ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​មាន​វិធានការ​សារជា​ថ្មី បន្ទាប់​វិធានចាស់តាំងពីឆ្នាំ២០១៥ កន្លងមក ចំពោះ​អ្នក​រត់​ម៉ូតូ​កង់​បី ដែល​ប្រើប្រាស់​វិទ្យុទាក់ទង ដោយ​ចាប់ពី​ពេល​នេះ​តទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​មាន​វិធានក្តៅត្រូវ​ដកហូត​យក​តែ​ម្តង ដោយ​មិន​ទុក​ឲ្យ​ប្រើប្រាស​បែប​អនាធិបតេយ្យ​ទៀត​ទេ​ ។

អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ចេញ​ជា​វិធានការ​នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៨ សីហា ២០១៧ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ក្រោយ​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូល​ពី​លោក​អភិបាលរង​រាជធានី​៤​រូប ស្នងការ​រាជធានី ស្ថាប័ន​តុលាការ​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​រាជធានី អភិបាល​ខណ្ឌ​ទាំង​១២ និង​មន្ទីរ​ទាំងអស់​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ។

អ្នកនាំពាក្យ​ ​បន្តថា បញ្ហា​រ៉ឺ​ម៉ក​តុ​តុ ក៏​ហៅ​ថា កង់​បី ត្រូវ​បាន​លើក​ឡើង​មក​ពិភាក្សា​ច្រើន​លើក​មក​ហើយ ដោយ​កន្លង​មកនេះ លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី ក៏​បាន​ប្រជុំ​ជាមួយ​តំណាង​ខណ្ឌ​ទាំង​១២​ម្តង​រួច​មក​ហើយ​ដែរ ហើយ​កិច្ចការ​នេះ​លោក​អភិបាល បាន​សង្កត់ធ្ងន់​ថា ហាម​ដាច់ខាត​វិទ្យុទាក់ទង​មិន​ឲ្យ​មាន​ទេ​ ។

ទោះជាយ៉ាងណា បើ​តាម​កិច្ចប្រជុំជាមួយនឹង​តំណាង​សមាគម​ទាំង​ពីរ ខាង​លោក វ៉​ន ពៅ និង​លោក អ៊ែ​ល ស​ម្ភ​ស្ស ក៏​បាន​ឯកភាព​ក្នុង​ការ​បញ្ឈប់​មិន​ប្រើ​វិទ្យុទាក់ទង​ផង​ដែរ ហើយ​កិច្ច​ការងារ​នឹង​បន្ត​តាមដាន​មើល ក្នុង​ករណី​មិន​បញ្ឈប់​ការ​ប្រើប្រាស់​វិទ្យុទាក់ទង​នេះ នឹង​ត្រូវ​ប្រើប្រាស់​វិធានការ​ដកហូត​តែ​ម្តង​ ។

គួររំលឹកឡើងវិញថា កាល​ពី​ថ្ងៃ​ទី​០៧ កញ្ញា ២០១៥ លោក ជួន សុវណ្ណ អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ និងជា​ស្នង​ការ​នគរ​បាល​រាជធានីភ្នំពេញ ​បានបញ្ជា​ឱ្យកង​កម្លាំង​តាមបណ្តា​​អធិការដ្ឋាននគរបាល​ខណ្ឌទាំង​១២ ចុះធ្វើការ​ត្រួត​ពិនិត្យ​អំពី​​ភាព​អនាធិប​តេយ្យ​​រ​បស់ក្រុម​អ្នក​រត់ម៉ូតូកង់៣ ដែល​​​ប្រើប្រាស់​វិទ្យុទាក់ទង, ខ្នោះដៃ និងសម្លៀក​បំពាក់​របស់កង​កម្លាំង​ ។

កម្លាំងនគរបាល​តាមបណ្តា​ខណ្ឌ​ បាន​ធ្វើការដកហូតវិទ្យុទាក់ទង​ប្រភេទ (ID) ពី​​ក្រុម​អ្នក​រត់ម៉ូតូ​កង់៣ (តុតុ) ​ក្នុងនោះ​មានខណ្ឌដូនពេញ​ដកហូត បាន​១០គ្រឿង, ខណ្ឌច្បារអំពៅ បាន​៨​គ្រឿង, ខណ្ឌ៧​មករា​ បាន​៧គ្រឿង, ខណ្ឌ​សែនសុខ បាន​​២គ្រឿង, ខណ្ឌចំការមន បាន​២គ្រឿង, ខណ្ឌ​មានជ័យ បាន​​២គ្រឿង និង​ឯកសណ្ឋាន​យោធា​៤​កំប្លេរ ។

បន្ទាប់ពី​ធ្វើការ​ដកហូត​រួច សមត្ថកិច្ច​ក៏បាន​ណែ​នាំ​ឱ្យ​បងប្អូនជា​​​អ្នក​រត់រ៉ឺម៉ក​ម៉ូតូកង់៣​ឱ្យ​ ធ្វើ​កិច្ច​សន្យា ​រួចអនុញ្ញាត​ឱ្យត្រឡប់ទៅផ្ទះវិញ ៕

Comments

comments