គ្រូបង្វឹក​កីឡាបាល់ទាត់​ជម្រើសជាតិ​ខ្មែរ​អាយុ​ក្រោម​១៨​និង​១៩​ឆ្នាំ (U18-U19) លោក អ៊ី​ណូ​អេ កា​ហ្ស៊ូ​ណូរី (Inoue Kazunori) បាន​សម្រេច​ចិត្តនឹង​មិន​ត្រលប់​ទៅ​ជប៉ុន​វិញ ដើម្បី​ចូលរួម​ពិធី​បុណ្យសព​ឪពុក​របស់​លោក​ទេ ដើម្បី​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៨​ឆ្នាំ​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ស្អែក​នេះ​ដោយ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ មុន​ពេល​ចូលរួម​ការ​ប្រកួត​ផ​ផ្លូវការ AFF U18 Championship 2017​ នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ។

បើ​តាម​ផេ​ក​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ឥ្យ​ដឹង​ថា លោក​អ៊ី​ណូ​អេ កា​ហ្ស៊ូ​ណូរី បាន​និយាយ​ថា “​នៅ​ពេល​ឪពុក​របស់ខ្ញុំ​គាត់​នៅ​រស់​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​កុំអោយ​កម្ពុជា​ចាញ់​!”​ ។ នេះ​ជា​ហេតុផល​សម្រាប់​ការ​សម្រេចចិត្ត​របស់​លោកគ្រូ​មិន​ត្រលប់​ទៅ​ជប៉ុន​វិញ​សម្រាប់​ពិធី​បុណ្យសព​របស់​ឪពុក​គាត់​ ។

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​សូម​ចូលរួម​រំលែក​ទុក្ខ​លោក Inoue Kazunori គ្រូបង្វឹក​ក្រុម​សាលា​បាល់ទាត់​ជាតិ និង ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៩&១៨​ឆ្នាំ​ ដែល​ឪពុក​របស់​គាត់​បាន​ចែក​ឋាន​កាលពី​ពេល​ថ្មី​ៗ​នេះ​។

តាម​គម្រោង ការ​ប្រកួត AFF U18 Championship 2017 នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​០៤​ដល់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ប្រទេស​មី​យ៉ា​ន់​ម៉ា ហើយ​ក្រុម​គោព្រៃ​កម្ពុជា ស្ថិត​ក្នុង​ពូ​ល A ដែល​រួម​មាន​៖​ថៃ ម៉ា​ឡេ​ស៊ី ទី​ម័​រ​ខាងកើត ឡាវ និង​សិង្ហ​បុរី​ ៕

 

 

 

Comments

comments