យោធា​កម្ពុជា​វី​រៈការ​ពារ​ព្រំដែន​ប្រចាំ​ខេត្តស្ទឹងត្រែង បាន​ប្រឈម​មុខ​ដាក់​ជាមួយ​យោធា​ឡាវ តាំងពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់​ពី​ពួក​គេ​បាន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ។ ហេតុការណ៍​នេះ ត្រូវ​បាន​គេ​អះអាង​ថា គឺ​ដើម្បី​រារាំង​សកម្មភាព​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​របស់​កង​វិស្វកម្ម​កម្ពុជា នៅ​ត្រង់​ចំណុច​អូ​តា​ង៉ាវ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។

សកម្មភាព​របស់​យោធា​ឡាវ​នេះ គឺជា​​លេស​ដើម្បី​​ចូល​មក​ឈ្លានពាន​ទឹកដី​កម្ពុជា បង្ក​នូវ​ភាព​ស្មុគស្មាញ និង​រាំងស្ទះ​ដល់​ការ​ធ្វើ​ផ្លូវ​យុទ្ធសាស្ត្រ​ព្រំដែន​របស់​កម្ពុជា ដែល​បាន​ចាប់ផ្តើម​ធ្វើ​ដោយ​កង​វិស្វកម្ម បាន​ប្រមាណ​ជា​១៥០​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ចំណុច ដុ​ង​ក្រឡ ក្នុង​ក្រុង​ស្ទឹង​ត្រែង ទៅ​កាន់​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង​នេះ ។

នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០១៧ រដ្ឋាភិបាល​ឡាវ​បាន​បន្ថែម​កងកម្លាំង​របស់​ខ្លួន​ចេញពី​បន្ទាយ មិន​ក្រោម​៤​ពាន់​នាក់​ទេ មក​ឈរជើង​តាម​បន្ទាត់​ព្រំដែន​លើ​ទឹកដី​របស់​ខ្លួន ដោយ​ទាហាន​ប្រមាណ​៥០​នាក់ ផ្សេង​ទៀត ប្រដាប់​អាវុធ​មក​ឈរជើង​ក្នុង​ដី​កម្ពុជា ចាប់ពី​ចំណុច​តំបន់​អូរ​អាឡៃ ទៅ​ដល់​តំបន់​អូរ​តាក់​ង៉ាវ ស្ថិត​ក្នុង​ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ដើម្បី​រារាំង​កងកម្លាំង​វិស្វកម្ម​កម្ពុជា មិន​ឱ្យ​ស្ថាបនា​ផ្លូវ​ទៅ​មុខ​ទៀត ។

ទាក់ទិន​ការ​ចល័ត​ទ័ព​ឡាវ​ចូល​ដី​ខ្មែរ ត្រូវ​បាន​គេ​ប្រទះ​ឃើញ ទាហាន​ឡាវ​ផ្តុំ​គ្នា​២០​ម៉ែត្រ​៣​នាក់ ។ រីឯ​កងកម្លាំង​ភាគី​ខ្មែរ​បាន​ពង្រាយ​កម្លាំង​តាម​គោលដៅ ដែល​មាន​ទាហាន​ឡាវ​ឈរជើង​នោះ​ដែរ ដោយ​រក្សា​នូវ​វប្បធម៌​អត់ធ្មត់​ខ្ពស់​ផង​ដែរ ។

ក្រោយ​ពី​មាន​សភាពការណ៍​ដែល​ទាហាន​ឡាវ​ចូល​មក​ឈ្លានពាន​ទឹកដី​បែប​នេះ កងកម្លាំង​ទាហាន​ការពារ​ព្រំដែន​វរៈ​លេខ​១០១ កម្លាំង​នគរបាល​ការពារ​ព្រំដែន​វរៈ​លេខ​៧០១ កងកម្លាំង​វិស្វកម្ម​ស្ថាបនា​ផ្លូវ​ខាង​ភាគី​ខ្មែរ កម្លាំង​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​កម្លាំង​យោធភូមិ​ភាគ​១​ក៏​កំពុង​ឈរជើង ការពារ​បូរណភាព​ដែនដី​ខ្មែរ​ដែរ ដោយ​មិន​បណ្តោយ​ឱ្យ​ទាហាន​ឡាវ​ចូល​ដី​ដោយ​មាន​កាន់​អាវុធ​តាមតែ​អំពើ​ចិត្ត​នោះ​ទេ ។

បើ​តាម​កំលាំង​ទាហាន​ការពារ​ព្រំដែន​ឡាវ​កម្ពុជា បានអោយ​ដឹង​ថា ក្រោយ​មាន​សកម្មភាព​រារាំង និង​បន្ត​បន្ថែម​កម្លាំង​ដោយ​ទាហាន​ឡាវ ពួក​គេ​បាន​លួចលាក់​ស៊ើបការណ៍​យ៉ាង​កំបាំង សូ​ម្បី​ការ​ហូប​ចុក ដើរហើរ ងូតទឹក​ជាដើម ជា​ពិសេស​ក្នុង​មួយ​ថ្ងៃ​យ៉ាងតិច​ពួក​គេ​ជិះទូក​មក​លួច​ស៊ើបការណ៍​៣​ទៅ​៤​ដង ។

លោក វ៉ា គី​ម​ហុង ទេស​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​បាន​អះអាង​ថា ផ្អែក​តាម​ផែនទី​ដែល​បារាំង​បាន​បន្សល់​ទុក​ឲ្យ​កម្ពុជា​ក្រោយ​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣ បាន​បញ្ជាក់​ថា តំបន់​អូ​តា​ង៉ាវ​នោះ គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជា ប៉ុន្តែ​ភាគី​ឡាវ​បាន​ចាត់​ទុក​តំបន់​នោះ​ថា ជា​តំបន់​មិន​ទាន់​ដាច់​ស្រា​ច់ ហើយ​ទាមទារ​ម្តង​ជា​ពីរ​ដង ឲ្យ​ភាគី​កម្ពុជា​ពិចារណា​ឡើង​វិញ និង​រក្សា​តំបន់​នោះ​នៅ​ក្នុង​ស្ថានភាព​ដូច​ដើម ។

រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ បើ​ទោះបីជា​កង​វិស្វកម្ម​កម្ពុជា​ផ្អាក​ដំណើរការ​សាងសង់​ផ្លូវ​ហើយ​ក្តី ក៏​យោធា​ឡាវ​នៅ​មិន​ចេញពី​តំបន់​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជា​នោះ​វិញទេ ៕

Comments

comments