ភ្នំពេញ ៖ តារាចម្រៀង ម៉ា​រ៉ា ប៊ុ​ន​ណ្ណា ទើបតែចេញ MV ចម្រៀង​ថ្មីរបស់ខ្លួន ដែលនិពន្ធ​ចម្លង​មក​ពី​ថៃ គឺ​បទ​តារា​បែក​ស្លុយ បានផ្សាយនៅ​លើ​បណ្តាញ​យូ​ធូប និង​ហ្វេ​ស​ប៊ុ​ក ភ្លាមមិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ទទួល​បានការ​ចាប់អារម្មណ៍ពី​សំណាក់​មហាជន​ដូចទឹកបាក់ទំនប់ជាមួយ​នឹង​ការ​រិះគន់ក៏​បាន​ផ្ទុះ​ឡើង​យ៉ាង​គំហុក មក​លើ​តារាចម្រៀងយើងក្រោម​ហេតុផល​ថា លោក ម៉ា​រ៉ា ប៊ុ​ន​ណ្ណា ប្រហែល​គ្មាន​សមត្ថភាព ធ្វើ​បទ​ដោយ​ខ្លួនឯង​ទេ ទើប​យក​បទ​គេ​មក​ច្នៃ​ច្រៀង​តាមគេទៅវិញ ​។

តាម​ការ​កត់សម្គាល់ត្រឹម​រយៈពេល​ទើបតែ​២ ឬ​៣​ថ្ងៃ​ប៉ុណ្ណោះ រហូតមកដល់ពេលនេះក៏នៅមានការ​រិះគន់​យ៉ាង​ខ្លាំង ដោយ​ក្នុង​នោះ​មាន Page ខ្លះ​បាន​រិះគន់​ថា​ «​ហួសចិត្ត​តារា​ខ្មែរ ឃើញ​បទ​គេ​ល្បី​តិច​មិន​បាន ខំ​ធើ​តាម​គេ​។ ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​រូប ខ្មុំ​ខ្មាស់​គេ​ណាស់ ដែល​សិល្បៈ​ខ្មែរ​ដល់​ថ្នាក់​នេះ តើ​បងប្អូន​មាន​ពាក្យ​អ្វី ផ្តាំផ្ញើរ​ទៅ​គាត់​សុំ​ម្នាក់​មួយ​ម៉ាត់​មក​។ ចុច Share បើ​បងប្អូន​មិន​ចូល​ចិត្ត​សិល្បៈ​ខ្មែរ​ចំឡង​គេ​» ​។

ដោយឡែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​តារាចម្រៀង​រ៉េ​ប​ឌី​ជេ អាចារ្យ​ធំ ក៏​បាន​រិះគន់​ថា ​«នៅ​ពេល​ដែល​ខ្មែរ​រិះគន់​ថៃ​ថា​ជា​ចោរលួច​ប្លន់​វប្បធម៌​របស់​ដូនតា​យើង តើ​មាន​ធ្លាប់​រអៀសខ្លួន​ខ្លះ​ទេ ចំពោះ​បុគ្គល​ខ្មែរ​មួយ​ចំនួន (​ផលិតករ​ខ្លះ ឬ អ្នកសិល្បៈ​ខ្លះ​) នៅ​តែ​បន្ត​បំបាក់មុខ​ប្រជាជាតិ ដែល​ជា​ម្ចាស់​នៃ​ខឿនវប្បធម៌ ដ៏​ចំណាស់​មួយ​នេះ ដោយ​បាន​លួច​ចម្លង​នូវ​ស្នាដៃ​របស់​កូនចៅ​ជំនាន់​ក្រោយ​គេ យ៉ាង​គ​គ្លើ​ន ដោយ​មិន​មានការ​ខ្មាស​អៀន​អ្វី​បន្តិច​សោះ?» ​។

ជាមួយ​គ្នា​នេះ ឌី​ជេរ អាចារ្យ​ធំ ក៏​បាន​បន្ថែម​ទៀត​ថា​ «បើ​យើង​នៅ​តែ​ប្រឹង​លួច បច្ចុប្បន្នភាព​របស់​ជាតិ​គេ តើ​យើង​មានមុខមាត់​អី ទៅ​ជជែក​ទាមទារ ដើម្បី​ការពារ​កេរ្តិ៍​តំណែល អតីតកាល​របស់​ដូនតា​ខ្មែរ​យើង​នោះ? តើ​កូន​ខ្មែរ​ជំនាន់​នេះ ពិតជា​លែង​ត្រូវការ​មរតក ដ៏​អស្ចារ្យ​របស់​ដូនតា​ខ្មែរ​ហើយ​មែន​ទេ? តើ​ឯណា​មោទនភាព​ជាតិខ្មែរ? ​។ បុរាណ​យើង​ត្រូវ​តែ​អភិរក្ស សម័យ​យើង​ត្រូវ​តែ​អភិវឌ្ឍន៍ តែ​មិនមែន​អភិវឌ្ឍន៍​ខាង​លួច​ចម្លង ស៊ី​កេរ្តិ៍​សមិទ្ធផល​របស់​បរទេស ដើម្បី​តែ​ភាព​ល្បីល្បាញ ដ៏​ថោកទាប មិន​គិត​អំពី​មុខមាត់ កេរ្តិ៍ឈ្មោះ​កិត្តិយស របស់​ជាតិខ្មែរ​នោះ​ទេ​។ ដូច​ម្ដេច​ដែល​ហៅ​ថា​អ្នកសិល្បៈ? បើ​រក​អ្វី​ដែល​ជា​សមិទ្ធផល​ថ្មី​ខ្លួនឯង​មិន​បាន​ទេ ចូរ​ដេក​ផ្ទះ​នៅ​ស្ងៀម​មួយ​កន្លែង​ប្រសើរ​ជាង​» ៕

ជាមួួយគ្នានេះដែរប្រិយមិត្តម្នាក់គឺកញ្ញា នីតា ក៏បានបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេសប៊ុកថា អ្នក​ណា​ៗ​ក៏​ដឹង​ថា​បទ​ហ្នឹង និស្សិត IT ថៃ​ច្រៀង​សំដែង​នោះ តែ​ហេតុ​អី​គាត់​នៅ​តែ​យក​បទ​ហ្នឹង​មក​ធ្វើ​តាម ? គឺ គាត់​មាន​ចេតនា​ចង់អោយ​គេ​ជេរ​គាត់ ស៊ែរវីដេអូរបស់គាត់ ដើម្បី​អោយ​គាត់​ល្បី​ឡើង​វិញ ដោយសារ​គាត់​បាត់​មុខ​យូរហើយ ឥឡូវ​គាត់​ល្បី​មែន ។ ចឹ​ង​បាន​ថា ​ហ្វេ​ស​ប៊ុ​ក​គឺ​ជេរ​តាម​គ្នា អត់​ពិចារណា​ទេ ជា​ពិសេស​អោយ​តែ​តារា​ខ្មែរ​គ្នា​ឯង​ជេរ​នោះ​ជេរ តែបើ​តារា​ថៃ​ គាំទ្រ​ខ្លាំង​ណាស់ ទាំង​ភាគច្រើន​ដឹង​ថា ​ថៃ​ស្អប់​ខ្មែរ​ខ្លាំង​យ៉ាងណា ហើយ​ថៃ​មើលងាយ​ខ្មែរ​យើង​យ៉ាងណា​ ។

ឆ្លើយ​តប​និងបដិសេធ​ចំពោះ​ការ​រិះគន់​នេះ ម្ចាស់​ផលិតកម្ម Galaxy លោក ឡេ​ង ណា​វ៉ា​ត្រា បាន​ច្រានចោល​ថា បទ​ចម្រៀង «​តារា​បែក​ស្លុយ​២០១៧» មិនមែន​ជា​របស់​ផលិតកម្ម​លោក​រៀបចំ​ផលិតនោះ​ទេ ទោះបី​តារាចម្រៀង​លោក ម៉ា​រ៉ា ប៊ុ​ណ្ណា ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម​របស់លោក​ក៏ដោយ​ ។ លោក​បញ្ជាក់​ថា ចម្រៀង​ដែល​ច្រៀង​ហើយ គេ​ជេរ​ត្មិះ​ដៀល​ឡើង​កក្រើក​ហ្វេ​ស​ប៊ុ​ក​នោះ គឺ​លោក ម៉ា​រ៉ា ប៊ុ​ណ្ណា ផលិតដើម្បី​លេង​កម្សាន្ត​​នោះ​ទេ​ ។

លោក ណា​វ៉ា​ត្រា សង្កត់ធ្ងន់​ទៀត​ថា លោក​អត់​យក​បទ​ដែល​គេ​រិះគន់​នោះ មក​ដាក់​ក្នុង​ផលិតកម្ម​លោក​ឡើយ បើ​ទោះជា ម៉ា​រ៉ា ប៊ុ​ណ្ណា ផលិត​បាន​បទ​ផ្ទាល់ខ្លួន​ច្រើន ក៏​ត្រូវ​មក​ដល់​ដៃ​លោក​ជា​ថៅកែ ត្រូវ​តែ​ពិនិត្យ​សិនដែរ ៕

Comments

comments