សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ឲ្យ​មន្ត្រី​ក្រោម​បង្គាប់ អនុវត្ត​ការ​បិទ​ច្រករបៀង និង​បញ្ឈប់​ការ​ជួល​ដី​ឲ្យ​ជនជាតិ​យួន​នៅ​តាម​ព្រំដែន ជៀសវាង​បទល្មើស និង​ជម្លោះ​ពេល​អនាគត ។

ក្រឡាហោម ស ខេ​ង លើក​ឡើង​បែប​នេះ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​បច្ចុប្បន្នភាព​ការងារ​កំណត់​បង្គោល​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​។

សម្តេច​ក្រឡាហោម​មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ច្រក​អន្តរជាតិ​ធំ​ៗ​គ្រប់គ្រាន់​ហើយ ដូច្នេះ​មិន​ចាំបាច់​មាន​ច្រករបៀង​ដែល​អាច​មានការ​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន ឆ្លងកាត់​នោះ​ទេ​។

សម្តេច​ក្រឡាហោម ស ខេ​ង សង្កត់ធ្ងន់​ថា បញ្ហា​ចម្បង​មួយទៀត​ដែល​សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់ គឺ​ត្រូវ​ទប់ស្កាត់​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​ហូរ​ចូល​មក​កម្ពុជា និង​បញ្ឈប់​ការ​ជួល​ដី​ដល់​ជនជាតិ​យួន​សម្រាប់​ធ្វើស្រែ​ចម្ការ ឬ​ស៊ីឈ្នួល​ច្រូតស្រូវ​ឲ្យ​ជនជាតិ​យួន​ដែល​បាន​ជួល​ដី​ខ្មែរ ដែល​បញ្ហា​ទាំងនេះ​នឹង​បង្ក​ឲ្យ​ក្លាយជា​វិវាទ​ព្រំដែន​ក្នុង​ពេល​អនាគត ។

ការ​បញ្ជា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រិះគន់​រដ្ឋាភិបាល​ថា មាន​ភាព​ធូររលុង​ពាក់ព័ន្ធ​នឹង​បញ្ហា​ហូរ​ចូល​ជន​អន្តោរ​ប្រវេសន៍​យួន​កាន់តែ​ច្រើន ស្រប​ពេល​ដែល​បញ្ហា​ព្រំដែន​ខ្មែរ​ជាមួយ​យួន​បាន​កើត​ឡើងជា​បន្តបន្ទាប់​៕

Comments

comments