ភ្នំពេញ ៖ អ្នក​នាង អ៊ុំ គ​ន្ធា ដែល​ជា​តារាចម្រៀង​ដែល​តែងតែមាន​វត្តមាន​ក្នុង​កញ្ចក់​ទូរទស្សន៍ ក្នុង​ឆ្នាំ​១៩៩០ និង​២០០០​នោះ បាន​បាត់​មុខ​ពី​វិស័យ​សិល្បៈ​រហូត​ដល់​បច្ចុប្បន្ន ។ ស្រាប់តែ​ថ្មី​ៗ​នេះ ក៏​លេចមុខ​អ្នក​នាង ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ថែម​ទាំង​ជា​អ្នកជំងឺ​ផ្ទុកមេរោគ​អេ​ដស៍​អស់​រយៈពេល​១៤​ឆ្នាំ​ទៀត​ផង​។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក អ៊ឹម ជីវ៉ា ដែល​បាន​បង្ហោះ​កាលពី​រសៀល​ថ្ងៃ​ទី​៥ កក្កដា ២០១៧​នេះ​។

ប្រភព​ពី​ហ្វេ​ស​ប៊ុ​ក លោក អ៊ឹម ជីវ៉ា​បាន​បន្ត​ទៀត​ថា «​តារាចំរៀង អ៊ុំ គ​ន្ធា គឺជា​តារាចម្រៀង ស៊ិ​ច​ស៊ី ដែល​ល្បីល្បាញ ដែល​ទទួល​ការ​គាំទ្រ តែ​ដោយសារ​តែ​អ្នក​នាង មាន​ផ្ទុកមេរោគ​អេ​ដស៍ ធ្វើ​អោយ​អ្នក​នាង​បាក់ទឹកចិត្ត​គេច​មុខ​ពី​វិស័យ​សិល្បៈ សំងំ​រស់នៅ​ជាមួយ​ម្តាយ​យ៉ាង​ស្ងៀមស្ងាត់​» ។ ប្រភព​បាន​បញ្ជាក់​ទៀត​ថា បើ​គិត​មក​ត្រឹម​ឆ្នាំ​២០១៧​នេះ មាន​រយៈ​១៤​ឆ្នាំ​ហើយ ដែល​អ្នក​នាង​ផ្ទុកមេរោគ​ដ៏​សាហាវ​មួយ​នេះ ហើយ​សព្វថ្ងៃ អ្នក​នាង​រស់នៅ​ក្នុងភូមិ​វិមាន​ទ្រុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា សព្វថ្ងៃ អ្នក​នាង​រស់នៅ​ក្នុង​ជីវភាព​ខ្វះខាត និង​ត្រូវ​ចិញ្ចឹម​កូន​ពីរ​នាក់​ទៀត​ផង​។ ចំណែក​កូនពៅ​របស់​អ្នក​នាង ក៏​ផ្ទុកមេរោគ​អេ​ដស៍​ដែរ ម្យ៉ាងទៀត ម្ដាយ​អ្នក​នាង​ក៏​មាន​ជំងឺ​ធ្ងន់​ទៀត​។

ប្រភព​បាន​ស្នើ​សុំ​បងប្អូន​ប្រិ​យ​មិត្ត​មេត្តា​ជួយ Share ផង វា​ពិតជា​អនិច្ចា ជីវិត​របស់​អ្នក​នាង អ៊ុំ គ​ន្ធា ផ្ទុកមេរោគ​អេ​ដស៍​អស់​រយៈពេល ១៤​ឆ្នាំ​ហើយ​នោះ ។ បើ​ដឹង​ការ​ពិត​ពី​ជីវិត​អ្នក​នាង អ៊ុំ គ​ន្ធា ហើយ​សូម​ជួយ Share មួយ​ផង ដើម្បី​អោយ​អ្នកមាន​ចិត្តសប្បុរស​បាន​ជួយ​ដល់​នាង ។

អេ​ដស៍​ជា​ជំងឺ​ដ៏​កាច​សាហាវ ដែល​បំផ្លាញ ធ្វើបាប​មនុស្សលោក​ជា​ច្រើន​ទស​វត្ស​មក​ហើយ ហើយ​បន្សល់​ទុក​នូវ​កុមារ​កំព្រា​ជា​ច្រើន​រាប់​ស្ទើរ​មិន​អស់​។ ហេតុ​ដូច្នេះ​សូម​បងប្អូន​ប្រិ​យ​មិត្ត​មេត្តា​កុំ​រើសអើង​ជន​រង​គ្រោះ​ដោយសារ​មេរោគ​មួយ​នេះ​អី ហើយ​មេត្តា​ជួយ​អ្នក​នាង​តាម​លទ្ធភាព ឬ​ជួយ​លើកទឹកចិត្ត អ្នក​នាង​ផង ។

ទោះ​យ៉ាងណា​សារព័ត៌មាន​អង្រុត មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ប្រភព​ព័ត៌មាន ឬ​សាមីខ្លួន​បាន​នៅឡើយ​ទេ ។ បើ​ប្រភព​ព័ត៌មាន​ឬ​សាមីខ្លួន​ចង់​បំភ្លឺ​បន្ថែម ស្ថាប័ន​យើងខ្ញុំ​រីករាយ​ស្វាគមន៍​គ្រប់ពេល ៕

 

Comments

comments