ប្រភព​ព័ត៌មាន​ពី​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា វៀតណាម​មាន​ទីតាំង​ស្តុក​សត្វ​ជ្រូក​រស់​ដ៏​ធំ​នៅ​ក្បែរ​ព្រំដែន​តាម​ច្រករបៀង ដែល​ក្នុង​នោះ​ក៏​មាន​ច្រករបៀង​ទម្លាប់​ផង​ដែរ ហើយ​សត្វ​ជ្រូក​រស់​ទាំងនោះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​មាត់ច្រក​ព្រំដែន និង​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​រាប់​សិប​រថយន្ត ពោល​គឺ​មិន​តិច​ជាង​ចំនួន​៣ ០០០​ក្បាល​ឡើង​ក្នុង​១​យប់​ៗ ខណៈ​ការ​នាំ​ចូល​សត្វ​ជ្រូក​រស់​នេះ​មាន​ទាំង​ស្របច្បាប់ (​មាន​លិខិតអនុញ្ញាត​) ផង ទាំង​មិន​ស្របច្បាប់ (​គ្មាន​លិខិតអនុញ្ញាត​) ផង ។

មន្ត្រី​បសុពេទ្យ​ខេត្តតាកែវ​ឋានៈ​តូចតាច​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ក្រុម​ឈ្មួញ​បាន​កាន់​លិខិតអនុញ្ញាត​ចំនួន​២​ផ្សេង​គ្នា គឺ លិខិតអនុញ្ញាត​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ផង និង​លិខិតអនុញាត​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ផង ដើម្បី​ធ្វើការ​ដឹក​ជញ្ជូន​សត្វ​ជ្រូក​រស់​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​មន្ទីរ​កសិកម្ម​ខេត្ត​បញ្ជាក់​អះអាង​ថា ជា​សត្វ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក (Sic!) ។ លិខិតអនុញ្ញាត​មួយ​ច្បាប់ គឺ​ឈ្មួញ​អាច​ដឹក​ជញ្ជូន​សត្វ​ជ្រូករ​ស់បាន​រហូត​ដល់​ទៅ​២​ជើង ដោយ​ប្រើ​រថយន្ត​ពីរ​គ្រឿង​ពាក់​ស្លាក​លេខ​តែ​មួយ (Resic!) ។

ភស្តុ​តាង​មួយ​បាន​បង្ហាញ​ថា កាលពី​រាត្រី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៧​កន្លង​ទៅ​ថ្មី​ៗ មន្ត្រី​ការិយាល័យ​ផលិតកម្ម​សត្វ និង​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល​បាន​ត្រួតពិនិត្យ​ទៅ​លើ​រថយន្ត​ដឹក​សត្វ​ជ្រូក​រស់​ពី​ខេត្តតាកែវ​មួយ​គ្រឿង​ចំនួន​៥០​ក្បាលមាន​ម្ចាស់​ក្រុមហ៊ុន​ឈ្មោះ ហេង សុ​ខេ​ង ដែល​ចរាចរណ៍​មក​ដល់​ភូមិសាស្ត្រ​ខេត្តកណ្តាល គឺ​រក​ឃើញ​មាន​លិខិតអនុញ្ញាត​ឲ្យ​នាំ​ចូល​ត្រឹម​ចំនួន​៤០​ក្បាល តែ​ឈ្មួញ​លួច​បង្កប់​សត្វ​ជ្រូក​រស់​គ្មាន​លិខិតអនុញ្ញាត​ចំនួន​១០​ក្បាល​ទៀត ។

ចរាចរណ៍​នាំ​ចូល​សត្វ​ជ្រូក​រស់​ពី​បរទេស​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ចិញ្ចឹមសត្វ​ជ្រូក​ក្នុងស្រុក​រង​ជួប​ប្រទះ​នឹង​ការ​ខាតបង់​ប្រាក់​រាប់​លាន​រៀល​ក្នុង​១​ឆ្នាំ​ៗ ខ្លះ​ជំពាក់​ប្រាក់​កម្ចី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក៏​មាន និង​ខ្លះ​ទៀត​រត់​ចោល​កសិដ្ឋាន​ក៏​មាន ពីព្រោះ​ប្រឈម​នឹង​តម្លៃ​សាច់​ជ្រូក​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ខណៈ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ធ្លាប់​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៧​កន្លង​ទៅ​ឲ្យ​ដឹង​ថា «​ក្រសួង​មិន​មាន​ភារកិច្ច​ឈរជើង​ត្រួតពិនិត្យ​បទល្មើស​លួច​នាំ​ចូល​ជ្រូក មាន់ ទា និង​ផលិតផល​កសិកម្ម​នៅ​តាម​មាត់ច្រក​ព្រំដែន​ឡើយ​» ។

គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ និង​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ​ពាក់ព័ន្ធ​នឹង​រឿង​នាំ​ចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​នោះ​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៧​នេះ ៕

អត្ថបទ DTN7