«​តម្លៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា​នៅ​ក្នុងឆ្នាំនេះ​នឹង​មិន​ធ្លាក់​ថ្លៃ​នោះ​ទេ ដោយសារ​តែ​ស្រូវ​អង្ករ​មាន​តម្រូវការ​ច្រើន​នៅ​លើ​ពិភពលោក រួម​ទាំង​មានការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ជា​ច្រើន​ក្នុង​ការ​នាំ​ចេញ​ផង​ដែរ​»​។

នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ា​ង សូរ​ស័ក្តិ នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម នា​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៧ ក្នុង​កិច្ចប្រជុំ​ទ្វេភាគី និង​ការ​ចុះ​កិច្ចព្រមព្រៀង​លើ​ការ​ទិញ​អង្ករ​១​លាន​តោន​សម្រាប់​រយៈពេល​៥​ឆ្នាំ រវាង​កម្ពុជា​និង​ប្រទេស​បង់​ក្លា​ដេ​ស ។

បើ​តាម Fresh News បាន​ស្រង់​សម្តី​លោក ប៉ាន សូរ​ស័ក្ដិ ដោយ​បញ្ជាក់​ទៀ​ថ​ថា «​ខ្ញុំ​មិន​ជឿ​រថា តម្លៃ​ស្រូវ​ធ្លាក់​ចុះ​នោះ​ទេ ព្រោះ​មាន​តម្រូវការ​ច្រើន​ណាស់​នៅ​លើ​ពិភពលោក ក៏​ដូច​ជា​ប្រទេស​ដទៃ​ទៀត​ដែរ​។​… ឆ្នាំ​នេះ​កម្ពុជា​នឹង​នាំ​ចេញ​អង្ករ​ទៅ​បង់​ក្លា​ដេ​ស​ចំនួន​២៥​ម៉ឺន​តោន យើង​មាន​អង្ករ​គ្រប់គ្រាន់​សម្រាប់​នាំ​ចេញ​ទៅ​បង់​ក្លា​ដេ​ស​»​។

លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​ចាត់​ទុក​ការ​ចុះ​កិច្ចព្រមព្រៀង​ខាងលើ​គឺ​សំដៅ​ធ្វើ​ពិពិធ​កម្ម ទំហំ​ពាណិជ្ជកម្ម និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជា​ពិសេស ធានា​បាន​នូវ​ស្ថិរភាព​វិស័យ​ស្រូវ​-​អង្ករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

បើ​តាម Fresh News ដដែល ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន ៥៤២,១៤៤​តោន ពោល​គឺ​បាន​កើនឡើង ០.៧០% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ដែល​មាន​ចំនួន​ត្រឹមតែ ៥៣៨,៣៩៦ តោន​។ សម្រាប់​ឆមាស​ដំបូង នៃ​ឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន ៣០,៩២៥​តោន នេះ​បើ​ទិន្នន័យ​ផ្ដល់​ដោយ​នាយកដ្ឋាន​ផែនការ ស្ថិតិ​និង​ព័ត៌មាន​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម​៕