ពី​ព្រំដែន​ខ្មែរ​-​ឡាវ ខេត្តស្ទឹងត្រែង​មាន​សេចក្តីរាយការណ៍​មក​ថា គិត​ត្រឹម​វេលា​ម៉ោង​៩​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែសីហា​នេះ ស្ថានការណ៍​យោធា​ខ្មែរ​-​ឡាវ នៅ​ក្នុង​តំបន់​អូរ​អាឡៃ​និង តា​ង៉ាវ ស្ថិត​ក្នុងស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​ខេត្ត​អា​តា​ពឺ​របស់​ឡាវ​នោះ មិន​ទាន់​មាន​អ្វី​ប្រែប្រួល​នៅឡើយ​ទេ គឺ​កងកម្លាំង​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ជើង​ការណ៍​រៀង​ៗ​ខ្លួន​ដដែល ខណៈ​ដែល​ខ្មែរ​បាន​បញ្ជូន​កម្លាំង​និង​សព្វាវុធ​បន្ថែម​ទៅ​កាន់​តំបន់​ជម្លោះ​។

ចំណែក​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផា​ន បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ស្ថានភាព នៅ​ទីក្រុង​ស្ទឹង​ត្រែង​មាន​សភាព​ធម្មតា ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ចុះឡើង ក៏​ដូច​ជា​អ្នកលក់ ដូរ​នៅ​ក្នុង​ក្រុង ឬ​នៅ​តាម​ជនបទ តាម​ដងផ្លូវ​ដែល​លោក​ធ្វើ​ដំណើរ​មាន​ចរិត​ប្រក្រតី និង​ក្សេមក្សាន្ត ហើយ​ថានៅ​លើ​ចំណុច​វិវាទ​ប្រដាប់​អាវុធ នៃ​ការ​ឈរជើង​កម្ពុជា​-​ឡាវ កងទ័ព​កម្ពុជា មាន​ប្រៀប​គ្រប់គ្រង​ស្ថានភាព ទាំង​កម្លាំង​ប្រយុទ្ធ និង​ភូមិសាស្ត្រ​ការពារ​បាន​យ៉ាង​ល្អ​នៅ​ពេល​នេះ​។

លោក ផៃ ស៊ី​ផា​ន អះអាង​ថា គិត​ត្រឹម​វេលា​ម៉ោង ៨ និង ១០​នាទី​យប់​ថ្ងៃ​ទី​១១​សីហា ស្ថានការណ៍​គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព​កម្ពុជា​។ កងទ័ព​កម្ពុជា គឺ​ឈរជើង​យ៉ាង​រឹង​មាំ​នៅ​លើគោក ខុស​គ្នា​ជាមួយ​និង​កងទ័ព​ឡាវ ដែល​ឈរជើង​នៅ​មាត់ច្រាំង​ទន្លេ​៕

 

 

Comments

comments