​បុរស​ម្នាក់ ជា​ហេតុ​ធ្វើ​អោយ​បុរស​នោះ​ខឹង និង​អះអាង​ថា ខ្ញុំ​បត់​ស្តាំ​ខុសច្បាប់ ហើយ​ចុច​ស៊ី​ផ្លេ​ដាក់​ខ្ញុំ ដោយ​ហៅ​ខ្ញុំ​ថា «b*tch» មាន​ន័យ​អាសគ្រាម និង​ប្រាប់​ខ្ញុំ​ឱ្យ​ចៀស​ចេញពី​មុខ ផ្លូវ​របស់​គាត់ ។

ពាក្យអាសគ្រាម «b*tch» នេះ​ធ្វើ​អោយ​អ្នកស្រី Paula ដើរ​សំដៅ​ទៅ​រក​បុរស​នោះ ដោយ​សួរ​ថា “​ម៉េច​ក៏​ហ៊ាន​ប្រើ​ពាក្យ​នឹង?​” ។ បុរស​អា​មេ​រិ​ក​កាំ​ង​ស្បែក​សមាន​ឈ្មោះ​ថា Evan Klinger ជា​អ្នកបើកបរ​រថយន្ត​នោះ ដែល​គេ​ជឿ​ថា ធ្វើការ​ជា​វិស្វករ​នៅ​ក្រុមហ៊ុន Apple បាន​សើច​ឌឺ​ហើយ​តប​វិញ​ថា “​បិទ​មាត់​នាង​ឯង​ទៅ​” ។

អ្វី​ដែល​ចាប់អារម្មណ៍​ជាង​នេះ​គឺ​បុរស​នោះ​ប្រើ​ពាក្យ​ដៀល​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ​ទៅ​វិញ​! ថា​“​មី​ស្រី​ខ្មែរ​… ឆាប់​ចេញពី​ទី​នេះ​ភ្លាម​” ទំនង​បុរស​នោះ​យល់​ថា អ្នកស្រី Paula Nuguid ជា​ជនជាតិ​ខ្មែរ ព្រោះ​ទាំង​រាងរៅ​ពណ៌​សម្បុរ សូម្បីតែឈ្មោះក៏ដូច​ខ្មែរ​ដែរ (​មិន​ទាន់​មាន​ប្រភព​ណា​អាច​បញ្ជាក់​ថា អ្នកស្រី​ជនជាតិ​អ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​) ។

អ្នកស្រី Nuguid បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​គាត់​ត្រូវ​បាន​ប្រមាថ រើសអើង​ជាតិ​សាសន៍​ពី​សំណាក់​បុរស​ស្បែក​ស ប៉ុន្តែ​ថា ពាក្យ f*cking Cambodian n*gge ទើបតែ​ឮ​លើក​ដំបូង​ចំពោះ​គាត់​ប៉ុណ្ណោះ ។

ចង់​ដឹង​ច្បាស់​សូម​ទស្សនា​វី​ដេ​អូ​មាននៅ​ខាងក្រោម​នោះ ៖