ក្រៅពី​ការ​ប្រកាស​ដាក់​ឱសានវាទ កំណត់​ឲ្យ​ឡាវ​ដក​កងកម្លាំង​ទាំងអស់​ដោយ​គ្មាន​លក្ខខណ្ឌ​ចេញពី​តំបន់​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ស្ថិត​ក្នុងស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​ខេត្ត​អា​តា​ពឺ​របស់​ឡាវ យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១៧ ខែសីហា​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៍បាន​ព្រមាន​វាយបំបាក់​ខ្នង​អ្នក​នៅ​ពីក្រោយ​ខ្នង​ឡាវ​ផង​ដែរ ។

ការ​ព្រមាន​វាយបំបាក់​ខ្នង​អ្នក​នៅ​ពីក្រោយ​ខ្នង​ឡាវ​ពី​សំណាក់​បុរស​ខ្លាំង​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់​ពី​ឥស្សរជន​មួយ​រូប​នៅ​លើ​វេទិកា​បាន​និយាយ​ថា មាន​អ្នក​ទី​បី​នៅ​ពីក្រោយ ខណៈ​លោក ហ៊ុន សែន បាន​និង​កំពុង​ថ្លែង​សង្ក​កថា​នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ ។

ការ​ព្រមាន​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នេះ​ផង​ដែរ បន្ទាប់​ពី​ក្រុម​អ្នក​តាមដាន​នយោបាយ​និង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​ថា ការ​ឈ្លានពាន​បូរណភាព​ទឹកដី​ពី​សំណាក់​កងកម្លាំង​ឡាវ​នៅ​ខេត្តស្ទឹងត្រែង គឺ​ដោយសារ​តែ​មាន​អ្នក​ទី​បី​ជា​អ្នក​រុញច្រាន ឬ​បញ្ជា​ឲ្យ​ឡាវ​ធ្វើ ដែល​អ្នក​ទី​បី​នេះ​គឺ​ភាគច្រើន​សំដៅ​ដល់​រដ្ឋាភិបាល​ក្រុង​ហាណូយ ។

យ៉ាងណា​ក៍ដោយ គិត​ត្រឹម​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា​នេះ មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេពី​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា ក៍​ដូច​ជា​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​បក្ស​កុម្មុយនីស្ត​វៀតណាម ៕

Comments

comments