ភ្នំពេញ ៖ បន្ទាប់​ពី​ត្រូវ​គេ​បាញ់ប្រហារ​កាលពី​ជាង​១០​ឆ្នាំ​មុន អតីត​តារាចម្រៀង ពៅ បញ្ញា​ពេជ្រ នៅ​តែ​អង្គុយ​លើ​រទេះ​ដដែល មួយ​រយៈ​នេះ បញ្ញា​ពេជ្រ ប្រឹងប្រែង​បង្កើត​មុន​របរ​លក់ដូរ ដោយ​ច្រៀង​ផង ពិពណ៌នា​ផ្សាយ​ម៉ាក​ផលិតផល​ផង បើ​ទោះបី​នៅ​ពីក្រោយ​ខ្នង ពិបាក​ផ្លូវចិត្ត​បែប​ណា​ក៏​រូប​នាង​នៅ​តែ​តស៊ូ ។

ថ្មី​ៗ​នេះ​គេ​ឃើញ​នាង​ស្ថិត​ក្នុង​សំលៀក​បំពាក់​យ៉ាង​សាមញ្ញ ខំប្រឹង​ប្រែង ខណៈ​ខ្លួន​អង្គុយ​លើ​រទេះរុញ ប្រកាស​លក់​ផលិតផល មាន​ដូច​ជា​កាបូប និង​គ្រឿងសម្អាង​ជាដើម តាម​អន​ឡាញជាពិសេសតាមហ្វេសប៊ុក​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​នាង​អាច​រក​ប្រាក់​ចំណូល​យក​មក​ចិញ្ចឹមជីវិត​ដ៏​កម្សត់​នេះ តទៅ​មុខ​ទៀត​បាន​ ។ នេះ​ហើយ​ជា​ទុក្ខ​កង្វល់​ដែល​នៅ​ពីក្រោយ​ស្នាមញញឹម​របស់​នាង ទាំងនេះ​ហើយ​សង្ឃឹមថា អ្នកគាំទ្រ និង​អ្នក​អាណិត​ស្រឡាញ់​រូប​នាង ច្បាស់​ជា​បាន​ជួយ​នាង​តាម​រយៈ​ជួយ​ទិញ​ផលិតផល ។

ពៅ បញ្ញា​ពេជ្រ តែងតែ​ប្រឹង​បង្ហាញ​ស្នាមញញឹម ហើយ​នាង​មិន​ដែល​ប្រកាស​ចុះចាញ់​ព្រហ្ម​លិខិត​មួយ​នេះ​ឡើយ បញ្ញា​ពេជ្រ​តែងតែ​តស៊ូ​រហូត ។ នាង​ធ្លាប់​និយាយ​ទៅ​កាន់​មិត្ត​ៗ​ក្នុង​ហ្វេ​សបុ​កថា នាង​មិន​ផ្តេកផ្តួល​នោះ​ទេ​ពេល​ណា​ពេល​ហ្នឹង​ទៅ ខ្ជិល​គិត​ច្រើន​មាន​តែ​ពង្រឹងស្មារតី​រស់នៅ​ឃើញ​ពិភពលោក​នេះ​តទៅ​ទៀត ។

ទោះជា​យ៉ាងនេះ​ក្តី បញ្ញា​ពេជ្រ រៀបរាប់​ទាំង​រលីងរលោង​ទឹកភ្នែក ដូច្នេះ​ថា «​បើសិនជា​យើង​អាច​មានសំណាង ឬ​ឱកាសល្អ យើង​អាច​ដើរ​ដោយ​ធម្មជាតិ ប៉ុន្តែ​បើសិនជា​យើង​មិន​មានសំណាង​ទេ ដូច​នាង​ខ្ញុំ​រាង​ធ្ងន់​អ៊ីចឹង អាច​នឹង​ពិការ​រហូត ប៉ុន្តែ​យើង​ធ្វើ​ចិត្ត​ ។ បើសិនជា​ពិការ​មួយ​ជីវិត​ក៏​យើង​ទទួលយក បើសិនជា​អាច​ដើរ​បាន​នៅ​ថ្ងៃ​ណាមួយ ក៏​នាង​ខ្ញុំ​បាន​សប្បាយចិត្ត​» ។

កញ្ញា ពៅ បញ្ញា​ពេជ្រ កន្លង​មកនេះ​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​ទូរទស្សន៍​ក្នុងស្រុក​មួយ​ឲ្យ​ដឹង​ថា រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ នាង​បាន​ចំណាយ​ប្រាក់​អស់​ប្រមាណ​២០​ម៉ឺន​ដុល្លារ ក្នុង​ការ​ព្យាបាល ។ ថវិកា​ទាំងនោះ គឺ​បាន​មក​ពី​សប្បុរសជន​ក្នុងស្រុក និង​ក្រៅ​ស្រុក រួម​នឹង​ការ​លក់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ផង ។

សូម​បញ្ជាក់​ថា អតីត​តារាចម្រៀង​សំនៀង​ផ្អែម ពៅ បញ្ញា​ពេជ្រ ត្រូវ​ឃាតករ​បាញ់ប្រហារ​នៅ​កណ្តាល​ក្រុងភ្នំពេញ កាលពី​ខែកុម្ភៈ ឆ្នាំ​២០០៧ ។ នាង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ក្រោយ​ការ​បាញ់ប្រហារ ហើយ​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​ក្នុង​ប្រទេស​ថៃ ភាព​ពិការ​តាម​នាង​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ៕

Comments

comments