មន្ដ្រី​មន្ទីរ​ពាក់ព័ន្ធ មួយ​ចំនួន​នៅ​ខេត្ដ​ព្រះ​សីហ​នុ​បាន​ចុះ ពិនិត្យ​មើល​ទឹក​បឹង​ព្រែក​ទប់​ក្រោយ​ពី មាន​គេ​ចាក់សំរាម​ចូល​ទៅ​ក្នុង​បឹង​និង បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​រិះគន់​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែល​មិន​បាន​ទប់ស្កាត់​ចំពោះ​អ្នក​ចាក់សំរាម​ធ្វើ​ឱ្យ​ប៉ះ ពាល់​ដល់​ការ​ទាញ​យក​ទឹក​ពី​បឹង​មួយ​នេះ​មក​បម្រើ​ឱ្យ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់ ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ​ទាំងមូល​។

ការ​ចុះ​ត្រួតពិនិត្យ​និង​មាន​វី​ធាន​ការ ទប់ស្កាត់​ចំពោះ​ការ​ចាក់សំរាម​ចូល​ក្នុង​បឹង​ព្រែក​ទប់​នេះ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ ។

លោក ប្រាក់ ប្រាកដ ប្រធាន​មន្ទីរ ឧស្សាហកម្ម​និង​សិប្បកម្ម​(​រដ្ឋាករទឹក​) ខេត្ដ​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា ចំពោះ​ការ ចាក់សំរាម​ចូល​ក្នុង​បឹង​ព្រែក​ទប់​ពី​ជន មួយ​ចំនួន​នេះ​លោក​នឹង​ដាក់​កម្លាំង​ឃ្លាំ មើល​ជា​ប្រចាំ​ដើម្បី​ស្វែងរក​អ្នក​ដែល បាន​លួច​ចាក់សំរាម​និង​កាក​សំណល់​ចូល ទៅ​ក្នុង​បឹង​ហើយ​ឃាត់ខ្លួន​ចាត់ការ​ទៅ តាម​ច្បាប់ ។ លោក​បាន​បន្ដ​ថា ប្រ​សិន បើ​ប្រជាពលរដ្ឋ​ឬ​សមត្ថកិច្ច​ណាមួយ ផ្ដល់​ព័ត៌មាន​និង​ប្រាប់​ពី​ជន​ដែល​បាន យក​សំរាម​មក​ចាក់​នៅ​ក្នុង​ទឹក​បឹង​ព្រែក​ទប់​ឬ​ក៏​ចាប់ខ្លួន​ជន​នោះ​បាន​លោក​ក៏​នឹង​ផ្ដល់​រង្វាន់​ចំនួន​១០០​ដុល្លារ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា បឹង​ព្រែក​ទប់​មាន ទីតាំង​ឋិត​នៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ ហើយ​បន្ទាប់​ពី​មាន​គេ លួច​ចាក់សំរាម​ចូល​ទៅ​ក្នុង​បឹង​មួយ​នេះ​មក​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ គេ​បាន​សង្កេត​ឃើញ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ក្នុង​នោះ​មាន​មន្ដ្រី​មន្ទីរ​អង្គភាព​រដ្ឋាករទឹក​និង​មន្ដ្រី​មន្ទីរ​បរិស្ថាន ខេត្ដ​ព្រះ​សីហ​នុ​បាន​ចុះ​ទៅ​ពិនិត្យ​មើល បឹង​មួយ​នេះ​ដែល​ត្រូវ​ជន​មួយ​ចំនួន​លួច​យក​សំរាម​និង​កាក​សំណល់​ចាក់​និង​បោះ​ចូល​ទៅ​ក្នុង​ទឹក ។

គួរ​រំលឹក​ថា នៅ​មុន​ពេល​មាន​មន្ដ្រី មន្ទីរ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ទៅ​ត្រួត ពិនិត្យ ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សម្ដែង ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទៅ​នឹង​បញ្ហា សុខភាព​គ្រា​ដែល​ឃើញ​សំរាម​ជា​ច្រើន ត្រូវ​បាន​គេ​យក​ទៅ​ចាក់​ក្នុង​កន្ទុយ​ដី​ឡូត៍ របស់​លោក លន់ សុធី ជាប់​បឹង​ព្រែក ទប់​ជា​ប្រភព​ទឹក​ស្អាត​នៅ​ក្រុងព្រះសីហនុ ជំនួស​ប្រភព​ទឹក​ស្អាត​ស្ទឹង​ក្បាលឆាយ បង្ក​ឱ្យ​មាន​ក្លិនស្អុយ​ស្ទើរ​ឈរ​ជិត​ពុំ​បាន ។

លោក សា​រ៉េ​ត ជា​ប្រជាពលរដ្ឋ ម្នាក់​បាន​សម្ដែង​ក្ដី​បារម្ភ​ថា បឹង​ព្រែក ទប់​ជា​បឹង​ប្រវត្ដិសាស្ដ្រ​ដែល​បាន​ផ្គត់ផ្គង់​ទឹក​ដល់​ប្រជាពលរដ្ឋ​មួយ​ក្រុងព្រះសីហនុ ប៉ុន្ដែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បឹង​ព្រែក ទប់​ត្រូវ​រង​ការ​គំរាមកំហែង​ពី​អ្នកមាន អំណាច​បាន​វាទ​ចាក់​ដី​លុប​ធ្វើ​ប្លង់​កម្ម សិទ្ធិ​ផ្ទាល់ខ្លួន​អស់​ប្រមាណ​៣០​ភាគរយ នា​ពេល​បច្ចុប្បន្ន​នេះ ។ អ្វី​ដែល​ពលរដ្ឋ នៅ​ខេត្ដ​ព្រះ​សីហ​នុ​ព្រួយបារម្ភ​ជាង​ការ ចាក់​ដី​លុប​បឹង​នោះ​គឺ​ជន​អគតិ​មួយ ចំនួន​បាន​លួច​ចាក់សំរាម​ចូល​ទៅ​ក្នុង​បឹង យ៉ាង​អនាធិបតេយ្យ​ដោយ​ពុំ​ខ្វល់​ពី​ផល ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ភ្ញៀវ​ជាតិ​និង​ភ្ញៀវ​អន្ដរជាតិ​ឡើយ ៕