នាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គមេបញ្ជាការ​ង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​នាយ​រង​សេនាធិការ​ចំរុះ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News នៅ​មុន​នេះ​បន្តិច​ថា គិត​ត្រឹម​ម៉ោង​ប្រមាណ​២៖៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧​នេះ ភាគី​ឡាវ​បាន​ដកទ័ព​កង​ទី​៣ ចេញពី​ទឹកដី​កម្ពុជា​រួច​អស់ហើយ ពោល​នៅ​សល់​តែ​១​កង​ទៀត​ប៉ុណ្ណោះ ក្នុង​ចំណោម​៤​កង ដែល​ពួក​គេ​បាន​ចូល​មក​ឈ្លានពាន​នោះ​។

នាយ​ឧត្តមសេនីយ៍ គន់ គី​ម បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​មក​ដល់​ម៉ោងជាង​២​រសៀល​ថ្ងៃនេះ ឡាវ​បាន​ដក​មួយ​កង​ចេញ​ទៀត​ហើយ ហើយ​ភូមិសាស្ដ្រ​ដែល កងទ័ព​ឡាវ បាន​ដក​ចេញ​នេះ យើង​បាន​ទៅ​កាន់កាប់​មើល​ខុស​ត្រូវ​ថា កងទ័ព​ឡាវ​ពិតជា​បាន​ដក​ទៅ​ដី​របស់​គាត់​ហើយ ដូច្នេះ​នៅ​សល់​១​កង​ទៀត បាន​និង​កំពុងធ្វើការ​រុះរើ​ចូល​ទៅ​ក្នុង​ទឹកដី​របស់​គាត់​វិញ​»​។

នាយ​ឧត្តមសេនីយ៍ គន់ គី​ម បាន​បន្ត​ថា កងទ័ព​កម្ពុជា​របស់​យើង ក៏​បាន​ជួយ​ដឹក​ជញ្ជូន​ចានឆ្នាំង និង​សម្ភារ​របស់​ពួក​គេ​ផង​ដែរ ហើយនឹង​ត្រូវ​ដក​ចេញ​ឲ្យ​អស់​ត្រឹម​ព្រឹក ថ្ងៃស្អែក​ទី​១៣ ខែសីហា តប​តាម​បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ ដែល​បាន​ជួប​ចរចា​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧​នេះ​។

សូម​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​ចរចា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាសប្រាប់​កងទ័ព និង​ប្រជាជន​កម្ពុជា​ថា នាយក​រដ្ឋមន្ត្រី​ឡាវ បាន​យល់ព្រម​ដក​កងទ័ព របស់​ខ្លួន ចេញពី​ទឹកដី​កម្ពុជា មិន​ឲ្យ​លើស​ពី​ព្រឹកស្អែក​នោះ​ឡើយ​៕

អត្ថបទ Fresh News

Comments

comments