ភ្នំពេញ ៖ ច្រើន​ខែ​ហើយ​ដែល​ធ្លាយ​ដំណឹង​តារា​កំប្លែង​ស្រី​ក្នុង​ក្រុម​នាយ​ក្រឹម គឺ​ស្រី​លាភ កំពុង​មាន​ផ្ទៃពោះ​ពពោះកូនភ្លោះស្រី ប៉ុន្តែ​មិន​ត្រូវ​បាន​ទម្លាយ​ឪពុក​កូន​ក្នុង​ផ្ទៃ​ជា​នរណា​នោះ​ទេ ទើបតែ​ពេល​នេះ​ក៏​ផ្ទុះ​ថា ភរិយា​ស្របច្បាប់​នាយ ក្រឹម កំពុង​ត្រ​ឡោ​ត​ខឹង​ រឿងស្រី​លាភមានកូន​ភ្លោះ​ជាមួយ​ប្តី​របស់​ខ្លួន ហើយ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ទៀត​ផង​ ។

ភរិយា​ស្របច្បាប់​របស់​តារា​កំប្លែង​ល្បីឈ្មោះ​នាយ​ក្រឹម បាន​ចេញ​មុខ​ចោទប្រកាន់​តារា​កំប្លែង​ស្រី​វ័យក្មេង ដៃគូ​នាយ​ក្រឹម គឺ​កញ្ញា​ស្រី​លាភ ហៅ​នាង​ព្រលិត ថា​បាន​ដណ្តើម​ប្តី​របស់​គាត់ គឺ​នាយ​ក្រឹម លួច​ទាក់ទង​គ្នា​រហូត​មាន​ផ្ទៃពោះ​កូនភ្លោះ​៥​ខែ ព្រមទាំង​បង្ខំ​ឱ្យ​នាយ​ក្រឹម លែងលះ​គាត់​ជា​ប្រពន្ធ​ទៀត ទើប​គាត់​កើតទុក្ខ​មិន​សុខចិត្ត ក៏​សម្រេច​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ ដើម្បី​ឱ្យ​ច្បាប់​ជួយ​រក​យុត្តិធម៌ ។

អ្នកស្រី​វង់ ឡុ​ង​មុន្នី សព្វថ្ងៃ​ស្នាក់​នៅ ផ្ទះ​លេខ​៧៩K ផ្លូវលំ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែល​អះអាង​ខ្លួន​ថា ជា​ភរិយា​ស្របច្បាប់​របស់​លោក​អ៊ូ ប៊ុ​ណ្ណា​រ៉ាត់ ហៅ​នាយ​ក្រឹម តារា​កំប្លែង​ល្បីល្បាញ បាន​រៀបរាប់​ទាំង​ឈឺចាប់​ថា អ្នកស្រី​ពិតជា​មានការ​សោកស្តាយ​ណាស់ ដែល​ខំ​ចំណាយ​ពេលវេលា ជួយ​យឹតយោង​នាង​គង់ ច័ន្ទ​ស៊ី​ណា ហៅ​ស្រី​លាភ ឱ្យ​ផុត​ពី​ភក់ជ្រាំ បាន​ចូល​លេង​កំប្លែង​ជាមួយនឹង​ស្វាមី រហូត​បាន​ល្បីឈ្មោះ បែរជា​លួច​យកប្តី​គាត់​ជា​មេក្រុម​ទៅ​វិញ ថែម​ទាំង​ថ្លើមធំ ដើរ​បរិហារកេរ្តិ៍​បង្កើត​រឿងអាស្រូវ​ដល់​គ្រួសារ​អ្នកស្រី​ទៀត​ផង ។

អ្នកស្រី​វង់ ឡុ​ង​មុន្នី បន្ត​ថា ស្រី​លាភ ពុំ​ត្រឹមតែ​លួច​ប្តី​អ្នកស្រី​ទេ ថែម​ទាំង​ហ៊ាន​ឌឺដង​ផ្លែផ្កា​ឱ្យ​អ្នកស្រី ដោយ​បំភ្លៃ​ការ​ពិត ដើរ​និយាយ​ប្រាប់​គេឯង​ថា អ្នកស្រី​សុខចិត្ត​ចែក​ប្តី​គ្នា ជួនកាល​ថា ប្តី​ប្រពន្ធ​អ្នកស្រី​បាន​លែងលះ​គ្នា​ទៅ​ហើយ តែ​តាម​ពិត ប្តី​ប្រពន្ធ​អ្នកស្រី​ព្រមទាំង​កូន​៤​នាក់​ទៀត កំពុង​រួមរស់​ជាមួយ​គ្នា​សោះ ។

អ្នកស្រី​វង់ ឡុ​ង​មុន្នី ជា​ភរិយា​ដើម​របស់​នាយ​ក្រឹម រៀបរាប់​ថា អ្នកស្រី​និង​នាយ​ក្រឹម បាន​រៀប​ការ​តាំងពី​ខែកុម្ភៈ ឆ្នាំ​១៩៨២ មក​ម្ល៉េះ រហូត​មក​ទល់​សព្វថ្ងៃ​មានកូន​៤​នាក់ ប្រុស​៣ ស្រី​១ ធំ​ទន្ទឹមស្មា​ឪពុក​ម្តាយ​អស់​ទៅ​ហើយ​។​ដោយ​អ្នកស្រី​មាន​ទឹកចិត្ត​អាណិតអាសូរ​ចំពោះ​ស្រី​លាភ គិត​ថា ជា​ស្រី​ដូច​គ្នា រស់នៅ​ក្នុង​ភាព​ក្រីក្រ ក៏​ហៅ​មក​ចូល​លេង​កំប្លែង ក្រែង​បាន​កម្រៃ​ចិញ្ចឹម​ឆ្នាំង ម្យ៉ាងទៀត កាលនោះ នាង​លាភ មាន​អ៊ំ​បង្កើត​រស់នៅ​ផ្ទះ​ជាប់​ជញ្ជាំង​គ្នា​នឹង​ផ្ទះ​អ្នកស្រី​ផង ទើប​អ្នកស្រី​សម្រេចចិត្ត​ជួយ​ឱ្យ​បាន​ចូល​លេង​ក្នុង​ក្រុម​កំប្លែង​របស់​ស្វាមី​អ្នកស្រី រហូត​មានឈ្មោះ​ល្បីល្បាញ​ក្នុង​ពិភព​សិល្បៈ ទីបំផុត​ស្រី​លាភ ហៅ​នាង​ព្រលិត មិន​បាន​សងគុណ​អ្នកស្រី បែរជា​ហ៊ាន​លូក​ថ្លើម​អ្នកស្រី​លួច​ទាក់ទង​ស្នេហា​ស៊ីជម្រៅ​ជាមួយ​ស្វាមី​របស់​អ្នកស្រី រហូត​ពពោះ​កូនភ្លោះ​៥​ខែ ស្រាប់តែ​ថ្លើមធំ ហ៊ាន​បង្ខំ​ឱ្យ​នាយ​ក្រឹម លែងលះ​អ្នកស្រី​ជា​ប្រពន្ធ​ពេញ​ច្បាប់​ទៀត ហើយ​បោះពាក្យ​សម្តី​ថា បើ​ទោះជា​អ្នកស្រី​ជា​ប្រពន្ធដើម​ហ៊ាន​ប្តឹង ក៏​មិន​ឈ្នះ​គេ​ដែរ ពីព្រោះ​គេ​មាន​មេធាវី​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ចាំ​ជួយ​ការពារ​ក្តី ។

ទោះជា​យ៉ាងណា ជុំវិញ​ការ​ចោទប្រកាន់​របស់​អ្នកស្រី​វង់ ឡុ​ង​មុន្នី ដែល​អះអាង​ខ្លួន​ថា ជា​ភរិយា​របស់​នាយ​ក្រឹម​ខាងលើ​នេះ​អ្នក​សារព័ត៌មាន​មិនដឹង​ថា ជា​ការ​ពិត​ឬ​យ៉ាងណា​ទេ? ដោយសារ​មិន​អាច​ទាក់ទង សុំ​ការ​បកស្រាយ​បំភ្លឺ​ពី​លោក​អ៊ូ ប៊ុ​ណ្ណា​រ៉ាត់ ហៅ​នាយ​ក្រឹម បាន​ទេ កាលពី​ម្សិលមិញ ។

ទោះជា​យ៉ាងនេះ​ក្តី អ្នកស្រី​វង់ ឡុ​ង​មុន្នី បញ្ជាក់​និង​អះអាង​ថា រឿង​នេះ​ជា​ការ​ពិត ហើយ​អ្នកស្រី​សំណូមពរ​ឱ្យ​ចុះ​ផ្សាយ តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​នេះ​ចុះ ដោយ​អ្នកស្រី​សូម​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​រឿង​នេះ ។ ទាំងនេះ​ដោយសារ​មានការ​អះអាង​តែ​ភាគី​ម្ខាង ដូច្នេះ​អ្នក​យក​ព័ត៌មាន​រង់ចាំ​ទទួល​ការ​បកស្រាយ​បំ​ភ្លឺំ​ការ​ពិត ពី​កញ្ញា​ស្រី​លាភ និង​នាយ​ក្រឹម បន្តទៀត ។

សូម​រំលឹក​ថា ថ្មី​ៗ​នៅ​ក្នុង​បណ្តាញ​សង្គម បាន​បែកធ្លាយ​ព័ត៌មាន​និង​ទម្លាយ​រូបថត នាយ ក្រឹម បណ្តើរ ស្រី​លាភ ក្នុង​ដំណើរ​កម្សាន្ត ដែល​មាន​វត្តមាន​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ និង​ប្រពន្ធ បង្ហាញ​អោយ​ឃើញ​ថា តារា​កំប្លែង​ក្នុង​ក្រុម​នាយ​ក្រឹម​កញ្ញា​ស្រី​លាភ កំពុង​ពពោះ​កូន​ដំបូង​ភ្លោះ រហូត​មក​ដល់​ពេល​នេះ​៥​ខែ​ហើយ ដំណឹង​នេះ បែរជា​ត្រូវ​បាន​មហាជន ថា​ម្ចាស់​ទារក​ភ្លោះ​ក្នុង​ពោះ ស្រី​លាភ គ្មាន​នរណា​ក្រៅពី នាយ​ក្រឹម នោះ​ឡើយ ។

បន្ថែម​ពី​អំណះអំណាង​នេះ ស្រី​លាភ នាង​ក៏​សាទរ​នឹង​កំណើត​កូនភ្លោះ​នេះ​ដែរ ព្រោះថា នាង​ស្រឡាញ់​កូនស្រី ហើយ​ពេល​នេះ​កូន​ក្នុង​ផ្ទៃ​នាង គឺ​បាន​ស្រី​ទាំង​ពីរ​សម​តាម​បំណង​នាង​នោះ ប្រភព​ដដែល​ក៏​ទម្លាយ​ថា ចំណែក​សុខភាព​ស្រី​លាភ នាង​ប្រសើរ​ច្រើន ទាំង​រូប​សម្រស់​ក៏​កាន់តែ​ស្រស់​ស្អាត ដែល​នាង​សប្បាយ​ចិត្តនឹង​កំណើត​កូនភ្លោះ​ស្រី ។

តែ​យ៉ាងណា​ក៏​មាន​មនុស្ស​មិន​តិច​ទេ ចង់​ដឹង​ថា កូន​ក្នុង​ផ្ទៃ​ស្រី​លាភ តារា​កំប្លែង​មុខស្រស់​នោះ មាន​ឪពុក​ជា​នរណា បើ​កន្លង​មក​មិន​ធ្លាប់​មាន​ដំណឹង​នាង​ដឹក​ដៃ​បុរស​ណា​ម្នាក់ ចូល​រោងការ​ក្រាប​ផ្ទឹម​ផង​ហ្នឹង ក្រៅពី​ល្បី​មាន​ទំនាក់ទំនង​ស្នេហា​នឹង​មេ​កើយ​គឺ​នាយ​ក្រឹម​នោះ ។

ដោយឡែក នាយ ក្រឹម ដែល​កំពុង​ស្ថិត​ក្នុង​ការ​ដាក់បន្ទុក​ពី​មហាជន​ថា កូន​ក្នុង​ពោះ ស្រី​លាភ ម្ចាស់​តំណក់ឈាម​នេះ​គ្មាន​អ្នក​ណា​ក្រៅពី​នាយ​ក្រឹម​នោះ នាយ បែរជា​ឆ្លើយ​ថា ៖ «​រឿង​នេះ​ខ្ញុំ​មិន​បានដឹង​ថា​គេ​ផ្សព្វផ្សាយ​យ៉ាងណា អ្នក​ណា​ទម្លាយ ខ្ញុំ​ក៏​អត់​ដឹង​» ។

បន្ទរ​នឹង​សម្ដី​បែប​ភ្ញាក់ផ្អើល​នេះ នាយ​ក្រឹម ក៏​ពោល​ថា ៖ «​រឿង​នេះ​បើ​ចង់​ដឹង​ច្បាស់​មាន តែ​សាមីខ្លួន​គេ​ទេ ។ មាន​តែ​សួរ​ស្រី​លាភ ចំណែកឯ​ខ្ញុំ​បើ​សួរ​ការងារ ស្រី​លាភ លេង​សិល្បៈ​ជាមួយ​យ៉ាងម៉េច​នោះ ខ្ញុំ​ជា​មេ​អាច​ឆ្លើយ​បាន​» ។

ទន្ទឹម​នឹង​នេះ​ក៏​មាន​អ្នក​បញ្ចេញមតិ​ក្នុង​បណ្ដាញ​សង្គម​ខ្លះ​គាំទ្រ ពូ​ក្រឹម និង​ស្រី​លាភ ដោយ​ពួក​គេ​បែរជា​លាន់មាត់​ថា សរសើរ​ទៅ ពូ​ក្រឹម មានសំណាង​ហើយ​បានកូន​ភ្លោះ​ស្រី នឹង ស្រី​លាភ ៕

Comments

comments