អភិបាលខេត្ត​៣​រូប​ដែល​ដឹកនាំ​ខេត្ត​នៅ​ជាប់​បណ្ដោយ​ព្រំដែន​វៀតណាម នៅ​ថ្ងៃ​អង្គារ​នេះ បាន​រិះគន់​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹ​ម​ហុង ថា​មិន​បាន​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម ដែល​ជា​ហេតុ​បង្ក​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​តាម​ព្រំដែន​។

អភិបាលខេត្ត​ទាំង​បី​បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ស្ដី​អំពី​បច្ចុប្បន្នភាព​ការងារ​កំណត់​បង្គោល​ខ័​ណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម ដែល​មាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេ​ង ធ្វើ​ជា​អធិបតី​។

អភិបាល​ខេត្តស្វាយរៀង លោក ជៀង អំ បាន​ថ្លែង​នៅ​ចំពោះ​មុខ​លោក វ៉ា គឹ​ម​ហុង​ថា ​អាជ្ញាធរ​ភូមិ​ឃុំ​ដែល​នៅ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម​ក្នុង​ខេត្ដស្វាយរៀង​មិន​ដែល​បានដឹង​អំពី​បច្ចេកទេស​ព្រំដែន​នោះ​ទេ​។ លោក​បន្ត​ថា​នៅ​ពេល​មាន​ហេតុការណ៍​ផ្សេង​ៗ​កើតឡើង​នៅ​តាម​បណ្ដោយ​ព្រំដែន អាជ្ញាធរ​ទាំងនោះ​មានការ​លំបាក ដើម្បី​បកស្រាយ​ជូន​ប្រជាជន​ឲ្យ​បាន​យល់​ដឹង​។ លោក​បន្ថែម​ថា​មូលហេតុ​នេះ គឺ​បណ្ដាល​មក​ពី​គណៈកម្មការ​ព្រំដែន​ធ្វើ​កិច្ចការ​អ្វីមួយ​មិន​បាន​ជម្រាប​ជូន​អាជ្ញាធរ​ថ្នាក់​ក្រោម ហើយ​អាជ្ញាធរ​ថ្នាក់​ក្រោម​មិន​ដែល​បាន​ចូលរួម​ជាមួយ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​៕

Comments

comments