ស្វាយ​រៀង ៖ ជនសង្ស័យ​ជា​ឃាតក​ទាំង​២​នាក់ ដែល​បាន​រំលោភ​សម្លាប់​នារី​បុគ្គលិក នៅ​កាស៊ីណូ «Good Luck» ក្រុង​បា​វិត ខេត្តស្វាយរៀង ដែល​ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​បាន​១​ស​ប្ដា​ហ៍ ស្រាប់តែ​ធ្លាយ​រឿង​ឃាតកម្ម​ដូច​គ្នា​នេះ កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៧ កន្លង​ទៅ ដោយ​ពួក​គេ​បាន​រំលោភ ហើយ​សម្លាប់​នារី ជនជាតិ​វៀតណាម​ម្នាក់ នៅ​សង្កាត់​បាទី ក្រុង​បា​វិត ។

នៅ​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៧ នេះ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ធ្វើ​សន្និសីទកាសែត បង្ហាញមុខ​ឃាតក​ពីរ​នាក់ ដែល​រំលោភ​សម្លាប់​នារី​វ័យ​១៨​ឆ្នាំ បម្រើ​ការងារ​នៅ​កាស៊ីណូ «Good Luck»​ ក្រុង​បា​វិត ហើយ​សព ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ទី​៤​សីហា ឆ្នាំ​២០១៧​។

ក្នុង​សន្និសីទកាសែត​នោះ ជនសង្ស័យ​ជា​ឃាតក បាន​សារភាព​ថា ខ្លួន​ធ្លាប់​រំ​លាភ​សម្លាប់​ជនជាតិ​វៀតណាម​ម្នាក់ កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៧ ខណៈ​នារី​វៀតណាម​នោះ​ជិះ​រថយន្ត​របស់​ពួក​គេ​ចេញពី​ភ្នំពេញ​មក​ស្វាយ​រៀង ។

ស្នងការ​នគរបាល​ខេត្តស្វាយរៀង លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន បាន​ឲ្យ​ដឹង​ថា កម្លាំង​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បាន​តាម​ប្រមាញ់​ឃាតក គឺ​បានដឹង​តម្រុយ​ខ្លះ ហើយ​រហូត​ដល់​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៨ សីហា សមត្ថកិច្ច​ក៏​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឆើយ សុ​ជាតិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី រស់នៅ​ភូមិ​ព្រៃ​តា​ញ៉​យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ ដែល​ជាប់​ទាក់ទិន​ក្នុង​ករណី​ឃាតកម្ម​កាលពី​ថ្ងៃ​ទី​២ សីហា នៅ​ក្រុង​បា​វិត ។ នៅ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ឆែកឆេរ​លើ​ខ្លួន រក​ឃើញ​ខ្សែ​ក​១​ខ្សែ និង​ចិញ្ចៀន​មួយ​វង់ ​។

លោក​បន្ត​ទៀត​ថា ឆ្លង​តាម​ការ​សាកសួរ​រហូត​ដល់​ម៉ោង​២​រសៀល ជនសង្ស័យ​ក៏​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​២ សីហា ខ្លួន​និង​គូកន​ម្នាក់​ទៀត​ឈ្មោះ ផ្លេក មុន្នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី រស់​ភូមិ​-​ឃុំ​ជាមួយ​គ្នា ពិតជា​បាន​រួមដៃគ្នា​ប្រព្រឹត្តិ​អំពើ​រំលោភ​ទៅ​លើ​នារី​រង​គ្រោះ អាយុ​១៨​ឆ្នាំ ឈ្មោះ សុវណ្ណ សុ​ម៉ា​លី​ន នៅ​ក្នុង​រថយន្ត រួច​រឹត​.​ក​សម្លាប់ ថែម​ទាំង​យក​ទៅ​បោះចោល​នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត​ប្រាកដ​មែន​។ ហើយ​រហូត​មក​ដល់​វេលា​ម៉ោង​៣​និង​២០​នាទី​ថ្ងៃ​ទី​៨ កន្លង​ទៅ​នេះ សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផ្លេក មុន្នី ម្នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ។

លោកស្នងការ បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ គឺ​ធ្លាប់​បាន​រំ​លាភ​សម្លាប់​នារី​ជនជាតិ​វៀតណាម​ម្នាក់ កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៧ នៅ​ក្រុង​បា​វិត ខណៈ​នារី​រង​គ្រោះ​ជិះ​រថយន្ត​តាក់ស៊ី​របស់​ជនសង្ស័យ​ពី​ភ្នំពេញ​ទៅ​បា​វិត ពេល​មក​ដល់​ចំណុច​ផ្លូវ​តា​ប្រិ​ម​ប្រហែល​ម៉ោង​៨​យប់ ឈ្មោះ ផ្លេក មុន្នី បាន​ឲ្យ ឈ្មោះ ឆើយ សុ​ជាតិ បត់​ចូល​បាន​ប្រហែល​មួយ​គីឡូម៉ែត្រ​ស្ថិត​នៅ​ក្នុងភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បា​វិត ក៏​ឈប់​ទ្បាន ពេល​នោះ​ឈ្មោះ ផ្លេក មុន្នី ក៏​បាន​ចាប់​រំ​លាភ​នារី​ជនជាតិ​វៀតណាម​នៅ​ក្បែរ​ប្រ​ទ្បា​យ​តាម​បណ្តោយ​ផ្លូវ​តា​ប្រិ​ម តែ​ដោយ​នារី​រង​គ្រោះ​ស្រែក ឈ្មោះ ផ្លេក មុន្នី ក៏​ច្របាច់ករ​នារី​វៀតណាម​រហូត​សន្លប់​ហើយ​រំ​លាប់​ទាល់តែ​បាន​សម្រេច ទើប​ឈ្មោ ឆើយ សុ​ជាតិ ចូល​ទៅ​រំ​លាភ​ម្តង ពេល​នោះ ឆើយ សុ​ជាតិ មិន​មាន​អារម្មណ៍ ឈ្មោះ ផ្លេក មុន្នី ក៏​អូស​នារី​ជនជាតិ​វៀតណាម​មក​ទម្លាក់​ចោល​ក្នុង​ប្រ​ទ្បា​យ​ទឹក​ហើយ​យក​គល់​អូស​សង្កត់ពីលើ​រួច​ក៏​បាន​ចេញ​ឡាន​មក​ផ្សារ​ជី​ភូ​វិញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕
សូម​ទស្សនាវីដេអូ​សន្និសីទកាសែតនៅ​ខាងក្រោម​នេះ ​៖

Comments

comments