ខណៈ​ដែល​សភាពការណ៍​យោធា​នៅ​ព្រំដែន​ខ្មែរ​-​ឡាវ មាន​ភាព​តានតឹង​ខ្លាំង តែ​មិន​ទាន់​ផ្ទុះអាវុធ​ដាក់​គ្នា​នោះ កង​យោធពលខេមរភូមិន្ទ​ត្រូវ​បាន​បញ្ជូន​បន្ថែម​ទៅ​កាន់​ខេត្តស្ទឹងត្រែង ទី​ដែល​ទាហាន​ឡាវ​ចូល​មក​ឈ្លានពាន​បូរណភាព​ទឹកដី​និង​អធិប​តយ្យ​ជាតិខ្មែរ ។

នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​និង​ចូល​កាន់​តំណែង​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដាក់​ឱសានវាទ​៦​ថ្ងៃ​ឲ្យ​កងទ័ព​ឡាវ​ដកទ័ព​ចេញពី​ទឹកដី​ខ្មែរ​នៅ​ព្រំដែន​ខេត្តស្ទឹងត្រែង មាន​ន័យ​ថាបើ​ឡាវ​មិន​ដកទ័ព​អស់​នៅ​ត្រឹម​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ទេ កងទ័ព​ខ្មែរ​នឹង​ផ្ទុះអាវុធ​វាយ​បណ្តេញ​និង​កម្ទេច​ហើយ ។

បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​ព្រឹកស្អែក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ទីក្រុង​វៀង​ច័ន្ទ​ដើម្បី​ចរចា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ ថោ​ង​លន់ ស៊ី​សូលី​ត អំពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​និង​ស្នើ​ឲ្យ​ឡាវ​ដក​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ចេញពី​តំបន់​ក្បែរ​អូរ​អាឡៃ​និង​តំបន់​អូរ​តា​ង៉ាវ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង​ជាប់​ព្រំដែន​នឹង​ខេត្ត​អា​តា​ពឺ​របស់​ឡាវ ៕

 

Comments

comments