«​បើកភ្នែក​ឡើង​ពលរដ្ឋ​ខ្មែរ​មាន​ទាំង​រូប​ខ្ញុំ​ផង​នាំ​គ្នា​យក​លុយ​មក​អោយ​ពេទ្យ​ថៃ​កាន់តែ​ច្រើន​ទៅ​ៗ ។ គ្មាន​អ្នក​ណា​ម្នាក់​ចង់​បែប​នេះ​ទេ តែ​គ្មាន​ជម្រើស ។ កុំ​ថា​ឡើយ​ពលរដ្ឋ​ធម្មតា សូ​ម្បី​តែ​វេជ្ជបណ្ឌិត​ខ្មែរ​យើង​ក៏​មក​ពិនិត្យ​សុខភាព​នៅ​ថៃ​ដែរ ។​»​។

នេះ​ជា​កា​លើក​ឡើង​របស់​គណនី​ឈ្មោះ​«​ផែង វណ្ណៈ​» ដែល​គេ​ស្គាល់​ថា​ជា​អ្នក​រិះគន់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​រូប ។

គ្រាន់តែ​ខេត្ត​សុរិន្ទ​របស់​ថៃ​មួយ គេ​ប៉ាន់​ប្រមាណ​ថា ក្នុង​មួយ​ថ្ងៃ​ៗ​យ៉ាង​ហោច​ណាស់​ក៏​មាន​ពលរដ្ឋ​ចំនួន​ពី ១០០​នាក់​ទៅ​១៥០​នាក់ ទាំង​រស់នៅ​ខេត្តឧត្តរមានជ័យ​និង​មក​ពី​ខេត្ត​ផ្សេង​ៗ បាន​ឆ្លង​ដែន​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​។

ប្រធាន​ទីស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​អូរ​ស្មាច់ លោក គឹ​ម កន ធ្លាប់​បាន​ប្រាប់ RFA​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​ពី ១០០​នាក់​ទៅ ១៥០​នាក់ ដែល​នាំ​គ្នា​ឆ្លង​ដែន​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ​។ ថ្វី​ត្បិត​តែ​គ្មាន​តួលេខ​នៅ​ក្នុង​ដៃ ប៉ុន្តែ​ប្រធាន​ទីស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​អះអាង​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​ចេញ​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ គឺ​មានការ​កើនឡើង​៖ «​ខ្ញុំ​គិត​ថា​ឆ្នាំ​នេះ​អាច​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ដូច​ថា​គាត់​ទៅ​ព្យាបាល​ជំងឺ​កាក់កប ហើយ​តម្លៃ​ព្យាបាល​សមរម្យ ជាដើម​»​។

បច្ចុប្បន្ន កុំ​ថា​ឡើយ​តែ​ពលរដ្ឋ សូ​ម្បី​តែ​មន្ត្រី​រដ្ឋាភិបាល​សំខាន់​ៗ​ខ្លះ ដូច​ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស ដូច​ជា​ទៅ​សិង្ហ​បុរី និង​ប្រទេស​បារាំង ជាដើម​។ មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស​នេះ អាច​បណ្ដាល​មក​ពី​មូលហេតុ​និង​កត្តា​មួយ​ចំនួន​ដូច​ជា​គ្មាន​ការ​ជឿ​ទុកចិត្ត​ទៅ​លើ​សមត្ថភាព​គ្រូពេទ្យ​ខ្មែរ តម្លៃ​សេវា​ពិនិត្យ​និង​ព្យ​បាល​ថ្លៃ និង​ការ​បំពាក់​សម្ភារ​បរិក្ខា​ពេទ្យ​មិន​ទាន់សម័យ​ជាដើម​។

គិត​ត្រឹម​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៧ មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេពី​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល​ជុំវិញ​ការ​លើក​ឡើង​របស់​គណនី​ឈ្មោះ​«​ផែង វណ្ណៈ​»​ខាងលើ​នេះ ៕

Comments

comments