ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី គ្រោង​កោះហៅ​មេដឹកនាំ​គណបក្ស​ចំនួន​៣ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សម្ដេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ ខណៈ​ពេល​ដែល​ព្រះ​អង្គ​យាង​សំណេះសំណាល​ជាមួយ​ក្រុម​យុវជន​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៥​។

សម្ដេចក្រុមព្រះ​បាន​មាន​ព្រះ​បន្ទូល​យ៉ាងនេះ​ថា “​ខ្ញុំ​លឺ​ថា ព្រះករុណា ព្រះ​អង្គ​ម្ចាស់ជីវិតលើត្បូង ដែល​ព្រះ​អង្គ​មាន​ព្រះរាជ​តួនាទី​ផង​ដែរ ក្នុង​ការ​ថែរក្សា​បូរណភាព​ទឹកដី លឺ​ថា លោក​ចង់​អញ្ជើញ​ថ្នាក់ដឹកនាំ នៃ​គណបក្ស​ធំ​ទាំង​៣ ដើម្បី​ផ្ដល់​យោបល់​ថ្វាយ​ព្រះ​អង្គ​អំពី​បញ្ហា​បូរណភាព​ទឹកដី ហើយ​គណបក្ស​ធំ​ទី​៣ ខ្ញុំ​មិនដឹង​ថា គណបក្ស​ណា​ទេ ប៉ុន្តែ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នេះឯង ហើយ​មាន​អ្នកខ្លះ​គេ​មាន​យោបល់​ថា បោះបង្គោល​ព្រំដែន​ឲ្យ​ហើយ​ទៅ​វា​ស្រួល​ជាង ប៉ុន្តែ​ខ្ញុំ​ថា បើ​មិន​ទាន់​បោះ យើង​ស្រួល​ជាង កាលណា​បោះ​រួច​ហើយ យើង​ពិបាក​និយាយ​ជាមួយ​ប្រទេស​វៀតណាម ប្រទេស​ថៃ ប្រទេស​ឡាវ គេ​សុទ្ធតែ​មាន​កម្លាំង​ខ្លាំង​ណាស់ ហើយ​មិន​ត្រឹមតែ​កម្លាំង​នយោបាយ​ទេ កម្លាំង​នយោបាយ​អន្តរជាតិ ក៏​គេ​ខ្លាំង​ដែរ ហើយ​នៅ​ពេល​និយាយ​ពី​បញ្ហា​ព្រំដែន យើង​ត្រូវ​និយាយ​ពី​បញ្ហា​ដល់​ដែន​ជាមួយ​ប្រទេស​ដែល​នៅ​ជុំវិញ ពីព្រោះ​ប្រទេស​យើង​មិនមែន​នៅ​លើ​កោះ​ទេ យើង​មាន​ប្រទេស​វៀតណាម ឡាវ និង​ថៃ ដូច្នេះ​ខ្ញុំ​យល់​ថា បើ​មិន​ទាន់​បោះបង្គោល​វា​ល្អ​ជាង​”​។

ដោយឡែក ទាក់ទង​នឹង​បញ្ហា​ដែល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​នៃ​បណ្ដា​ប្រទេស​មហាអំណាច​ទាំង​៣ រួម​ទាំង​អង្គការសហប្រជាជាតិ​ផង​នោះ សម្ដេចក្រុមព្រះ​បាន​អះអាង​ថា យើង​ត្រូវ​ឈរ​លើ​គោលការណ៍​អ្វីមួយ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​បញ្ហា​បូរណភាព​ទឹកដី អធិបតេយ្យភាព​នេះ ត្រូវ​តែ​ចេះ​រួបរួម​គ្នា ហើយ​បញ្ហា​វប្បធម៌​សន្ទនា​នេះ​ប្រសើរ​ណាស់ ប្រសិនបើ​វប្បធម៌​នេះ​វា​រីក​ចម្រើន​ទៅ​មុខ​កុំ​ឲ្យ​បែកបាក់​គ្នា​។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​សម្ដេចក្រុមព្រះ​ដែល​ថា ព្រះមហាក្សត្រ គ្រោង​កោះហៅ​មេដឹកនាំ​គណបក្ស​ទាំង​៣​នោះ ការិយាល័យ​របស់​យើង​នៅ​មិន​ទាន់​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​អ្នក​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នៅឡើយ​ទេ ប៉ុន្តែ​លោក ឈឹ​ម ផល​វរុណ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​នៅឡើយ​ទេ​៕

Comments

comments