អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​លោក សុខ ឥ​សាន និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ី​ផា​ន បាន​ត្រូវ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ស្រង់​សម្តី​ចុះ​ផ្សាយ​ថា «​ការ​លើក​ឡើង​របស់​លោក សុខ ទូច គឺ​មិន​ខុស​ទេពី​ព្រោះ​ភូមិ​របស់​លោក ហេង សំ​រិ​ន ពិតជា​ស្ថិត​នៅ​ក្នុង​ទឹកដី​វៀតណាម​មែន បើ​យោង​តាម​ផែនទី​ខ្នាត ១/១០០.០០០ ដែល​ចេញ​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន និង​រៀបចំ​ដោយ​អាណានិគម​បារាំង​។

លោក ឥ​សាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ខ្សែ​ផែនទី​ដែល​រត់​នៅ​ខាងលិច​នៃ​ផ្ទះ​របស់​សម្តេច ហេង [​សំ​រិ​ន​] វា​ជាក់ស្តែង​ដូចនេះ​»​។ លោក​បន្ត​ថា​កាលពីមុន​មិន​មាន​នរណា​គូស​ខ្សែ​ផែនទី​កាត់​កន្លែង​ណា​នោះ​ទេ ដោយសារ​ផែនទី​ខ្នាត ១/១០០.០០០ ដែល​ចេញ​ដោយ​អ្នកជំនាញ​បារាំង​មិន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​គូសបន្ទាត់​ព្រំដែន​។ លោក​បន្ត​ថា​៖ «​ប្រជាពលរដ្ឋ​មិនដឹង​ខ្សែ​ព្រំដែន​នៅ​កន្លែង​ណា​ដោយសារ​យើង​នៅ​លើ​ដី​ជាក់ស្តែង​»​។ លោក​បន្ត​ថា​៖ «​លោក សុខ ទូច បាន​និយាយ​ត្រឹមត្រូវ​ណាស់​លោក​បាន​និយាយ​ថាស​ម្តេច ហេង សំ​រិ​ន បាន​ទៅ​រស់នៅ​ក្នុង​ដី​វៀតណាម​។ ឯកឧត្តម សុខ ទូច ចូល​ចិត្ត​និយាយ​ខ្លាំង​ៗ»​។ លោក ឥ​សាន បន្ត​ថា​គណបក្សកាន់អំណាច​មិន​មាន​ប្រតិកម្ម​អ្វី​ចំពោះ​លោក សុខ ទូច ទេ​ដោយសារ​ផ្អែក​លើ​ផែនទី​បារាំង ភូមិ​របស់​លោក ហេង សំ​រិ​ន ឈ្មោះ​ភូមិ​ថ្លុក​ត្រាច​ដែល​ស្ថិត​នៅ​ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ពិតជា​នៅ​ក្នុង​ដី​វៀតណាម​ទោះ​យ៉ាងណា​ក្តី​លោក ហេង សំ​រិ​ន នៅ​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រស់នៅ​ក្នុងភូមិ​របស់​លោក​ដោយសារ​គ្រួសារ​របស់​លោក​បាន​និង​កំពុង​រស់នៅ​ក្នុងភូមិ​នោះ​ជា​យូរ​មក​ហើយ​។

មិន​ខុស​គ្នា​ពី​ការ​គាំទ្រ​នូវ​ការ​លើក​ឡើង​របស់​លោក សុខ ទូច ពី​សំណាក់​លោក សុខ ឥ​សាន ប៉ុន្មាន​នោះ​ទេ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ី​ផា​ន ក៏​បានការ​ពារ​ការ​ថ្លែង​របស់​លោក សុខ ទូច ផង​ដែរ​ថា​ផ្អែក​តាម​ផែនទី​ខ្នាត ១/១០០.០០០ ភូមិសាស្ត្រ​ផ្ទះ​របស់​លោក ហេង សំ​រិ​ន គឺ​ស្ថិត​នៅ​ក្នុង​ដី​វៀតណាម​បច្ចុប្បន្ន និង​បាន​លើក​ឡើង​នូវ​សំណួរ​មួយ​ថា ហេតុ​អ្វី​កម្ពុជា​អាច​កាន់កាប់​តំបន់​នេះ​បាន​។ លោក ស៊ី​ផា​ន សរសេរ​ថា​៖ «​មាន​ន័យ​ថា​ក្នុង​សម័យកាល​អាណានិគម​បារាំង​មិន​បាន​គូស​ព្រំដែន​រដ្ឋ​ទេ​គឺ​មាន​តែ​ព្រំដែន​រដ្ឋបាល​រវាង​កម្ពុជា និង​កូសាំងស៊ីន ទី ២). ក្នុង​ន័យ​នេះ​បារាំង​បាន​គូស​ផែនទី​ព្រំដែន​រដ្ឋបាល​ដែល​យើង​ធ្លាប់​ស្គាល់​តាម​រយៈ​ផែនទី «​បោ​ន Bonne ខ្នាត ១/១០០.០០០» នេះឯង​។ ដូច្នេះ​ប្រជាជន​ទាំង​សងខាង​នា​សម័យ​កាលនោះ​អាច​តាំង​លំនៅ​បន្ត​តាម​ទម្លាប់​ត​ពី​ដូនតា​»​។

នៅ​ក្នុង​សន្និសីទកាសែត​ស្តី​ពី​បញ្ហា​ព្រំដែន​នៅ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិត្យ សុខ ទូច បាន​និយាយ​ថា «​សម្តេច ហេង សំ​រិ​ន​ទេ ដែល​យក​ដី​វៀតណាម​នៅ ព្រោះ​ទម្លាក់​ផែនទី​ទៅ ដី​លោកតា ហេង សំ​រិ​ន ឬ សម្តេច ហេង សំ​រិ​ន បាន​ទៅ​លើ​វៀតណាម ប៉ុន្តែ​គាត់​(​លោក​ប្រធានរដ្ឋសភា ហេង សំ​រិ​ន​) រស់នៅ​យូរហើយ » ។

លោក សុខ ទូច បាន​បញ្ជាក់​ទៀត​ថា​«​ភូមិ​គ្រឹះ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដែល​នៅ​ខេត្ត​ត្បូងឃ្មុំ​សព្វ​ថ្ងៃនេះ ចំ​លើ​ដី​វៀតណាម ប៉ុន្តែ​សម្តេច​បាន​រស់នៅ​តាំងពី​យូរ​មក​ហើយ​» ។​បើ​តាម​លោក សុខ ទូច ដោយសារ​ឧទាហរណ៍​ខាងលើ ទើប​ឡាវ​ចង់​យក​រូបមន្ត​ដូច​ខ្មែរ ។

លោក​បន្ត​ថា នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា -​វៀតណាម ប្រសិនបើ​មាន​កងទ័ព​វៀតណាម ណាមួយ​ឈរជើង​លើ​ទឹកដី​កម្ពុជា ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន ត្រូវ​រាយការណ៍​មក​រាជបណ្ឌិត្យសភាកម្ពុជា ដើម្បី​មាន​វិធានការ​ភ្លាម​ៗ ។

ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ដែល​ទើប​ឡើង​កាន់​តំណែង​បាន​បញ្ជាក់​បន្ថែម​ថា ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន តែងតែ​ប៉ះពាល់​ដី​ពលរដ្ឋ​ហើយ ប៉ុន្ដែ​ច្បាប់​បាន​កំណត់​ថា ១០០​ម៉ែត្រ ពី​ព្រំដែន ពលរដ្ឋ​មិន​អាច​ធ្វើ​ដំណាំ​កសិផល​បាន​នោះ​ទេ ។ លោក​ថា សព្វ​ថ្ងៃនេះ រាជរដ្ឋាភិបាល​បាន​ធ្វើ​ផ្លូវ តាម​បន្ទាត់​ព្រំដែន ដើម្បី​ឲ្យ​ពលរដ្ឋ ធ្វើ​ដំណើរ មើល​ព្រំដែន ងាយស្រួល និង​មាន​ទំនាក់ទំនង​ល្អ ជាមួយ​ប្រទេស​ជិតខាង ដើម្បី​ឲ្យ​សេដ្ឋកិច្ច​កាន់តែ​រីក​ចម្រើន ខ្លាំង​ឡើង​៕

Comments

comments