Offshore drilling rig, Gulf of Mexico

មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​និយាយ​ថា បើ​មានការ​សម្រេចចិត្ត​ផ្លូវការ​លើ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន គ្រី​ស អ៊ី​ន័​រ​ជី​(KrisEnergy) ក្រុមហ៊ុន​នឹង​រកបាន​ដំណក់​ប្រេង​ដំបូង​នៅ​ចុងឆ្នាំ​២០១៩ ។

ការ​លើក​ឡើង​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅ​ប្លុក A រវាង​ក្រសួង​រ៉ែ​និង​ថាមពល ក្រ​សួ​អ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​តំណាង​រដ្ឋាភិបាល​ជាមួយនឹង​ក្រុមហ៊ុន Kris Energy របស់​ប្រទេស​សិង្ហ​បុរី ។

កិច្ចព្រមព្រៀង​ថ្ងៃនេះ​បើកផ្លូវ​ដល់​ការ​ផលិត​ប្រេង​ក្នុង​ដំណាក់កាល​ទី​១ ដែល​តាម​ការ​ប៉ាន់ស្មាន​មាន​រយៈពេល​ផលិតកម្ម​៩​ឆ្នាំ ហើយ​អាច​ផលិត​បាន​ច្រើន​ជាង ៣០​លាន​បារ៉ែល​។ ដំណាក់កាល​ទី​១​នេះ​គ្របដណ្ដប់​លើ ១៩៨ គីឡូម៉ែត្រ​ក្រឡា ក្នុង​ទំហំ​សរុប ៣០៨៣ គីឡូម៉ែត្រ​ក្រឡា​របស់​ប្លុក​A ។

គេ​នៅ​ចាំ​បាន​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​នឹង​អាច​ឃើញ​តំណក់​ប្រេង​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ម៉ោង​១២ ថ្ងៃ​ទី​១២ ខែ​១២ (​ធ្នូ​) ឆ្នាំ​២០១២ ប៉ុន្តែ​មក​ដល់​ពេល​នេះ​៥​ឆាំ្ន​ហើយ ពលរដ្ឋ​ខ្មែរ​នៅ​មិន​ទាន់​ឃើញ​តំណក់​ប្រេង​របស់​ខ្លួន​នៅឡើយ ។

តាម​រយៈ​កិច្ច​ព្រម​ព្រម​ខាងលើ ក្រុមហ៊ុន​Kris Energy​មាន​រយៈពេល ៦០​ថ្ងៃ ដើម្បី​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​ចុង​ក្រោយ​។ បាន​សេចក្ដី​ថា ក្រុមហ៊ុន​មិន​ទាន់​សម្រេចចិត្ត​វិនិយោគ​ជា​ផ្លូវការ​នោះ​ទេ​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេង​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក ជៀប សួរ បាន​បញ្ជាក់​ថា​«​ក្រុមហ៊ុន​ត្រូវ​ប្រជុំ​ផ្ទៃក្នុង​ដើម្បី​សម្រេចចិត្ត ដែល​ជា​លំនាំ​ទូទៅ​នៃ​ការ​វិនិយោគ​ធំ​ៗ​តែងតែ​ធ្វើ​។ បើ​គាត់​អត់​សម្រេចចិត្ត​ទេ មាន​ន័យ​ថា គាត់​បោះបង់​ចោលការ​វិនិយោគ​នេះ​»​។

ចំណែក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Kris Energy លោក Kelvin Tang បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ដែរ​ថា​ក្រុមហ៊ុន​នឹង​អាច​វិនិយោគ​បូម​ប្រេង​ក្នុង​ស្ថានភាព​តម្លៃ​ប្រេង​បច្ចុប្បន្ន​«​យើង​សម្រេចចិត្ត​ដោយ​ឈរ​លើ​តម្លៃ​ប្រេង​នៅ​ពេល​បច្ចុប្បន្ន ដូចនេះ​យើង​នឹង​អាច​ដំណើរការ​បាន ហើយ​សេដ្ឋកិច្ច​សម្រាប់​គម្រោង​នេះ​នៅ​តែ​លូតលាស់​លឿន​ក្នុង​ស្ថានភាព​តម្លៃ​ប្រេង​ទាប​ពេល​សព្វ​ថ្ងៃនេះ​»​។

ក្រុមហ៊ុន​នេះ​មិន​ទាន់​បង្ហើប​ពី​ទុន​ដែល​ខ្លួន​គ្រោង​វិនិយោគ​សម្រាប់​គម្រោង​នេះ​នៅឡើយ​ទេ ដោយ​រង់ចាំ​ការ​សម្រេចចិត្ត​ចុង​ក្រោយ និង​ការ​ដាក់​ដេញថ្លៃ​ផ្គត់ផ្គង់​សម្ភារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បូម​ប្រេង​។

កន្លង​មក​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េ​ង សក្តិ​ធា​រ៉ា ធ្លាប់​បាន​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា “​កង្វះ​ធនធានមនុស្ស​ផ្នែក​បច្ចេកទេស​គឺជា​បញ្ហា​ប្រឈម​ដ៍​ធ្ងន់ធ្ងរ​សម្រាប់​អគ្គនាយកដ្ឋាន​ប្រេង ប៉ុន្តែ​វា​ពុំ​មែន​ជា​ឧបសគ្គ​រារាំង​ដល់​ដំណើរការ​យឺតយ៉ាវ​ក្នុង​ទាញ​យក​ផល​ប្រេង​ទាំងស្រុង​នោះ​ទេ ហើយ​ថា​តាម​ការ​សិក្សា​វាយតម្លៃ​ជា​រួម​កម្ពុជា​មិន​អាច​ឃើញ​ដំណក់​ប្រេង​លើក​ដំបូង​របស់​ខ្លួន​នៅ​មុន​ឆ្នាំ​២០១៨​នោះ​ទេ “​។

បើ​តាម​អ្នកនាំពាក្យ​ដដែល​«​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដូច​ជា​ធនធានមនុស្ស​ផ្នែក​បច្ចេកទេស និង​គ្រប់គ្រង​ការ​ធ្វើ​អាជីវកម្ម​ប្រេង មន្ត្រី​ផ្នែក​ច្បាប់​និង​មន្ត្រី​ជំនាញ​សេដ្ឋកិច្ច​ជាដើម ។​ជាក់ស្តែង​ការ​រុករក​ប្រេង​និង​ដំណើរការ​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​ប្លុក A ដែល​មុន​នោះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឆេវ​រ៉ុ​ន (Chevron) របស់​អា​មេ​រិ​ក បច្ចុប្បន្ន​ផ្ទេរ​មក​ឲ្យ​ក្រុមហ៊ុន KRIS ENERGY របស់​ប្រទេស​សិង្ហ​បុរី​វិនិយោគ​បន្ត​នោះ គឺ​តាម​ការ​សិក្សា​បច្ចេក​ទេស​​អាច​នឹង​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​នៅ​ឆ្នាំ​២០១២ នឹង​អាច​ឃើញ​ដំណក់​ប្រេង​លើក​ដំបូង​នៅ​ឆ្នាំ​២០១៤ ប៉ុន្តែ​ឧបសគ្គ​ក្នុង​ការ​រក​យន្តការ និង​ជជែក​ចរចា​គ្នា​អំពី​សារពើរ​ព​ន្ឋ​( ការ​បែងចែក​ផល​ចំណេញ ) រវាង​រាជរដ្ឋាភិបាល​និង​ក្រុមហ៊ុន Chevron គឺ​បាន​អូស​បន្លាយ​ពេលវេលា​ជា​ច្រើន​រហូត​មក​ដល់​ពេល​នេះ »​។

យ៉ាងណា​ក៍ដោយ​លោក ម៉េ​ង សក្តិ​ធា​រ៉ា បាន​បញ្ជាក់​ថា ក្រុមហ៊ុន KRIS ENERGY ដែល​ទិញ​បាន​ភាគហ៊ុន​ពី​ក្រុមហ៊ុន Chevron កាលពី​ឆ្នាំ​២០១៤ និង​បន្ត​រុករក​និង​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​ប្លុក A ក្នុង​ដែនសមុទ្រ​នេះ ហ៊ាន​ទទួល​ហានិភ័យ ហើយ​បន្ត​ការ​ចរចា​អំពី​សារពើ​ព​ន្ឋ​និង​បាន​ឯកភាព​គ្នា​យក​តាម​គោលការណ៍​លម្អិត​ដែល​រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Chevron តាំងពី​ឆ្នាំ​២០០២ ។ បើ​តាម​អ្នកនាំពាក្យ​ក្រសួង​រ៉េ និង​ថាមពល​ដដែល “​ការ​ចរចា ប្រសិនបើ​យើង​ពិនិត្យ​ទៅ​ឃើញ​ថា​វា​ប៉ះពាល់​ដល់​ផលប្រយោជន៍​ណាមួយ​របស់​ជាតិ​យើង យើង​នឹង​មិន​ធ្វើ​នោះ​ទេ​” ។

កិច្ចព្រមព្រៀង​ខាងលើ​នេះ​ដែរ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​កំពុង​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Cambodia Petroleum Chemical សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​ផ្សេង​ទៀត លើ​ទំហំ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​១៦០០​លាន​ដុល្លារ​។

បើ​តាម​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត លោក ជា សុ​ជាតិ តំបន់​ប្រេងកាត​កម្ពុជា​បែងចែក​ជា​២៥​ប្លុក គឺ​តំបន់​ដែន​គោក ១៩​ប្លុក និង ដែនសមុទ្រ​៦​ប្លុក ក្នុង​នោះ​តំបន់​ប្រេងកាត​ដែនសមុទ្រ ចំនួន​២​ប្លុក​កំពុងធ្វើការ​រុករក​៕

 

Comments

comments