ភ្នំពេញ ៖ តារា​កំប្លែង​នាង ឃ្មឹ​ប តាំងពី​ងាក​មក​ស្រវា​ការងារ​សិល្បៈ​វិញ អាច​រក​ចំណូល​បានបន្តិចដើម្បី​ជា​ទុនសម្រាប់ការ​រស់នៅ​ ក្នុង​នាម​ជា​ម្តាយរហូត​មក​ទល់​ពេល​នេះនៅ​តែ​មាន​ទឹកចិត្ត​អាណិតកូន​ប្រុស ដែល​មិន​ចង់​ឃើញ​កូន​លំបាក សុខចិត្ត​សុំ​ឲ្យ​នាយ ហុងដា សម្រាលទោស​ដល់​កូនប្រុស​ឲ្យ​ធូរ​បន្តិច​ ​។

នាង រ៉េ​ន សុធា​រី ហៅ​ឃ្មឹ​ប បាន​និយាយ​សារ​ជា​ថ្មី​ថា បើ​អាច​នាង​ចង់​ឲ្យ​លោក ហុងដា ជា​ឪពុក​ជួយ​សម្រួល​ទោស​ឲ្យ​កូន​របស់​ខ្លួន កំពុង​ជាប់​ឃុំឃាំង បាន​ធូរ​ជាង​នេះ​ ។ ប៉ុន្តែ​នេះ គ្រាន់តែ​ជា​សំណូមពរ​ប៉ុណ្ណោះ គ្រា​ដែល​នាង​ក៏​ដឹង​ថា ទោស​កូនប្រុស​ច្បង​របស់​នាង គឺ​ធ្ងន់​ ។ អ្វី​ដែល​អ្នក​នាង​ធូរចិត្ត គឺ​កូន​គេ​ប្រែចិត្ត​គំនិត​ច្រើន គេ​តែងតែ​សួរ​រក​ឪពុក ផ្តាំ​តាម​នាង​ឲ្យ​សួរសុខទុក្ខ​ប៉ា​គេ​ផង​ ។ ក្រៅពី​នេះ កូន​គេ​បាន​រៀន​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​ពន្ធនាគារ​ហាក់​ធ្វើ​ឲ្យ​នាង​ជា​ម្តាយ​កក់ក្តៅ និង​ក្តុកក្តួល ពេល​ឃើញ​កូន​ចេះ​ប្រែគំនិត​ដឹង​ខុស​ត្រូវ​វិញ ​។

នាងឃ្មឹ​ប បន្ត​​ថា ​រហូត​មក​ទល់​ពេល​នេះ នាង​បាន​ទៅ​មើល​កូន បាន​បី​ទៅបួន​ដង​ដែរ ក្នុង​ពេល​២​ខែ​នេះ ដោយ​កន្លះ​ខែ​ទៅ​ម្តង ​។ ក្នុង​ពេល​ទៅ​ជួប​កូនប្រុស​ម្តង​ៗ ឆ្លៀត​ទិញ​សាច់​គោ​ប្រឡាក់ អង្ករ របស់​ប្រើប្រាស់​និង​លុយ​ទុក​ចាយ ដោយ​ទៅ​ម្តង​ៗ ​ចំណាយ​ជិត​២០០​ដុល្លារ​ឯណោះ​ ។

រហូត​មក​ទល់​ពេល​នេះ ឃ្មឹ​ប បាន​ទិញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​ផ្ទាល់ខ្លួន ដើម្បី​ដើរ​សម្តែង ដោយ​ប្រាក់​ទាំងនោះ បាន​មក​ពី​សប្បុរសជន​ជួយ​កាលពី​ជួប​ការ​លំបាក​គ្រា​មុន ​។ ឃ្មឹ​ប ប្រាប់អ្នកសារព័ត៌មាន​ថា នាង​អរគុណ ដែល​បងប្អូន​បាន​ជួយ​សម្រួលការ​លំបាក​កន្លង​មក ទាំង​អ្នកសិល្បៈ និង​មិនមែន​សិល្បៈ ទឹកចិត្ត​ខ្មែរ​ស្រឡាញ់​ខ្មែរ​ ។ គុណ​ទាំង​អស់នោះ​ហើយ បាន​ឲ្យ​នាង​សល់​ម៉ូតូ​មួយ​គ្រឿង​ ទុក​ជិះ​ផុត​ពី​ការ​ជិះ​ម៉ូតូឌុប​ចំណាយ​ច្រើន អាច​ធ្វើ​ឲ្យ​នាង​ធូរ​បន្តិច​ដែរ នាង​តែងតែ​អរគុណ​អ្នក​ជួយ​រូបនាង​ជា​និច្ច​ ។

សូមរំលឹកថា នៅ​ម៉ោងជិត​១១​យប់​ថ្ងៃ​ទី​១៥ ឧសភា ២០១៧ ស្រាប់តែ​តារា​កំប្លែង​នាង រ៉េ​ន សុធា​រី ហៅ​ឃ្មឹ​ប ឫ​ខ្សុច ដែល​គេ​ស្គាល់​ថា ជា​អតីត​ភរិយា​ទី​១ របស់​នាយ ហុងដា បាន​លេចមុខ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ស្ថិត​ក្នុង​ជីវភាព​ក្រីក្រ​លំបាក ​ស្ទើរតែ​មិន​គួរ​អោយ​ជឿ ។ ការ​លេចមុខ​សារ​ជា​ថ្មី​នេះ ក៏​ដោយសារ​តែ​កូនប្រុស​បង្កើត​របស់​នាង​ប្រឈម​នឹង​ជាប់គុក​អស់​មួយ​ជីវិត តម្រូវ​អោយ​រូប​នាង​ឡើង​មក​មើល​កូន​នៅ​ឯ​ភ្នំពេញ នេះ​បើ​យោង​តាម​អ្នក​នាង ឃ្មឹ​ប ​បាន​បញ្ជាក់ផ្ទាល់ ​អោយ​ដឹង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន TVFB ។

អ្នក​នាង ឃ្មឹ​ប ប្រពន្ធដើម​លោក​ហុង ដា ស្ថិត​ក្នុង​ស្ថានភាព​គួ​ឱ្យ​អាណិតអាសូរ​ រកតែ​អង្ករ​ច្រក​ឆ្នាំង​សឹងតែ​ពុំ​បាន​ផងនោះ រូប​នាង​ត្រដរ​រក​លុយ​មក​មើល​កូនប្រុស ក៏​សឹងតែ​មិន​បាន ព្រោះ​គ្មាន​លុយ​មួយ​រៀល​ទេ ។ ក្រោយ​បែក​ពី​លោក​ហុង ដា រយៈពេល​៤​ឆ្នាំ ទើបនាង​មាន​ប្តី​ថ្មី ហើយ​មានកូន​ស្រី​ម្នាក់​ទៀត មាន​អាយុ​៣​ឆ្នាំ សព្វ​ថ្ងៃ​រូប​នាង​ស៊ីឈ្នួលច្រូតស្រូវ​អោយ​គេ និង​ធ្វើស្រែ​ចំការ​អោយ​ពូ​បង្កើត នៅ​ខេត្តបន្ទាយមានជ័យ ៕

Comments

comments