ភ្នំពេញ ៖ ការ​បោះ​ឆ្នោត​យ៉ាង​សម្រិតសម្រាំង ក្រោម​វត្តមាន​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ឃ្លាំង ឃួ​ត អភិបាល​ខណ្ឌ​ជ្រោយចង្វារ ព្រមទាំង​សិល្បករ​ថ្មី​ចាស់​ជា​ច្រើន​រូប ក្នុង​ការ​ស្វែងរក​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ជំនាន់​ថ្មី ពេល​នេះ លទ្ធផល​បាន​ចេញ​ជា​រូបរាង​ហើយ ដោយ​តារា​សម្តែង ច​ន ច័ន្ទ​ល​ក្ខិ​ណា ជាប់​ឆ្នោត​ជា​ប្រធាន ។ សម្រាប់​បេក្ខជន​ឈរឈ្មោះ​អាណត្តិ​ថ្មី​នេះ រួម​មាន​អ្នក​នាង ច​ន ចន្ទ័ល​ក្ខិ​ណា លោក អៀង ស៊ី​ថុ​ល និង​លោក កុយ ស៊ី​ឌឿ​ន ប្រធាន​វិទ្យុ​ឌី​ភី និង​ក្លិប​សិល្បៈ​ឌី​ភី ។ ពិធី​នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង នា​ថ្ងៃ​ទី​៧ កក្កដា ២០១៧ នៅ​ភោជនីយដ្ឋាន​ស្ទឹង​មាស រាជធានី​ភ្នំពេញ ។

ក្នុង​នាម​ជា​អ្នកសិល្បៈ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ឈ្នះ​ឆ្នោត និង​ត្រៀម​ឡើង​កាន់​កៅអី​ថ្មី ជា​ប្រធាន បាន​គូសបញ្ជាក់​ថា ជា​ជំ​ហ៊ាន​ដំបូង អ្នក​នាង​នឹង​ធ្វើ​កាត​សម្គាល់​ដល់​សិល្បករ​ទាំងអស់​ឲ្យ​មានឈ្មោះ​ជា​អ្នកសិល្បៈ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សមាគម​សិល្បៈករ​ខ្មែរ ។ លើស​ពី​នេះ អ្នក​នាង​នឹង​ត្រៀម​ធ្វើការ​បំពាក់​មេដាយ​ជូន​ដល់​សិល្បករ​ជើង​ចាស់ និង​អ្នកមាន​ស្នាដៃ​ជា​បន្ត​ទៀត នៅ​ពីរ​ខែ​ខាង​មុខ ។ អ្នក​នាង នឹង​ជួយ​អ្នកសិល្បៈ​ដូច​គ្នា ហើយ​អ្នកសិល្បៈ​ក៏​ត្រូវ​ជួយ​សង្គម​ដូច​គ្នា​សិល្បៈ និង​ការងារ​សង្គម​ត្រូវ​ដើរ​ទន្ទឹម​គ្នា ។

ប្រធាន​សមាគម ទើបតែ​ឡើង​ថ្មី ក្រោម​សំឡេង​បោះ​ឆ្នោត​រូប​នេះ ប្រាប់​បន្ត​ទៀត​ថា ក្នុង​បេះដូង​សិល្បៈ អ្នក​នាង នឹង​មិន​ចោល​សិល្បៈករ​ណាមួយ​នោះ​ឡើយ អ្នក​នាង​នឹង​ខំ​មើល​ខុស​ត្រូវ​ឲ្យ​បាន​ល្អ និង​រៀបចំ​ផែនការ​គិតគូរ​ឲ្យ​បាន​ច្រើន​។ ជា​ពិសេស អ្នក​នាង​បាន​កំណត់​ទិស​ដៅ​គិត​លើ​ស្ត្រី​ជា​ធំ និង​សិល្បករ​ជើង​ចាស់​ផង​ដែរ ៕

Comments

comments