ភ្នំពេញ ៖ ក្រោយ​ការ​វាង​កម្ទេច​ព្រះ​វិហារ​ដែល​ជា​បេតិកភណ្ឌ​ជាតិ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន បាន​បង្ហាញ​នូវ​ការ​សោកស្តាយ ចំពោះ​ព្រះ​វិហារ​បុរាណ ក្នុង​វត្ត​ឥន្ទ្រី​សំ​វរៈ ហៅ វត្ត​កំពង់ធំ ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ធំ ពិសេស​សោកស្តាយ នូវ​រូបគំនូរ​ព្រះ​ឆាយាល័ក្ខណ៍ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​ព្រះ​នរោត្តម សីហ​នុ និង​អង្គទូត​នៃ​បណ្តា​ប្រទេស ដែល​ជា​មិត្ត​របស់​កម្ពុជា ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ជាដើម ដែល​ត្រូវ​បាន គណៈកម្មការ​វត្ត​សម្រេច​វាយ​កម្ទេច​ចោល ដោយ​គ្មាន​ស្រាយ​ស្រណោះ ។

ក្រៅពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទាំង​ប្រជាពលរដ្ឋ​ដែល​បាន​ស្គាល់ ធ្លាប់​ចូល​ទៅ​មើល​ព្រះ​វិហារ​នេះ ទោះ​ប្រជាពលរដ្ឋ​មិន​ដែល​បានឃើញ ក៏​បាន​ចេញ​មក​ប្រតិកម្ម​រិះគន់​ការ​វាយ​កម្ទេច​ព្រះ​វិហារ​មួយ​នេះ​ថា ហាក់ដូចជា​គ្មាន​ស្តាយស្រណោះ​អ្វី​បន្តិច​សោះឡើយ ។

បើ​ទោះជា​ព្រះ​វិហារ​នោះ​ចាស់​ដល់​កម្រិត​ណា​ក៏​ដោយ តែ​វា​បាន​ក្លាយជា​បេតិកភណ្ឌ​ជាតិ​ទៅ​ហើយ មិន​ត្រូវ​វាយ​ចោល​ដោយ​គ្មាន​ការ​ប្រឹក្សា​យោបល់​ពី​ថ្នាក់​ជាតិ​នោះ​ទេ ព្រោះ​វិហារ​នេះ​លែង​ជា​កម្មសិទ្ធិ​របស់​ចៅអធិការ​វត្ត​ចាប់ពី​ពេល​ដែល​វិហារ​នេះ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ក្នុង​ឆ្នាំ​២០០៧ មក​ម្លេះ ។

ប្រជាពលរដ្ឋ​មិន​អស់ចិត្ត លោក​ក៏​បាន​ដាក់​ការ​សង្ស័យ​ថា ថា​វាយ​កម្ទេច​វិហារ​បុរាណ​មួយ​នេះ ទំនងជា​ចង់​កំណាយ​រក​អ្វីមួយ​ហើយ​មើលទៅ ។

លោក ដេ​ង សម្បត្តិ បាន​បង្ហាញ​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា «​គួរ​ឲ្យ​សោកស្តាយ​ណាស់ ដែល​បេ​តិ​ភណ្ឌ​ជាតិ​មួយ​ដ៏​មាន​តម្លៃ ត្រូវ​បាន​បំផ្លាញ ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ហើយ ។ តើ​នេះ​មក​ពី​ភាព​ល្ងិ​ត​ល្ងង់ ឬ​មក​ពី​អ្វី ? ឬ​មក​ពី​យល់​ថា ខ្លួន​ជាស​ង្ឈ ចង់​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​ក្នុង​វត្ត ? គួរតែ​ស្វែង​យល់​ពី​ច្បាប់ទំលាប់​ខ្លះ​ផង និង​គួរតែ​មាន​វិធានការ​ផ្លូវច្បាប់​ដែរ ។

ឯ​លោក អ៊ុ​ង ប៊ុ​ន​ម៉ុង ក៏​បាន​បញ្ចេញ​ទស្សនៈ​ថា «​បើ​ខ្ញុំ​ជា​ក្រសួង​ពាក់ព័ន្ធ​វិញ ធ្វើ​សេចក្ដី​ប្រកាស​ហើយ​មិន​ស្ដាប់ វត្ត​នេះ​អាច​នឹង​អត់​មាន​ព្រះ​វិហារ​យ៉ាងតិច​៥០​ឆ្នាំ ព្រោះ​ហ៊ាន​ដល់​ថ្នាក់ វាយ​កម្ទេច ព្រះ​វិហារ​បុរាណ​ចោល តើ​នេះ​ជា​ទ​ង្វើ​ដែល​ចង់​ការពារ​សុវត្ថិភាព ទើប​វាយ​បេតិកភណ្ឌ​ជាតិ​ចោល ? បើ​ក្រសួង​មិន​បាន​ចុះ​ត្រួតពិនិត្យ​ទេ មិន​បាន​អភិរក្ស​ទេ​នោះ គួរតែ​បញ្ឈប់​ការ​ប្រើប្រាស់​ព្រះ​វិហារ រង់ចាំ​ដល់​ក្រសួង​ចុះ​មក​មើល បើ​មិន​ចុះ​មើល​ទេ ទុក​រហូត​ដល់​រលំ ពេល​នោះ​កំហុស​គ្រប់យ៉ាង​គឺ​ក្រសួង ។ តើ​អ្នក​ដែល​វាយ​ព្រះ​វិហារ​នេះ ក្រសួង​មានអី​ព្រមាន​ទេ ?​» ។

លោក ហេង រតនា លើក​ឡើង​ស្រ​ដៀង​គ្នា​នេះ​ថា នៅ​ពេល​ទីតាំង​សំណង់ ឬ​អី្វ​មួយ​ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ជាតិ​រួច​ហើយ តើ​អំណាច​កម្រិត​ណា ហើយ​ស្ថាប័ន​ណា ទើប​មាន​អំណាច​សម្រេច​ឲ្យ​ដក​ចេញពី​បញ្ជី​បេតី​ក​ភណ្ឌ​ជាតិ​វិញ​បាន ? នីតិវិធី​គ្រប់គ្រង​អ្វី​ៗ ជា​បេតិកភណ្ឌ​ជាតិ គឺ​មាន​ចែង​ច្បាស់លាស់​! អាគារ​ចាស់​កាន់តែ​ទ្រុឌទ្រោម​កាន់តែ​មាន​តំលៃ គ្រាន់តែ​ជួសជុល និង​មាន​ការពារ​យ៉ាងណា​ឲ្យ​ធានា​សុ​វ​តិ្ថ​ភាព​ជា​ការ​ស្រេច​!! ប្រ​សិន​ប្រាសាទ​ទាំងឡាយ ដោយសារ​ចាស់​ទ្រុឌទ្រោម គ្មាន​សុ​វ​តិ្ថ​ភាព​ត្រូវ​វាយ​កំទេច​ចោល​នោះ ច្បាស់​ជា​វាយ​ចោល​គ្មាន​នៅ​សល់​ប៉ុន្មាន​នោះ​ទេ​! ចេះ​នាំ​គ្នា​វាយតំលៃ​ស្ថានភាព​អាគារ​ហើយ​វាយ​ចោល​ទៅ​រួច​!» ។

លោកស្រី ជា សា​រឿ​ន បាន​លើក​ឡើង​ថា អ្នកស្រី​បានឃើញ​វត្ត​ខ្លះ​មាន​ក្លោ​ង​ទ្វា​អាយុ​៥០​ទៅ​៦០​ឆ្នាំ តែ​គុណភាព​នៅ​ល្អ ដូច​ជា​វត្ត​ចំប៉ា វត្ត​សម្ដេច​ពាន់ នៅ​ខាង​តា​តែ​វ​ជាដើម តែ​បែរជា​នាំ​គ្នា​វាយ​ចោល​ហើយ​សាងសង់​ម៉ូត​ថ្មី ។ «​អា​ថ្មី​ហ្នឹង​វា​ស្អាត​ហើយ​តាម​ជំនាន់​ថ្មី តែ​អាចា​ស់វា​ស្អាត​តាម​របៀប​ចាស់ និង​មាន​តំលៃ​នៃ​អាយុកាល​របស់​វា ។ ហេតុ​អ្វី​មិន​ជួយ​អភិរក្ស​របស់​ជំនាន់​មុន​ចឹ​ង ? បើ​រំភើប និង​ម៉ូត​ថ្មី​ណាស់ គឺ​សង់​មួយទៀត​ពីមុខ ឬ​ពីក្រោយ​អា​ចាស់​ទៅ ? » ។

លោក វិបុល ក៏​បាន​បន្ថែម​ថា «​មិន​គួរ​វាយ​ចោល​ទេ​.. វត្ត​នេះ​បាន​ចូល​ជា​បេ​តិ​ភណ្ឌ​ជាតិ​ទៅ​ហើយ ។ ស្តាយ​រូបគំនូរ ដែល​មាននៅ​ក្នុង​ព្រះ​វិហារ​ណាស់​លោកសង្ឃ​…​អើយ​..​លោកសង្ឃ​.. ឃើញ​មាន​ច្រើន​ណាស់​ឥឡូវនេះ អា​រឿង​វាយ​អា​ចាស់​ចោល​ហើយ​សង់​ថ្មី ចុះបើ​ចង់​សង់​ថ្មី ម្តេច​មិន​សង់​លើ​ទីតាំង​ថ្មី​ទៅ ទុក​ព្រះ​វិហារ​ចាស់​បុរាណ​នេះ​គ្រាន់​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​មើល​ស្នាដៃ បុ​ព្ធ​បុរស​យើង ។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​លើក​ឡើង​ថា «​ក្រ​សូ​ង​វប្ប​ធ​ម៏​ដូច​ជា​មិនសូវ​មាន​សកម្មភាព​អី​សោះ ។ ប្រហែល​មិនសូវ​ហ៊ាន ជាមួយ​ព្រះ​ចៅអធិការ​វត្ត​ទេ​មើលទៅ ពីព្រោះ​សង្ឃរាជ​វត្ត​ខ្លះ​វៃ​សុទ្ធតែ​៥៧០ ឯណោះ ករុណា មិន​ហ៊ាន​ទេ​តេជគុណ​ម្ចាស់ ។ សូ​ម្បី​តែ​អាចារ្យ​អូស​រទេះ​ដើរ​អង្គាស​លុយ​តាម​ផ្លួ​វ​ក៏​មិនសូវ​ហ៊ាន​ផង​» ។

លោកស្រី លី​ស ពី​ន បាន​បន្ត​ថា បើ​មិន​ខុស​ពិតជា​រក​ត្រូវ​មិនឃើញ​ពិតមែន ។ ខ្ញុំ​ពិតជា​ស្តាយ​ណាស់​នូវ​ការ​បាត់បង​មួយ​នេះ ហើយ​សម្រាប់​ខ្ញុំ​ជា​កូន​ខ្មែរ​ម្នាក់​ពិតជា​មាន​អារម្មណ៍​ថា សោកស្តាយ​ខ្លាំង​ណាស់ ព្រោះ​មុន​ពេល​កើតហេតុ​ការណ៍​នេះ​ឡើង ខ្ញុំ​មិន​បាន​ព្យាយាម​ស្រាវជ្រាវ និង​ដឹង​ឮ​ពី​វា ពី​មុន​មក ឬ​អើពើ​ទៅ​លើ​វា​ទេ ។ វា​អាច​នឹង​ហួសពេល តែ​ក៏​ដូច​ជា​មិន​ទាន់​ហួសពេល​ដែរ តើ​អាច​ទេ បើ​យើង​គួរតែ​សាងសង់​សំណាក់ អនុ​ស្សារី​យ៍​រំលឹក​ដល់​ព្រះ​វិហារ​មួយ​នេះ និង​កត់ត្រា​រៀបរាប់​ពី​ប្រវត្តិ តឹកតាង​ផ្សេង​ៗ ភាព​សោកស្តាយ​ស្រណោះ​របស់​ប្រជាជន និង​ការ​ធ្វេសប្រហែស​មួយ​កាល​នេះ​» ។

លោកស្រី លី ណា​វី ក៏​បាន​លើក​ឡើង​ថា ខ្ញុំ​អ្នក​រស់នៅ​ក្នុង​ខេត្តកំពង់ធំ​ដែរ ហើយ​វត្ត​នឹង​ធ្លាប់តែ​ទៅ​លេង​រាង​រៀង​រាល់​ចូល​ឆ្នាំ​ខ្មែរ ហើយ​វត្ត​កំពង់ធំ ក៍​មាន​ប្រវត្តិ​ច្រើន​រាប់​មិន​អស់ ដែល​ចាស់​ៗ គាត់​តែងតែ​តំណាល​ត​គ្នា ឥឡូវ​ដំណឹង​ដ៍​សែន​អាក្រក់​នេះ ពិតជា​មាន​អារម្មណ៍​ថា ស្តាយស្រណោះ​ខ្លាំង​ណាស់ មិន​គួរ​ណា​ធ្វើ​ដោយ​មិន​មានការ​ពិចារណា​ចឹ​ង​សោះ ។ យើង​ចង់​បង្កើត​អ្វី​ដែល​ល្អ​ទាន់សម័យ គឺ​មិន​ពិបាក​ទេ តែបើ​យើង​បង្កើត​របស់បុរាណ​វិញ​គឺ​មិន​អាច​ទេ​» ។

ឯ​លោក រស់ ថា​សាន ថា «​មក​ពី​កំសោយ​ចំណាត់ការ​របស់​ក្រសួង​ធម្មការ​ក្នុង​ការ​ធ្វើ​ចំណាត់ថ្នាក់ និង​បច្ចុប្បន្នភាព​វត្ត និង​ព្រះ​វិហារ និង​ការ​ធ្លាក់​ចុះ​សីលធម៌ និង​ភាព​តោកយ៉ាក នៃ​ការ​យល់​ដឹង​របស់​សង្ឃរាជ​វត្ត​ឥន្ទ្រី​សំ​វរៈ​» ។

ក្រៅពី​នេះ នៅ​មាន​បណ្តា​ពលរដ្ឋ​ជា​ច្រើន​ទៀត បាន​បញ្ចេញមតិ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ៗ ទៅ​លើ​ការ​វាយ​កម្ទេច​ដោយ​គ្មាន​ការ​ពិចារណា និង​គ្មាន​អ្នក​ទទួលខុសត្រូវ អ្នកខ្លះ​លើក​ឡើង​ថា ហេតុ​អី​បានជា​របស់​ចូល​ជា​បេ​ត​ភណ្ឌ​ជាតិ ត្រឺ​ម​ព្រះ​សង្ឃរាជ​វត្ត​សោះ​មាន​សិទ្ធ​វាយ​ចោល ? ។ ក្រៅពី​វាយ​កម្ទេច តើ​ពិតជា​ពុំ​មាន​វិធី​ដើម្បី​ថែរក្សា​ទេតើ​មែន​ទេ ? ពិតជា​គួរ​អោយ​សោកស្ដាយ​ណាស់​!​? មិន​គួរ​លប់​បំបាត់​កេរ្តិ៍ ដំណែល​បេតិកភណ្ឌ​ជាតិ ជា​ប្រវត្តិសាស្ត្រ​ចឹ​ង​សោះ ស្តាយ​ណាស់ ? ត្រូវ​តែ​ប្តឹង​ពី​បទ​បំផ្លាញ​បេតិកភណ្ឌ​ជាតិ ។ មិនមែន​ខុស​តែ​សង្ឃ​នៅ​វត្ត​ទេ គណៈកម្មាធិការ​បេតិកភណ្ឌ​ក៍​ខុស​ដែរ ។ តែ​បណ្តោយ​ឱ្យ​បំផ្លាញ​បេតិកភណ្ឌ​ជាតិ​បាន​យ៉ាងណា ។ តែ​សំខាន់​មិន​បានដឹង​ពី​ស្ថានភាព​វត្ត​យ៉ាងម៉េច រឺក៍​វា​ចាំបាច់​ខ្លាំង​ត្រូវ​តែ​វាយ​ចោល ? ។ តិច​ចង់​ធ្វើ​កំណាយ​រក​វត្ថុ​បុរាណ​ទៅ ។ ថា​ពុក​ផុយ​ដូច​ជា​មិន​ត្រូវ​សោះ ព្រោះ​ឃើញ​គំនូរ​នៅ​ស្អាត​ណាស់ ។

លោក រ​ដ្ឋា វិសុទ្ធ បាន​បង្ហាញ​នូវ​ការ​សោកស្តាយ​ថា « ការ​កម្ទេច​នេះ​មិន​ឆ្លង​អ​ជ្ញា​ធរ​ណាមួយ​ទេ ? ពិតជា​ស្តាយ​ណាស់ ស្តាយ​ណាស់ នៅ​តែ​ស្តាយ ។ តែ​គ្រប់យ៉ាង​បាន​ត្រឹម​សោកស្តាយ តម្លៃ​នៃ​វិហារ​នេះ​ចង់​សាង​វិហារ​ថ្មី​៤០​ជាន់​ក៏​មិន​ស្មើ​ផង​» ។

រីឯ​លោក ឡៅ សំ​ណា ថា «​នឹកឃើញ​កាល​ខ្ញុំ​អាយុ​១០​ឆ្នាំ បាន​ចូល​វិហារ​នេះ​ម្ដង ខ្ញុំ​ក៏​ស្បថ​ចំពោះ​មុខ​ព្រះ​ក្នុង​វិហារ​នោះ​ថា បើសិន​ថ្ងៃក្រោយ​ខ្ញុំ​រកស៊ី​មាន​លុយ ខ្ញុំ​នឹង​មក​ជួល​ជុល​វិហារ​មួយ​នេះ តែ​មិន​ទាន់​នឹង​ចប់​ទី​១២​ផង​វិហារ​មួយ​នេះ​អន្ដរធាន​ទៅ​បាត់​» ។

លោក ភុ​ន ជា​កុសល ស្នើ​សុំ​ថា «​សំណូមពរ​ក្រសួង​វប្បធម៌ និង​ក្រសួង​ធម្មការ​គួរ​មាន​វិធានការ ដើម្បី​កុំ​ឲ្យ​មានរឿង​គួរ​ឲ្យ​សោកស្តាយ​បែប​នេះ នៅ​តែ​បន្ត​កើត​មាន​ទៀត ។ បើ​មិន​បាន​ជួយ​សូមកុំ​បំផ្លាញ​។

ចំណែក​លោក ហេង បុរី ថា វិហារ​បូរាណ​នឹង មាន​គំនូរ​ល្អ​វិចិត្រ​ដូច​គ្នា ។ លោក​បាន​លើក​ឧទាហរណ៍ វត្ត​ប្រាសាទបាគង ខេត្តសៀមរាប គេ​ជួសជុល​បាន​ស្អាត​ឡើង​វិញ ។ គួរ​សុំ​ប្រឹក្សា​យោបល់​ពី​អ្នកជំនាញ​ជា​មុន ជា​ជាង​វាយ​កម្ទេច​វត្ត ។ គួរ​ឲ្យ​សោកស្តាយ​ពន់ពេក​! នៅ​វត្ត​កែវ ខេត្តបាត់ដំបង ជាប់មាត់​ស្ទឹង​ព្រះ​វិហារ​ចាស់ ដែរ​ស្រុត​ផ្អៀង​មួយ​ចំហៀង ដោយសារ​មាន​រូង​ពីក្រោម​ចាក់​ពី​ស្ទឺ​ង​មក ។ លោក​រក​វិធី​ជួសជុល​បាន ហើយ​សង់​វិហារ​ថ្មី ជាប់​ហ្នឹង​វិហារ​ចាស់ ។ ដោយ​មាន​រូបគំនូរ​បុរាណ និង​ព្រះ​បុរាណ ។

លោក ទូ សម្បត្តិ បាន​លើក​ឡើង​ថា តាម​ពិត​ទៅ​មិន​គួរ​ធ្វើ​បែប​នេះ​ទាល់តែ​សោះ តែ​ខ្ញុំ​យល់​ថា អ្នក​ដែល​បញ្ជា​ឲ្យ​ធ្វើ​បែប​នេះ ពិតជា​មាន​គោលបំណង​អ្វី​មិនល្អ​មួយ​ហើយ ឧ​.​ការ​កកាយ​រាវរក​វត្ថុ​ស​ក្កិ​សិទ្ធិ​ជាដើម ព្រោះ​អី​វត្ត​អារាម​ទាំងអស់​ឲ្យ​តែ​ជា​វត្ត​បុរាណ​ភាគច្រើន គឺ​មាន​បញ្ចុះ​វត្ថុ​ស​ក្កិ​សិទ្ធិ​នៅ​ខាងក្រោម​បាត​សរសរ ។

លោក លី គឹ​ម​អាង ក៏​បាន​បន្ថែម​ថា «​ខ្ញុំ​ចង់​ឲ្យ​ចៅហ្វាយខេត្ត ធើ្វ​ការ​បកស្រាយ ព្រោះ​ខ្ញុំ​ជា​អ្នក​ខេត្តកំពង់ធំ ដែល​វា​ជា​មុខមាត់​របស់​ស្រុក​ទេស​ខ្ញុំ​» ។

ពាក់ព័ន្ធ​ទៅ​នឹង​រឿង​វាយ​ព្រះ​វិហារ​ខាងលើ​នេះ​ អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ ក៏​បាន​អោយដឹង​ដែរ​ថា «​រឿង​ព្រះ​អង្គ ព្រះ​មេគណ​ខេត្ត វាយ​អគារ​ចាស់​ទ្រុឌទ្រោម​នេះ ខ្ញុំ​នឹង​ឲ្យ​អភិបាលក្រុង​លោក ម៉ាក់ ប៊ុ​ន​ហុង ចាត់ការ​ធ្វើ​សន្និសីទកាសែត បំភ្លឺ​ឆាប់​ៗ ជូន​សាធារណជន គឺ​បញ្ហា​នេះ ព្រះ​មេគណ បាន​ដឹកនាំ​ប្រជុំ​ក្នុង​គណៈកម្មការ​ឯកភាព​វាយ​ចោល ហើយ​ពុទ្ធបរិស័ទ​បាន​គាំទ្រ ចូល​បច្ច័យ​កសាង​ថ្មី​ផង​ដែរ​» ។ នេះ​បើ​តាម​គេហទំព័រ Fresh News បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១ កញ្ញា ២០១៧ ម្សិលមិញ​នេះ ។

លោក សុខ លូ បាន​បញ្ជាក់​ថា អគារ​ព្រះ​វិហារ​នេះ ពិតជា​ចាស់​ទ្រុឌទ្រោម យូរ​ឆ្នាំ​ហើយ​អាច​មាន​ហានិភ័យ​គ្រប់ពេលវេលា ។ យើង​មិន​អាច​គិត​ពី​អភិរក្ស​រូបគំនូរ​ចាស់​លើ​ជញ្ជាំង​នោះ មិន​គិត​ពី​គ្រោះថ្នាក់ និង​កសាង​ថ្មី​បាន​ទេ ៕
អត្ថបទទាក់ទង ៖ ព្រះ​វិហារ​វត្ត​ឥន្ទ្រី​សំ​វរៈ ដែល​ជា​បេតិកភណ្ឌ​ជាតិ ត្រូវ​វិនាស​ត្រឹម​១​រាត្រី
អត្ថបទទាក់ទង ៖ តើព្រះ​តេជគុណ សៀង សុខ ដែលបំផ្លាញព្រះវិហារជាជាតិសាសន៍អី?
អត្ថបទទាក់ទង ៖ រិះគន់​បន្ដបន្ទាប់ ព្រះ​ចៅអធិការ បំភ្លឺ រឿង​វាយ​ព្រះ​វិហារ​ដែល​ជាបេតិកភណ្ឌជាតិ

Comments

comments