បន្ទាប់​ពី​ការ​ទម្លាយ​ឲ្យ​ដឹង​ពី​មន្ត្រី​ច្រក​ចាំ​យាម អំពី​ការ​បើក​ច្រក​សម្ងាត់​របស់​ឧកញ៉ា លី យុង​ផាត់ នៅ​ចំណុច​រមណីយដ្ឋាន​កោះកុង រួម​ទាំង​កាស៊ីណូ និង សណ្ឋាគារ​របស់​លោក​ឧកញ៉ា​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​ថ្ងៃ​នោះ ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះគន់​បន្ថែម​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​លួច​បើក​ច្រក​សម្ងាត់​មួយ​នេះ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ច្រក​សម្ងាត់​មួយ​នេះ គឺ​បើក​រាប់​ទស​វត្ស​មក​ហើយ ហើយ​ជា​ច្រក​ដែល​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សមត្ថកិច្ច ឬ​អាជ្ញាធរ រាជរដ្ឋាភិបាល​នោះ​ឡើយ ហើយ​ច្រក​មួយ​នេះ​ប្រើប្រាស់​មិន​ស្របច្បាប់​និង​សម្រាប់​តែ​បំរើ​ផលប្រយោជន៍​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ​។

ប្រភព​នោះ​បាន​បញ្ជាក់​ថា ចាប់តាំងពី​បង្កើត​ច្រក​សម្ងាត់​នោះ​មក​ជនបរទេស​ដែល​ចូល​មក​សម្រាក​ក្នុង​សណ្ឋាគារ​និង​ចូល​មក​លេង​នៅ​កាស៊ីណូ​របស់​លោក​ឧកញ៉ា លី យុង​ផាត់ គឺ​មិន​ត្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​ពី​ស្ថាប័ន​នគរបាល​អន្តោប្រវេសន៍​ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នោះ​ឡើយ ។

ទន្ទឹម​នោះ​មុខទំនិញ​គេចពន្ធ សំខាន់​រថយន្ត​ទំនើប​ៗ ត្រូវ​បាន​គេ​នាំ​ចូល​តាម​ច្រក​នេះ​ជា​បន្តបន្ទាប់​តាម​រយះ​កូន​អ្នកធំ ហើយ​គ្រាន់តែ​បង់លុយ​ឲ្យ​ក្រុមហ៊ុន លី យុង​ផាត់ តាម​ការ​ព្រមព្រៀង ឬ​ការ​ឃុបឃិត​តាម​រូបភាព​ផ្សេង​ទៀត ។ របៀប​នៃ​ការ​នាំ​រថយន្ត​ទំនើប​គេចពន្ធ​ចូល​មក​ស្រុក​ខ្មែរ​បាន​គឺ​មុន​ដំបូង​គេ​ធ្វើ​ជា​អ្នក​ចូល​មក​លេង​ក្នុង​កាស៊ីណូ ដោយ​ជិះ​រថយន្ត​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​សម្ងាត់​នោះ ។ បន្ទាប់​មក​គេ​យក​លេខ​រថយន្ត​ស្រុក​ខ្មែរ​ចាប់​លើ​រថយន្ត​គេចពន្ធ​ទាំងនោះ ហើយ​ចូល​មក​ស្រុក​ខ្មែរ​តែ​ម្តង ។ ករណី​នេះ​កើត​មាន​ញឹក​ញ៉ាប់​ដោយ​ក្នុង​មួយ​ខែ​ៗ គេ​នាំ​ចូល​ប្រមាណ​ពី​១០​ទៅ​១៥​គ្រឿង​ឯណោះ ។

មន្ត្រី​ថ្នាក់ដឹកនាំ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​ដែល​ស្ថិត​នៅ​ក្បែរ​ច្រក​សម្ងាត់​ខាងលើ​នេះ​បាន​បង្ហើប​ប្រាប់​ថា ច្រក​លោក​ឧកញ៉ា លី យុង​ផាត់ នេះ​ពុំ​មាន​មន្ត្រី​រាជរដ្ឋាភិបាល​ណា​ម្នាក់​ហ៊ាន​ចូល​ត្រួតពិនិត្យ​នោះ​ទេ សូ​ម្បី​តែ​ធ្វើ​ជា​ដឹង​ឮ​ក៏​មិន​ហ៊ាន​ដែរ ។ ប៉ុន្តែ​ប្រសិនបើ​មាន​មន្ត្រី​ណា​ម្នាក់​ហ៊ាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន អំពី​ច្រក​សម្ងាត់​នេះ ប្រាកដ​ណាស់​ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដក​ចេញពី​តំណែង​មិន​ខាន ។

មន្ត្រី​រូប​នោះ​អះអាង​ថា សូ​ម្បី​តែ​សណ្ឋាគារ​មួយ​របស់​លោក​ឧកញ៉ា លី យុង​ផាត់ ដែល​គេ​ដឹង​ថា មាន​បន្ទប់​ប្រមាណ​៥០០​បន្ទប់ ហើយ​ប​ច្ចុ​ប្ប​បាន​ជួល​ផ្តាច់មុខ​ឲ្យ​ជនជាតិ​ចិន​មួយ​ក្រុម​ដែល​គេ​សង្ស័យ​ថា ជា​ក្រុម​មនុស្ស​មិនសូវ​ល្អ​នោះ​ក៏​មន្ត្រី​ជំនាញ​មិន​ហ៊ាន​ទាំង​ធ្វើ​ដឹង​ធ្វើ​ឮ​ផង ។ គាត់​បញ្ជាក់​ថា តំបន់​នោះ​ហាក់​ស្ថិត​នៅ​ដាច់​ដោយឡែក​ពី​ការ​គ្រប់គ្រង​របស់​រាជរដ្ឋាភិបាល ។ ប៉ុន្តែ​គេ​មិន​ហ៊ាន​និយាយ​ថា ជា​តំបន់អប្បគមន៍​នោះ​ឡើយ ។

ភ្នំពេញ​ថ្មី ព្យាយាម​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​ឧកញ៉ា ឬ​ក៏​តំណាង​ក្រុមហ៊ុន​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​នៅឡើយ ។ យ៉ាងណា​ក៏​ដោយ យោង​តាម​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ដកស្រង់​សំដី​របស់​តំណាង​ក្រុមហ៊ុន​ម្នាក់ ដែល​បាន​អះអាង​ថា ព័ត៌មាន​ដែល​គេ​ទទួល​បាន​នោះ​មិន​ពិត​ឡើយ ។

តាម​ភ្នំពេញ​ប៉ុស្តិ៍ ដកស្រង់​សំដី​របស់​កូនប្រុស​ប្រសារ​របស់​លោក លី យ៉ុ​ង​ផាត់ លោក សេង ញាក់ (Seng Nhak) ដែល​បាន​ថ្លែង​ថា​នរណា​ក៏​ដោយ​ដែល​បាន​ប្រើ​ផ្លូវ​នោះ​ដើម្បី​ចូល​ទៅ​ប្រទេស​ថៃ​នៅ​តែ​ត្រូវ​តម្រូវ​ឲ្យ​មាន​ប័ណ្ណ​ឆ្លងកាត់​ជា​មុន​សិន​តាម​រយៈ​ការ​ត្រួតពិនិត្យ​អន្តោប្រវេសន៍​នៅ​ប៉ុស្តិ៍​ផ្លូវការ​។

លោក ញាក់ (Nhak) បាន​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​អ្នក​អាច​មាន​ផ្លូវ​ជា​ច្រើន​ទៅ​ប៉ុស្តិ៍​ព្រំដែន ប៉ុន្តែ​មាន​ការិយាល័យ​ចេញចូល​តែ​មួយ​ដែល​អ្នក​រាល់គ្នា​ត្រូវ​ឆ្លងកាត់​»​។ លោក​បាន​ពន្យល់​ថា លោក​បាន​បញ្ជាក់​ជាមួយ​រមណីយដ្ឋាន​កោះកុង​ថា​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​ដែល​ប្រើប្រាស់​ផ្លូវ​នេះ​ក៏​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផង​ដែរ ៕

អត្ថបទ​៖​ភ្នំពេញ​ថ្មី

Comments

comments