ចរាចរ​ទំនិញ​ឆ្លងកាត់​តាម​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) ដែល​ទើប​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ ជាមួយ​អត្រាកំណើន​ជិត ១០ ភាគរយ ដែល​តំណាង​ក្រុមហ៊ុន​រំពឹង​ថា​នឹង​ជួយ​បង្កើន​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​នៅ​ឆ្នាំ​នេះ​។

កាលពី​ឆ្នាំ ២០១៦ PAS ទទួល​បាន​កំណើន​ចរាចរណ៍​ទំនិញ​ឆ្លងកាត់​ទាប ដោយ​មាន​អត្រាកំណើន​ត្រឹមតែ​ជាង ២ ភាគរយ​ប៉ុណ្ណោះ ខណៈ​ក្រុមហ៊ុន​កំពង់​ផែ​សំខាន់​ជាងគេ​របស់​កម្ពុ​ជាមួយ​នេះ​ធ្លាប់​មាន​អត្រាកំណើន​ប្រចាំឆ្នាំ​ពីរ​ខ្ទង់​ជាប់​ៗ​គ្នា​នៅ​ជិត​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​។

តួលេខ​ពី PAS ដែល​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ទទួល​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បង្ហាញ​ថា​ទំនិញ​នាំ​ចូល​នាំ​ចេញ​សរុប​តាម​កំពង់​ផែ ពី​ខែមករា ដល់​ខែមិថុនា​មាន​សរុប ២១១ ៧១៩ TEU (​ខ្នាត​ទូ​កុងតឺន័រ​) កើនឡើង ៨ ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ ២០១៦​។

លោក លូ គឹ​ម​ឈ​ន់ អគ្គនាយក PAS បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការ​ស្ទុះ​ឡើង​វិញ​នៃ​ការ​ចរាចរណ៍​ទំនិញ​គឺ​ដោយសារ​កំណើន​ចរាចរណ៍​កុងតឺន័រ​នាំ​ចូល និង​នាំ​ចេញ​នៅ​ក្នុងអំឡុងពេល​នេះ ដែល​ឆ្លុះ​បញ្ចាំង​កំណើនសេដ្ឋកិច្ច​កម្ពុជា​ដែល​បាន​ព្យាករ​ក្នុង​អត្រា​៧​ភាគរយ​នៅ​ឆ្នាំ​នេះ​។

លោក​បន្ថែម​ថា ការ​បន្ថែម​គ្រឿង​ម៉ាស៊ីន​លើកដាក់​កុងតឺន័រ​ពីរ​បន្ថែម​ទៀត​កាលពីដើម​ឆ្នាំ​នេះ ដែល​បង្កើន​សមត្ថភាព​លើកដាក់​ទំនិញ​តាម​កុងតឺន័រ​ជិត​ពីរ​ដង ក៏​ជា​មូលហេតុ​សំខាន់​ចូលរួម​ដល់​កំណើន​ចរាចរ​ទំនិញ​នៅ​ឆ្នាំ​នេះ​ផង​ដែរ ដែល​កត្តា​នេះ​បាន​បង្កើន​ទំនុកចិត្ត​ខ្លាំង​សម្រាប់​ក្រុមហ៊ុននាំចេញ និង​ក្រុមហ៊ុន​នាំ​ចូល​។

លោក​ថ្លែង​ថា​៖ «​យោង​តាម​លទ្ធផល​នៅ​ឆមាស​ទី​១​នេះ យើង​រំពឹង​ថា​កំណើន​ទំនិញ​ចរាចរ​កាត់​កំពង់​ផែ​នឹង​អាច​កើនឡើង​ពីរ​ខ្ទង់​នៅ​ឆ្នាំ​នេះ​»​។ លោក​បាន​បន្ត​ថា​៖ «​ការ​កើនឡើង​ចរាចរ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ នឹង​ជួយ​បង្កើន​ប្រាក់​ចំណេញ​របស់​យើង ដែល​យើង​រំពឹង​ថា​នឹង​អាច​ឲ្យ​យើង​ចែកចាយ​ភាគលាភ​ដល់​ក្រុម​វិនិយោគិន [​នៅ​ផ្សារ​ហ៊ុន​] បាន​ខ្ពស់​»​។

តាម​ស្ថិតិ​ចរាចរ​ទំនិញ​របស់ PAS ចរាចរ​ទំនិញ​ចូល​សរុប​នៅ​ឆមាស​ទី​១​នេះ​មាន ១០៧ ១៨១ TEU កើនឡើង​៨,៤​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ ក្នុង​នោះ​បាន​រួមចំណែក​ដោយ​កំណើន​នាំ​ចូល​គ្រឿង​ម៉ាស៊ីន និង​ដែកថែប​ជាដើម​។ ទិន្នន័យ​ដដែល​បាន​បង្ហាញ​ថា បរិមាណ​ទំនិញ​នាំ​ចេញ​មាន​សរុប ១០៤ ៥៣៨ TEU កើនឡើង ៧,៦៧ ភាគរយ ពី​ឆមាស​ទី​មួយ​ឆ្នាំ ២០១៦​។

លោក ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​កម្ពុជា (CAMFFA) បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សមាជិក​នៅ​ក្នុង CAMFFA ហាក់​មាន​សកម្មភាព​ថមថយ​ជាង​មុន​ទាក់ទង​នឹង​ការ​ផ្ដល់​សេវា​បញ្ជូន​ទំនិញ​សម្រាប់​ការ​នាំ​ចេញ​ដែល​ភាគច្រើន​ជា​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង​។

យ៉ាងណា​ក៏​ដោយ លោក​សង្កេត​ឃើញ​ពី​កំណើន​តម្រូវការ​សេវា​បញ្ជូន​ទំនិញ​នាំ​ចូល​ដែល​ភាគច្រើន​ជា​ទំនិញ​គាំទ្រ​ដល់​វិស័យ​សំណង់​ដូច​ជា​ដែក ស៊ីម៉ងត៍ និង​គ្រឿង​ម៉ាស៊ីន​ផ្សេង​ៗ​។

លោក​ថ្លែង​ថា​៖ «​ការ​កើនឡើង​ទំនិញ​នាំ​ចូល​ដែល​ភាគច្រើន​ជា​សម្ភារ​គាំទ្រ​ដល់​សកម្មភាព​វិនិយោគ​គឺ​ការ​ល្អ​»​។

លោក​បន្ត​ថា វា​ជា​រឿង​ធម្មតា ក្នុង​ស្ថានភាព​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​កម្ពុជា ដែល​ផលិតកម្ម​ក្នុងស្រុក និង​ទំនិញ​សម្រាប់​គាំទ្រ​សកម្មភាព​វិនិយោគ​នៅ​មាន​កម្រិត ដូច្នេះ​ត្រូវ​ពឹង​លើ​ការ​នាំ​ចូល​គ្រឿង​ម៉ាស៊ីន និង ឧបការ​ណ៍​ទាំងនោះ​ដើម្បី​បង្កើន​សកម្មភាព​ផលិតកម្ម​។

លោក​បញ្ជាក់​ថា​៖ «​តែ​យ៉ាងណា​ក៏​ដោយ យើង​ក៏​ត្រូវ​ពង្រឹងសមត្ថភាព​ការ​នាំ​ចេញ​របស់​យើង​ផង​ដែរ​ដើម្បី​បង្កើន​ប្រភព​ចំណូល​»​។

ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​នេះ​បាន​ធ្វើការ​បោះផ្សាយ​លក់​ភាគហ៊ុន​ជា​សាធារណៈ​លើក​ដំបូង (IPO) ដោយ​ជោគជ័យ​មុន​នឹង​ចុះបញ្ជី​ជួញដូរ​ជា​ផ្លូវការ កាលពី​ខែមិថុនា ដោយ​ប្រមូល​បាន​ទុន​សរុប ២៦,៩៩ លាន​ដុល្លារ​។

តម្លៃ​ភាគហ៊ុន​នៅ​ពេល​បោះផ្សាយ (IPO) គឺ ៥០៤០ រៀល​ក្នុង​មួយ​ហ៊ុន​។ ដើម្បី​ជា​ការ​ទាក់ទាញ PAS បាន​ផ្ដល់​ដល់​ក្រុម​វិនិយោគិន​នូវ​ការ​ធានា​ការ​ចែក​ភាគលាភ ៥ ភាគរយ​លើ​តម្លៃ​ភាគហ៊ុន​ក្នុង​រយៈពេល​៣​ឆ្នាំ​ដំបូង​។

យោង​តាម​របាយការណ៍​ដែល​ចេញ​នៅ​លើ​ផ្សារ​ហ៊ុន​កម្ពុជា ប្រាក់​ចំណេញ​ឆ្នាំ ២០១៦ របស់​កំពង់​ផែ​សមុទ្រ​មួយ​នេះ​បាន​ធ្លាក់​ចុះ ៣០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៥ ទោះបី​ចំណូល​ដុល​កើនឡើង​ក៏​ដោយ​។

ការ​ធ្លាក់​ចុះ​នូវ​ប្រាក់​ចំណេញ​នេះ​ដោយសារ​ការ​ខាតបង់​លើ​អត្រា​ប្តូរ​ប្រាក់​៕

អត្ថបទ P Post !!!