ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​ដែល​បុរស​ខ្លាំង​ហ៊ុន សែន ប្រកាស​ការពារ​បូរ​ភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ​នៅ​ក្នុង​ពិធី​ខួបកំណើត CPP កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា អំពើ​ហិង្សា​រវាង​ប្រជាពលរដ្ឋ​ខ្មែរ​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​គណបក្សប្រឆាំង និង​ប្រជាពលរដ្ឋ​យួន បាន​ផ្ទុះ​ឡើង​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ នៅ​ក្នុងភូមិ​ធ្លក​ថ្មី ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​លោក​រៀល ខេ​ម​រិ​ន្ទ្រ តំណាងរាស្ត្រ CNRP សរុប​១០​នាក់​រង​របួសធ្ងន់​ស្រាល និង​ពលរដ្ឋ​យួន​៨​នាក់​រង​របួស ។

ក្រោយ​កើតហេតុ​អំពើ​ហិង្សា​ផ្ទុះ​ឡើង​ដ៏​កម្រ​កើតឡើង​នៅ​ព្រំដែន​ខាងលើ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សម្តែង​ការ​សោកស្តាយ និង​ប្រកាស​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ប៉ះទង្គិច​គ្នា​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​២០៣(​ទួល​តា​ព្រាប​) នៅ​ក្នុងភូមិ​ធ្លក​ថ្មី ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ។

ការ​មិន​ទទួលខុសត្រូវ​នេះ​ដោយសារ​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តស្វាយរៀង​អះអាង​ថា ការ​ទៅ​ពិនិត្យ​ព្រំដែន​របស់ CNRP ដឹកនាំ​ដោយ​លោក​រៀល ខេ​ម​រិ​ន្ទ្រ មិន​បាន​ជូនដំណឹង​មក​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក៏​ដូច​ជា​ជូនដំណឹង​ទៅ​ភាគី​វៀតណាម​ជា​មុន​ផង​ដែរ ។

ដោយឡែក​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍​ខៀវ សុ័​គ ក៏​បាន​ធ្វើការ​ថ្កោលទោស និង​ប្រឆាំង​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ខាងលើ​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​ដែរ​លោក​ខៀវ សុភ័គ ក៏​បាន​គាំទ្រ​នូវ​ស្មារតី​ស្នេហា​ជាតិ ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ពី​សំណាក់​ប្រជាពលរដ្ឋ​ទាំងអស់ ។

បើ​តាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូប​នេះ តំបន់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចុះ​ទៅ​មើល​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ ជា​តំបន់​ស្ថិត​នៅ​ក្នុង​ការ​ដោះស្រាយ​របស់​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​មិន​ទាន់​ដោះស្រាយ​ចប់​នៅឡើយ​ទេ ។

តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៩ មិថុនា ២០១៥ លោក​ខៀវ សុភ័គ ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ចៀសវាង​ការ​យក​បញ្ហា​ព្រំដែន​ដើម្បី​ចំណេញ​នយោបាយ ។

នៅ​ក្នុង​ពិធី​រំលឹក​ខួប​ឆ្នាំ​ទី​៦៤​ថ្ងៃកំណើត CPP កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា ម្សិល​ម៉ិ​ញ លោក​ហ៊ុន សែន បាន​ប្រកាស​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ដោយ​ឈរ​លើ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ និង​ឯកសារ​គតិ​យុ​ត្ត​ពាក់ព័ន្ធ​នានា ដើម្បី​កសាង​ខ្សែបន្ទាត់​ព្រំដែន​ទាំងមូល​ទៅ​ជា​ព្រំដែន​ស្ថិរភាព សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍ ។

ជា​ការ​កត់សម្គាល់ ការ​ប្រកាស​របស់​លោក​ហ៊ុន សែន ខាងលើ​បែប​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​យួន​បាន​រំលោភ​យក​ដី​តាម​ព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ រតនគិរី និង​ខេត្តកណ្តាល ហើយ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ ទោះបីជា​ក្រសួងការបរទេស​ប្រទេស​កម្ពុជា​ធ្វើ​កំណត់​ទូត​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សារ​នោះ​ក្តី ។

ចាំ​មើល​តើ​នឹង​មាន​អ្វី​កើតឡើង​ទៀត​ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​ខាងលើ ខណៈ​លោក​សម រ​ង្ស៊ី បាន​យក​ផែនទី​ខ្នាត​១​លើ​១០០.០០០​ពី​ប្រទេស​បារាំង ជា​ផែនទី​ដែល​ទាំង​កម្ពុជា និង​យួន ត្រូវ​គោរព​តាម​កិច្ចព្រមព្រៀង​នោះ ៕
Svayring_20150629 (2)
Svayring_20150629 (5)
Hun sen 3

Comments

comments