ភ្នំពេញ​ ៖ តារា​កំប្លែង​លោក អ៊ូ ប៊ុ​ណ្ណា​រ៉ាត់ ហៅ​ក្រឹម បាន​ទទួលស្គាល់​កំហុសឆ្គង​របស់​លោក ចំពោះ​ការ​ដែល​ភរិយា​ដើម​អ្នកស្រី វង្ស ឡុ​ង​មុន្នី បាន​ចេញ​មុខ​បកអាក្រាត​រឿង​លោក​លួចលាក់​ស្នេហា​ជាមួយ​តារា​កំប្លែង​ក្នុង​ក្រុម នាង​គង់ ច័ន្ទ​សី​ណា ហៅ​ស្រី​លាភ ធ្លាយ​រឿង​មាន​ផ្ទៃពោះ​កូនភ្លោះ​៥​ខែ

បន្ទាប់​ពី​​អ្នកស្រី​វ៉ង់ ឡុ​ង​មុន្នី ភរិយា​ដើម​របស់​នាយ​ក្រឹម លែង​ទុក​មុខ​ទុក​មាត់​ឲ្យ​ប្ដី និង​ស្រី​លាភ ទៀត​ហើយ គឺ​សម្រេចចិត្ត​ដាក់​ពាក្យ​ប្ដឹង​នៅ​តុលាការ​តែ​ម្ដង ដើម្បី​ឲ្យ​ពួក​គេ​បាន​ភ្លឺភ្នែក​រឿង​មាន​ស្នេហា​ជាមួយ​គ្នា ដែល​រឿង​នេះ​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​មិន​តិច​ឡើយ ទើប​នាយ​ក្រឹម​ចេញ​មក​អះអាង​ថា នាយ​មិន​លែងលះ​ប្រពន្ធ​ទេ គេ​ចង់​យក​ទាំង​២ ទាំង​ប្រពន្ធដើម​អ្នកស្រី វ៉ង់ ឡុ​ង​មុន្នី និង​ប្រពន្ធចុង ស្រី​លាភ ។

នាយ​ក្រឹម បាន​អះអាង​ប្រាប់​ការ​សែត​ក្នុងស្រុក​ដ៏​មាន​ប្រជាប្រិយភាព​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៧ នេះ​ដោយសារ​ភាព​កំហុស​ផិតក្បត់​របស់​លោក​ចំពោះ​ភរិយា និង​ទទួលស្គាល់​ថា កូនភ្លោះ​ក្នុង​ផ្ទៃ​របស់​ស្រី​លាភ នាង​លាភ ពិតជា​កូន​របស់​លោក​ប្រាកដ​មែន ។ ប៉ុន្តែអ្វី​ៗ​គ្រប់យ៉ាង​លោក​ធ្វើ​ជ្រុល​ហួស​ទៅ​ហើយ ហើយ​ក៏​មិន​ចង់​លែងលះ​ភរិយា​ស្របច្បាប់​នោះ​ទេ ទោះបី​ប្រពន្ធ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ក៏​ដោយ គឺ​លោក​ចង់​យក​ទាំង​២ មិន​ចង់​បែក​ពី​ប្រពន្ធ​ណាមួយ​ឡើយ​ ។

នាយ​ក្រឹម បាន​រៀបរាប់​ថា ធម្មតា​ទេ ប្តី​មាន​ស្រី ប្រពន្ធ​ឯណា​ទៅ​សប្បាយចិត្ត​ទៅ ? រឿង​នេះ យើង​ដឹង​ហើយ​ថា បើ​តាម​ផ្លូវច្បាប់ គឺ​ខ្ញុំ​ខុស ព្រោះ​ខ្ញុំ​និង​ប្រពន្ធដើម មិន​បាន​លែងលះ​គ្នា​ទេ ​។ តែបើ​គាត់ វ៉ង់ ឡុ​ង​មុន្នី ចង់​ប្តឹង​ខ្ញុំ​ឡើង​តុលាការ ខ្ញុំ​ក៏​មិនដឹង​ជា​ត្រូវ​ហាមឃាត់​យ៉ាងម៉េច​ដែរ បើសិនជា​គាត់​ចង់​បំផ្លាញ​ខ្ញុំ​នោះ ឱ្យ​គាត់​ធ្វើ​ទៅ​ចុះ បើ​គាត់​ជា​មនុស្ស​ល្អ​ម្នាក់​ដែរ ។ ខ្ញុំ​គ្មាន​អ្វី​ត្រូវ​រារាំង​គាត់​ទេ តាម​ចិត្ត​គាត់​ចុះ តែ​សួរ​ថា ខ្ញុំ​ចង់​បែក​ពី​គាត់​ឬ​អត់ ? គឺ​ខ្ញុំ​សូម​ប្រាប់​ថា ខ្ញុំ​គ្មាន​ចង់​បែក​មួយ​ណា​ទេ ​។ បើ​ទោះជា​ខ្ញុំ​មានរឿង​អីចឹង​មែន ខ្ញុំ​មាន​ទៅ​បំផ្លាញ​លុយកាក់​ក្រុម​គ្រួសារ​ឯណា ខ្ញុំ​ប្រឹង​ដើរ​រក​លុយ​ពី​ខាងក្រៅ​ចូល​ផ្ទះ ខ្ញុំ​នៅ​តែ​ផ្តល់​លុយ​ឱ្យ​ប្រពន្ធដើម​ខ្ញុំ និង​កូន​ៗ ដែល​ពួក​គេ​រៀន​សុទ្ធតែ​សាលា​ប៊ែ​ល​ធី ជាដើម គឺ​ខ្ញុំ​ជា​អ្នក​ផ្គត់ផ្គង់​លុយកាក់ ខ្ញុំ​នៅ​តែ​បំពេញ​តួនាទី​ជា​ឪពុក​គេ ប្តី​គេ​ដដែល ខ្ញុំ​មិន​ដែល​បំផ្លាញ​លុយកាក់​ក្នុងផ្ទះ​ទេ ខ្ញុំ​ដើរ​រក​លុយ​ពី​ក្រៅ​ចូល​ផ្ទះ ​។ បើ​គាត់​ចង់​បំផ្លាញ​ប្តី គាត់​សុខចិត្ត​ធ្វើ ឱ្យ​គាត់​ធ្វើ​ចុះ​ ។ ធ្វើ​ម៉េច​ខ្ញុំ​ជា​អ្នកសិល្បៈ ចៀស​មិន​ផុត​ទេពី​រឿង​ហ្នឹង មិន​អត់​ទេ ការ​ប្រចណ្ឌ​អី​នោះ ហើយ​ឥឡូវ​រឿង​វា​ទៅ​ជា​អីចឹង​ទៅ​ហើយ ខ្ញុំ​មាន​តែ​បណ្តោយ​ឱ្យទៅ​តាម ដំណើរ​ទៅ​ចុះ ​។ គាត់​ថា គាត់​ប្តឹង​ទៅ​តុលាការ អីចឹង​បើ​គេ​កោះហៅ ខ្ញុំ​មិន​មាន​គេចវេះ​ទៅ​ណា​ទេ គឺ​មាន​តែ​ទៅ​បំភ្លឺ​ហ្នឹង តែ​ឥឡូវ​វា​អត់​ទាន់​មានការ​ប្តឹងផ្តល់​អី​ទេ ។

ទោះជា​យ៉ាងណា នាយ​ក្រឹម បាន​បដិសេធ​ថា ស្រី​លាភ មិន​បាន​បង្ខំ​ឱ្យ​នាយ​លែងលះ​ប្រពន្ធ ដើម ដូច​ការ​ចោទប្រកាន់​របស់​អ្នកស្រី​វ៉ង់ ឡុ​ង​មុន្នី នោះ​ទេ ។

លោក​អ៊ូ ប៊ុ​ណ្ណា​រ៉ាត់ ហៅ​នាយ​ក្រឹម បាន​បន្ត​ថា អត់​ទេ​! ស្រី​លាភ មិន​ដែល​ញុះញង់​ឱ្យ​ខ្ញុំ​លែងប្រពន្ធ​មក​យក​គេ​តែ​ម្នាក់ឯង​នោះ គឺ​មិន​អីចឹង​ទេ​ ។ ស្រី​លាភ គ្នា​មិន​ហ៊ាន​អីចឹង​ទេ គ្នា​នៅ​តែ​ស្ងៀម​ហ្នឹង ហើយ​ខ្ញុំ​ក៏​មិន​ដែល​ឧបត្ថម្ភ​លុយកាក់​ឱ្យ​ស្រី​លាភ ដែរ គឺ​គេ​រកបាន​ដោយ​ខ្លួនឯង ព្រោះ​ការ​សម្តែង​លើ​ឆាក​នោះ គេ​មាន​កញ្ចប់​ថវិកា​របស់​គេ គ្រាន់តែ​ថា លុយ​ប៉ុណ្ណឹង​ទៅ​ធ្វើ​អី​គ្រាន់​ ។

នាយ​ក្រឹម បន្ត​ទៀត​ថា ខ្ញុំ​នៅ​តែ​ទៅ​ផ្ទះ​ខ្ញុំ មើល​ប្រពន្ធ​កូន​អីចឹង គ្រាន់តែ​ថា រឿង​ខ្ញុំ​នៅ​ជាមួយ​ស្រី​លាភ ហ្នឹង ខ្ញុំ​នៅ​យូរហើយ គេ​ដឹង​យូរហើយ​តើ​! កូនភ្លោះ​របស់​ស្រី​លាភ ក្នុង​ផ្ទៃ​ហ្នឹង គឺ​ពិតជា​កូន​របស់ខ្ញុំ​មែន ធ្វើ​ម៉េច​បើ​រឿង​វា​អីចឹង​ទៅ​ហើយ​ ។ គ្រាន់តែ​ថា បើ​តាម​ផ្លូវច្បាប់ គឺ​ខ្ញុំ​ខុស​ហើយ តែ​ខ្ញុំ​មិន​គេចវេះ​ទេ គឺ​បើ​គាត់​ចង់​បំផ្លាញ​ប្តី ប្តឹង​ខ្ញុំ គាត់​ធ្វើ​ចុះ ខ្ញុំ​នឹង​ទៅ​បំភ្លឺ​នៅ​តុលាការ មិន​គេចវេះ​ទៅ​ណា​ទេ​ ។ តែ​ថា ឱ្យ​ខ្ញុំ​ចង់​បែក​នរណា​ម្នាក់ គឺ​ទាំង​២​ហ្នឹង ខ្ញុំ​មិន​ចង់​បែក​ណា​១​ទេ ខ្ញុំ​ចង់​នៅ​ទាំង​២​អីចឹង ​។ និយាយ​ទៅ ខ្ញុំ​តស៊ូ​ច្រើន​ណាស់ ជាមួយ​ប្រពន្ធ​ខ្ញុំ​ជាង​១០​ឆ្នាំ​នេះ បានកូន​៤​នាក់ ​ប្រុស​៣ ហើយ​កូនច្បង បានការ​ម្នាក់​ហើយ​ ។ បើ​ខ្ញុំ​មិន​ប្រឹង​ទេ ស្មាន​តែ​ខ្ញុំ​មាន​ថ្ងៃ​ហ្នឹង​អី ? គឺ​ប្តី​នេះ​ទៅ​រក​លុយ​ចូល​ផ្ទះ មិនមែន​បំផ្លាញ​លុយ​ក្នុងផ្ទះ​ទេ ហើយ​ធ្វើ​ម៉េច​បើ​ខ្ញុំ​មាន​អាជីព​ខាង​ហ្នឹង​។ ខ្ញុំ​តែង​ផ្តល់​លុយកាក់​ឱ្យ​គេ​ចិញ្ចឹម​កូន តែ​ខ្ញុំ​មិន​ដែល​ផ្តល់​ឱ្យ​ស្រី​លាភ ទេ គឺ​គេ​រកបាន​ដោយ​ខ្លួនឯង ។

ជុំវិញ​បញ្ហា​ត្រូវ​ប្រពន្ធ​ទម្លាយ​រឿងអាស្រូវ​ស្នេហា​ត្រីកោណ​ខាងលើ​នេះ នាយ​ក្រឹម បាន​បញ្ជាក់​បន្ថែម​ថា “​ខ្ញុំ​មិន​ភ័យ​ខ្លាច​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ខ្ញុំ​ទេ ព្រោះ​នេះ​មិនមែន​ជា​ទោសឧក្រិដ្ឋ​ឯណា ? ខ្ញុំ​អត់​មានទោស​ឧក្រិដ្ឋ​អី​ត្រូវ​ភ័យ​ខ្លាច​ខ្លាំង​ទេ​ ។ តាំងពី​ចាប់ដៃ​គ្នា​ជាមួយ​ប្រពន្ធ​ខ្ញុំ​ជាង​១០​ឆ្នាំ រហូត​មានកូន​៤​នាក់​នេះ ខ្ញុំ​មិន​ដែល​ប្រើ​អំពើ​ហិង្សា​វ៉ៃ​ទាត់​ធាក់​ប្រពន្ធ​អី​ទេ​​ ។ និយាយ​ទៅ​យើង​អត់​ចេះ​តែ​ម្តង អា​រឿង​ប្រើ​អំពើ​ហិង្សា​ហ្នឹង អីចឹង​ខ្ញុំ​មានទោស​ឧក្រិដ្ឋ​ឯណា​ដែល​ត្រូវ​ខ្លាច​​ ។ បើ​គាត់​ប្តឹង​ខ្ញុំ គឺ​ខ្ញុំ​មាន​តែ​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កោះហៅ ខ្ញុំ​មិន​គេចវេះ​ទេ តែបើ​ថា ឱ្យ​ខ្ញុំ​ចង់​បែក គឺ​ខ្ញុំ​មិន​ចង់​បែក​អ្នក​ណា​ម្នាក់​ទេ ទាំង​២​ហ្នឹង​។ បើ​ថា ខ្ញុំ​បាន​ថ្មី​ចោល​ចាស់ ខុស​ហើយ ខ្ញុំ​មាន​ទៅ​ចោល​ខាង​ណា ? ខ្ញុំ​នៅ​តែ​ទៅ​ផ្ទះ មើល​ប្រពន្ធ​កូន​ខ្ញុំ​អីចឹង មិន​ដែល​ថា​មិន​ទៅ​ឯណា ? តែ​ថា​រឿង​គាត់​ពិបាកចិត្ត​នោះ ធម្មតា​ទេ ប្តី​មាន​ស្រី តើ​ប្រពន្ធ​ឯណា​ដែល​ទៅ​សប្បាយចិត្ត​ទៅ ? ធ្វើ​ម៉េច​រឿង​ហ្នឹង វា​អីចឹង​ហើយ មាន​តែ​តាម​ដំណើរ តាម​ព្រេងវាសនា​ចុះ​… ។

សូម​បញ្ជាក់​ថា ច្រើន​ខែ​មក​ហើយ ដែល​ធ្លាយ​ដំណឹង តារា​កំប្លែង​ស្រី​ក្នុង​ក្រុម​នាយ​ក្រឹម ស្រី​លាភ មាន​ផ្ទៃពោះ​កូនភ្លោះ ប៉ុន្តែ​មិន​ត្រូវ​បាន​ទម្លាយ ឪពុក​កូន​ក្នុង​ផ្ទៃ​ជា​នរណា ខណៈ​ការ​សន្និដ្ឋាន​ថា គ្មាន​នរណា​ក្រៅពី នាយ ក្រឹម​ ។ ចំណែក​នាង​លាភ ឬ​ព្រលិត​វិញ ក៏​ទទួលស្គាល់​រឿង​មានកូន​ដែរ តែ​កន្លង​មក​នាង​ឆ្លើយ​តាម​បណ្តាញ​សង្គម​សុំ​លាក់​មុខ​ឪពុក ។ លុះដល់​ដឹង​ថា នាយ​ក្រឹម​ជា​ប៉ា​ប៉ា​ក្មេង​ក្នុង​ផ្ទៃ ធ្វើ​ឲ្យ​អារម្មណ៍​ភរិយា​ដើម​ឆួល​ឆេះ​រហូត​ប្តឹង​ឲ្យ​គេ​ដឹង លែង​ទុក​មុខ​តទៅ​ទៀត​បែប​នេះ​ទៅ ៕

Comments

comments