ទីបំផុត​កម្ពុជា​បាន​រក​ឃើញ​មេដាយមាស​ដំបូង​របស់​ខ្លួន​ហើយ​ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​រកបាន​ដោយ​វី​រៈ​កីឡាការិនី កែ ឡេ​ង និង អ៊ុ​ក ស្រី​មុំ ម្ចាស់​មេដាយមាស​ពិភពលោក ក្រោយ​យកឈ្នះ​ម្ចាស់​មេដាយមាស​ពិភពលោក​ថៃ ក្នុង​លទ្ធផល ១៣​ទល់​១០ ។

នេះ​គឺជា​មោទនភាព​មួយ​របស់​កម្ពុជា ក្រោយ​បើក​ឆាក​ប្រកួត​តាំងពី​ថ្ងៃ​ទី​១៩ សីហា មក​មិន​ទាន់​ស្គាល់​មេដាយមាស ប៉ុន្តែ​បាន​ឈ្នះ​មេដាយ​សំរឹទ្ធិ​ចំនួន​៦​គ្រឿង​ផង​ដែរ ។ មេដាយ​សំរឹទ្ធ​ដែល​កម្ពុជា​រកបាន​នោះ​រួម​មាន​៖ កីឡា​ប្រណាំងសេះ​, វាយ​កូន​បាល់​, ប្រដាល់សកល​, សី​ឈិ​ន​ឡូ​ន និង​ប៉េតង់ ។

គិត​មក​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៤ សីហា ២០១៧ នេះ​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨ ក្នុង​ចំណោម ១១​ប្រទេស ពោល​គឺ​ឈរ​លើ​ប្រទេស​ឡាវ ប្រ៊ុ​យ​ណេ និង​ទី​ម័​រ ដោយ​ដណ្តើម​បាន​មេដាយមាស​១ សំរឹទ្ធ​៦​គ្រឿង ខណៈ​ម៉ា​ឡេ​ស៊ី​ម្ចាស់ផ្ទះ​ឈរ​ចំណាត់ថ្នាក់​លេខ​១ ក្នុង​តារាង ដោយ​ឈ្នះ​មេដាយមាស​៥៣ ប្រាក់​៤២ និង​សំរឹទ្ធិ ៣៣​គ្រឿង ។

បើ​តាម​ការ​លើក​ឡើង​របស់​លោក អឹ​ម ផាត គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា បាន​បញ្ចា​ក់ថា បើ​និយាយ​ពី​ប្រភេទ​កីឡា​ប៉េតង់​កម្ពុជា​នេះ យើង​មិន​ដែល​បារម្ភ ឬ​គិត​ថា ប្រទេស​ណាមួយ​ជា​ឧបសគ្គ​នោះ​ឡើយ ។ ព្រោះ​កេរ្តិ៍ឈ្មោះ​កីឡា​ប៉េតង់​កម្ពុជា គ្រប់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី សុទ្ធតែ​ធ្លាប់​ស្គាល់​ពី​ថ្វីដៃ​របស់​កីឡាករ​ខ្មែរ និង​មាន​ក្តី​បារម្ភ​ខ្លាំង​នៅ​ពេល​ប៉ះ​ជាមួយ​កីឡាករ​ប៉េតង់​កម្ពុជា ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៍​មាន​ប្រទេស​មួយ​ចំនួន បាន​ស្នើ​ដល់​សហព័ន្ធ​ប៊ូល និង​ប៉េតង់​កម្ពុជា អោយទៅ​ជួយ​បង្វឹក​ដល់​អត្ត​ព​លិ​ក​របស់​គេ ថែម​ទៀត​ផង ។

បែរមក​មើល​ម្ចាស់​មេដាយមាស​ពិភពលោក និង​ស៊ី​ហ្គេ​ម វីៈ​កីឡាការិនី កែ ឡេ​ង និង​អ៊ុ​ក ស្រី​មុំ និយាយ​មុន​ការ​ប្រកួត​ចាប់ផ្តើម អោយ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា ពួក​គាត់​ទាំង​ពីរ​នាក់ បាន​ពិភាក្សា​គ្នា​រួច​ហើយ​ថា មិន​ខ្លាច​ឡើយ ហើយ​ប្តេជ្ញា​យក​មេដាយមាស​ជូន​ជាតិ អោយ​ទាល់តែ​បាន ។

អ្នក​ទាំង​ពីរ បាន​បញ្ចា​ក់​ទាំង​អួល​ដើម​ក និង​ស្រក់​ទឹកភ្នែក ថា ខ្ងុំ​សន្យា និង​ប្រជាជន​កម្ពុជា ហើយ​ថា​នឹង​ដណ្តើម​យក​មេដាយមាស​អោយ​បាន ទោះបី​កីឡាការិនី​ថៃ​ខ្លាំង​ប៉ុណ្ណា ក៍​ខ្ញុំ​មិន​ខ្លាច​ដែរ គឺ​ត្រូវ​តែ​វៃ​អោយ​ចំ​គោលដៅ​ដើម្បី​យកជ័យ​ជម្នះ​ឲ្យ​ប្រទេស​កម្ពុជា ។

សូម​បញ្ចា​ក់​ផង​ដែរ​ថា សម្រាប់​វិញ្ញាសា​ប្រកួត​ផ្នែក​នារី​វាយ​គូ ២​នាក់ ទល់​២​នាក់​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កម្ពុជា​បាន​យកឈ្នះ​វៀតណាម ក្នុង​លិទ្ធ​ផល​១៣ ទល់​៨ ហើយ​បន្ត​យកឈ្នះ​ថៃ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​យក​មេដាយមាស ក្នុង​លទ្ធផល​១៣ ទល់​១០ ។ ខណៈ​ការ​ប្រកួត​ថៃ​បាន នាំមុខ​កម្ពុជា ១០​ទល់​៤ មិន​បាក់ទឹកចិត្ត​ទេ​ក៏​ដោយសារ​អំណាច​ទឹកចិត្ត និង​កំលាំងចិត្ត​ដែល​បាន​មក​ពី​អ្នកគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ទូរ​ទាំង​ប្រទេស ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ (​អ៊ុ​ក ស្រី​មុំ និង កែ ឡេ​ង​) សម្រេច​បាន​លទ្ធផល​ដ៍​ត្រចះត្រចង់​មួយ​នេះ ៕

វី​ដេ​អូ : ការ​ប្រកួត​វគ្គ​ពាក់​ផ្តាច់ព្រ័ត្រ​ទោះបីជា​ថៃ​បាន​នាំមុខ​កម្ពុជា​១០​ទល់​៤ ក៏​ដោយ ក៏​កម្ពុជា អាច​យកឈ្នះ​បាន​ដែរ ចង់​ដឹង​ថា កម្ពុជា​យកឈ្នះ​ថៃ​របៀប​ណា សូម​ទស្សនា​ទាំងអស់​គ្នា ៖

Comments

comments