ប្រភព​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុងស្រុក​ស្រី​ស​ន្ឋ​រ ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា​កន្លង​មក មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ចាម បាន​សាងសង់​ផ្លូវ​កៅស៊ូ​និង​ចាក់​បេតុង នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ស្រី​ស​ន្ឋ​របា​ន​ចំនួន​៨០​ភាគរយ​ហើយ នៅ​សល់​២០​ភាគរយ​គឺ​ប្រមាណ​១៦​គីឡូម៉ែត្រ​ទៀត ខាង​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន នឹង​លើក​គម្រោង​ទុក​សាងសង់​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​។

បើ​តាម​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ចាម លោក ចាន់ មារ​ឌី បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​បញ្ជាក់​ឲ្យ​ដឹង​ថា ផ្លូវ​ដែល​សាងសង់ បាន​ត​ភ្ជាប់​រវាង​ស្ពាន​ព្រែក​តា​មា​ក់ ខេត្តកណ្ដាល និង​ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ហើយ​ផ្លូវ​នេះ​ស្ថិត​ក្នុង​គម្រោង​ទី​១ ។ ចំណែក​គម្រោង​ទី​២ នឹង​ត​ភ្ជាប់​ផ្លូវ​ដដែល​ពី​ស្រុក​ស្រី​សន្ធរ ដល់​ស្រុក​កោះសូទិន ដែល​នឹង​ត្រូវ​សាងសង់​នៅ​ឆ្នាំ​២០១៨ ។

ក្រុម​អ្នក​តាមដាន​សង្គម​មួយ​ចំនួន​បាន​និយាយ​ថា នៅ​សល់​តែ​១៦​គីឡូម៉ែត្រ​ទៀត​ធ្វើ​មិន​បាន រង់ចាំ​បង្ហើយ​នៅ​ឆ្នាំ​ក្រោយ​នោះ ទំនងជា​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ចង់បាន​សំឡេង​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦(​នីតិកាល​ទី​៦) ដែល​តាម​គម្រោង​នឹង​បោះ​នៅ​ចុង​ស​ប្តា​ហ៍​ទី​៤​នៃ​ខែកក្កដា នៅ​ឆ្នាំ​២០១៨ ។

មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេពី​លោក​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ចាម ចាន់ មារ​ឌី ជុំវិញ​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​តាមដាន​សង្គម​ខាងលើ​នេះ ។

ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​តាមដាន​រឿង​ការ​សាងសង់​ស្ថាបនា​ផ្លូវ​នៅ​ស្រុក​ខ្មែរ​បាន​និយាយ​ថា សង្ស័យ​ឆ្នាំ​ក្រោយ ពេល​ដែល​ចាប់ផ្តើម​បន្ត​សាងសង់​ផ្លូវ​កៅស៊ូ​និង​បេតុង​ដែល​សល់​១៦​គីឡូម៉ែត្រ​ទៀត​នោះ ផ្លូវ​ដែល​ធ្វើ​រួច​បាន​៨០​ភាគរយ​នោះ​ចាប់ផ្តើម​ខូច​ដែរ ព្រោះ​ករណី​ធ្វើ​មុខខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ ចាក់​ក្រាស់​ស៊ី​ស្តើង ចាក់​ស្តើង​ស៊ី​ក្រាស់​នេះ មិនមែន​ជា​រឿង​ថ្មី ឬក៍​ចម្លែក​អី​ទេ​នៅ​ស្រុក​ខ្មែរ ៕

Comments

comments