បុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យ​សាសនា ប្រពៃណី​ធំ​ជាងគេ​របស់​ខ្មែរ មាន​លក្ខណៈ​ជា​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ​ដល់​បុព្វបុរស ញាតិសន្ដាន​ដែល​ធ្វើ​មរណកាល​ទៅ និង​ជា​ពិធី​ជួបជុំ​គ្នា​នៃ​ញាតិសន្ដាន សាច់ញាតិ​ទាំងអស់​ដែល​នៅ​ទី​ឆ្ងាយ​ៗ ។ បុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​មួយ​ដែល​ធំ​ជាងគេ នៅ​ក្នុង​ចំណោម​ពិធីបុណ្យ​ទាំងអស់ ចំពោះ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ​។ បុណ្យ​ភ្ជុំបិណ្ឌ​ប្រារព្ធ​ចាប់​គិត​ពី​ថ្ងៃ​ទី​០១​រោច ដល់​ថ្ងៃ​ទី​១៥​រោច ខែភទ្របទ សម្រាប់​ឆ្នាំ​នេះ ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ង​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ ​។

ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ

បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា បាន​បង្ហាញ​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​កើត​មាន​តាំងពី​បុរាណកាល​មក​ម្ល៉េះ​។ ប៉ុន្តែ​ទាស់​ត្រង់​ថា កាលពី​សម័យ​មុនគេ​មិន​ហៅ​ថា បុណ្យ​ភ្ជុំ​ទេ ដោយនៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែងចែក​ចេញ​ជា​ពីរ​ថ្នាក់​ ។ ថ្នាក់ដំបូង គឺ​គេ​ចាប់ផ្ដើម​ធ្វើ​ចាប់ពី​ថ្ងៃ ១​រោច រហូត​ដល់​ថ្ងៃ​១៤​រោច ជា​វា​រក​ភត្ត (​ភត្ត​ធ្វើ​តាម​ថ្ងៃ​) ជា​បន្តបន្ទាប់​។ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ ១៥​រោច ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ​។ ពិធីបុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា ហើយ​ហៅ​កាត់​ថា ពិធីបុណ្យ​បិណ្ឌ​ភ្ជុំ​។

មូលហេតុ ដែល​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំ

កាលពី​សម័យ​បុរាណកាល គេ​ធ្វើ​ពិធីបុណ្យ​នេះ គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត ទំនុកបម្រុង​ព្រះសង្ឃ ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល​៣​ខែ ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា​។ និយាយរួមបុណ្យ​ភ្ជុំបិណ្ឌ កាល​ដើម​ឡើយ​ធ្វើ​ឡើង​រយៈពេល​៣​ខែ គឺ​៩០​ថ្ងៃ ដោយ​គិត​តាំងពី​ថ្ងៃ​ចូល​ព្រះ​វស្សា រហូត​ដល់​ថ្ងៃ​ចេញ​ព្រះ​វស្សា​។ ប៉ុន្ដែ​រហូត​មក​ដល់​បច្ចុប្បន្ន បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​កាត់​បន្ថយ​នៅ​សល់​តែ​១៥​ថ្ងៃ​ប៉ុណ្ណោះ ព្រោះ​ដោយសារ​ពេលវេលា​មិន​អំណោយផល អ្នកស្រុក​អ្នក​ភូមិ​មមាញឹក​ខ្លាំង​ក្នុង​មុខរបរ ដូច្នេះ ត្រូវ​កាត់​បន្ថយ​ឱ្យ​ខ្លី​ទៅ​វិញ ។ នៅ​ក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា ដោយនៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ រលឹម​ពព្រិច ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ (​ដើរ​) បិណ្ឌបាត​។ ហេតុ​ដូច្នេះ ទើប​បណ្ដា​ពុទ្ធបរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា​។ ម្យ៉ាងវិញទៀត នៅ​ក្នុង​ពិធីបុណ្យ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក ប្រេត​ជន​ញាតិ និង​ញាតិ​ទាំង ៧​សណ្ដាន ព្រមទាំង​តំណ​ញាតិ​ច្រើន​មហា​កប្ប​នោះ​ផង​ដែរ តាម​រយៈ​អនុភាព​នៃ​សង្ឃ​គ​តា​ទក្ខិណាទាន ដែលរ​ស់រង​ទុក្ខវេទនា កើតជា​ប្រេត​មានកម្ម​ពៀរ​ជាប់​ទោស​ធ្ងន់ រងកម្ម​ក្រហល់ក្រហាយ​អត់ឃ្លាន​ទាំង​អស់នោះ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ​ ។

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

ចាប់តាំងពី​សម័យ​បុរាណកាល រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ គេ​តែងតែ​ប្រារព្ធ​នៅ​ក្នុង​រដូវវស្សា ព្រោះ​នៅ​ក្នុង​រដូវ​នេះ ពពួក​ប្រេត​អាច​មានឱកាស​ច្រើន​ក្នុង​ការ​ស្វែងរក ចំណីអាហារ​ជាង​រដូវ​ផ្សេង​ៗ​ទាំងអស់​។ ម្យ៉ាងវិញទៀត​នៅ​ក្នុង​វស្សានរដូវ អាហារ​របស់​ពួក​ប្រេត ដូច​ជា​ភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និង​កាក​សំណល់​អសោច សម្បូរ​នៅ​ក្នុង​ខែ​ភ្លៀង​ផ្គរ​ពព្រិច​។ នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃនេះ មាន​ពពួក​ប្រេត​ជន (​ពួក​ប្រេត​) សាច់ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន ព្រមទាំង​តំណ​ញាតិ​ច្រើន​មហា​កប្ប ដែល​អត់ឃ្លាន​អាហារ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ ត្រូវ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង អនុញ្ញាត​ឲ្យ​មក​ស្វែងរក​សាច់ញាតិ នៅ​តាម​វត្ត​អារាម​ផ្សេង​ៗ ដែល​នាំ​យក​ចំណីអាហារ​ផ្សេង​ៗ មក​ឧទ្ទិស​កុសល​ឲ្យ​ខ្លួន​។ ម្យ៉ាងវិញទៀត បើ​តាម​សម្ដី​ចាស់​ៗ​បុរាណ​និយាយ​ត​ៗ​គ្នា​ថា ក្នុង​រយៈពេល​១៥​ថ្ងៃ បើ​ពពួក​ប្រេត​ជន​ទាំង​អស់នោះ ដើរ​ស្វែងរក​ញាតិ​ចំនួន​៧​វត្ត នៅ​តែ​មិនឃើញ​នោះ ពពួក​ប្រេត​ទាំង​អស់នោះ​នឹង​ស្រែកយំ​ទ​ន្ទ្រាំ​ជើង ព្រោះតែ​ការ​ខកបំណង និង​ភាព​ស្រែក​ឃ្លាន​ក្រហល់ក្រហាយ​ក្នុង​ចិត្ត​។ ជា​ពិសេស​ពពួក​ប្រេត​ជន​ទាំង​អស់នោះ នឹង​ជេរ​ដាក់​បណ្ដាសា​ដល់​សាច់ញាតិ កូនចៅ​ជា​មិន​ខាន​។

ការ​ប្រារព្ធ​ពិធីបុណ្យ​បិណ្ឌ​ភ្ជុំ

ចំពោះ​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ បុ​រា​ណា​ចា​រ្យ​រាជបណ្ឌិត​ខ្មែរ​យើង​បាន​រៀបចំ​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់​គិត​ពី​ថ្ងៃ​ទី​១​រោច ដល់​ថ្ងៃ​ទី​១៥​រោច ខែភទ្របទ ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល ទៅ​ដល់​ប្រេត​ជន​ញាតិ​ដែល​បាន​ស្លាប់​ទៅ​។ នៅ​ក្នុង​រយៈពេល ១៤​ថ្ងៃ នៃ​ការ​កាន់បិណ្ឌ ឬ​ដាក់​បិណ្ឌ​នេះ ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ទាំងអស់​ជា​ពិសេស​ក្រុម​នីមួយ​ៗ ដែល​បាន​រៀបចំ​ជា ក្រុម​ដោយ​លោកតា​អាចារ្យ​ចាត់ចែង​នោះ ត្រូវ​បែងចែក​ចេញ ៣​ឬ​៤​ក្រុម​តូច​ៗ ដើម្បី​រៀបចំ​ធ្វើ​យាគូ (​បបរ​) ឬ​ធ្វើ​ភត្តាហារ​ជា​៣​ទៅ​៤​ឆ្នាំង ស្មើនឹង​៣​ទៅ​៤​មុខម្ហូប​។ ពេល​ទូងស្គរ​ចំណាំ​វស្សា អ្នក​នៅ​ក្នុង​ក្រុម​វេន​នីមួយ​ៗ ត្រូវ​ចាប់ផ្ដើម​ធ្វើ​ចង្ហាន់ ហើយ​យាយ​តា​ចាស់​ៗ​ក្នុង​ក្រុម​វេន ត្រូវ​ជ្រើសរើស​យក​ផ្ទះ​ណាមួយ ដើម្បី​ប្រមូល​នំ​រៀបចំ​បាយបិណ្ឌ បាយបត្តបូរ​។ រៀបចំ​រួច​ហើយ​ត្រូវ​នាំ​គ្នា ទៅ​វត្ត​ស្ដាប់​លោកសង្ឃ​សូត្រ​ថ្វាយ បង្គំ​ធម៌ សុ​ខោ និង ធម៌​បរាភវ​សូត្រ​ ។

ចំណែកឯ​កូនចៅ​ដែល​នៅផ្ទះ ត្រូវ​នាំ​គ្នា​ខិតខំ​ដុតដៃដុតជើង​បបរ​ឬ​ស្ល​តាម​មុខម្ហូប​នីមួយ​ៗ ដោយឡែក​ពី​គ្នា​។ លុះដល់​ពេល​ព្រឹកព្រាង​អរុណោទ័យ (​ពេល​ព្រះអាទិត្យ​រះ​ឡើង​) ត្រូវ​នាំ​គ្នា​រៀប ចំ​ខ្លួន កណ្ដៀត យួរ កាន់ ទូល រែក​ចង្ហាន់​ទៅ​វត្ត​។ នៅ​ក្នុង​វត្ត លោកតា​អាចារ្យ​ត្រូវ​រៀបចំ​ពិធីរាប់បាត្រ នៅ​លើ​ឧបដ្ឋានសាលា​។ បន្ទាប់​មក​លោក​អាចារ្យ​ជា​ប្រធាន ត្រូវ​នាំ​ពុទ្ធបរិស័ទ​វេរ (​ប្រគល់​) ចង្ហាន់​ប្រគេន​ព្រះសង្ឃ វេរ​បាយបត្តបូរ​។​ល​។ លុះដល់​ពេល​ព្រះសង្ឃ​ធ្វើ​ប​ត្តា​នុ​មោ​ទ​ន​គាថា​ចប់ មេ​វេន​ក្រុម​នីមួយ​ៗ​ត្រូវ​រៀបចំ​ម្ហូបអាហារ ចំណី​ចូល​គំនាប់​ជូន​លោកតា​អាចារ្យវត្ត ព្រមទាំង​ចាត់ចែង​ភោ​ជ នា​ហារ​ទទួលភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បុណ្យ នៅ​ក្នុង​ថ្ងៃ​វេន​របស់​ខ្លួន​នោះ​ផង​ដែរ​ ។

ពិធី​ពូន​ភ្នំខ្សាច់ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ទាក់ទិន​ទៅ​នឹង​ជំនឿ ដែល​ពុទ្ធបរិស័ទ លើក​ឡើង​អំពី​ការ​ពូន​ភ្នំខ្សាច់ នៅ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ វា​ជា​ជំនឿ​មួយ​ដែល​ខ្មែរ​យើង​ទូទៅ យល់​ឃើញ​ថា វា​ល្អ​ហើយ​មាន​ប្រយោជន៍ ទើប​ពួក​គាត់​ធ្វើ ហើយ​បាន​ដាក់​លុយ​ទៅ​តាម​ភ្នំខ្សាច់​នីមួយ​ៗ ព្រមទាំង​អុជ​ធូប​ស្មា​លា កំហុស​បាប​មួយ​ចំនួន ដែល​ខ្លួន​បាន​សាង​ឡើង ដោយ​មិន​បាន​ចាប់អារម្មណ៍​កន្លង​មក​។ ការ​ពូន​ភ្នំខ្សាច់​នេះ ក៏​ជា​ការ​ឧទ្ទិស​កុសល​មួយ ជូន​ដល់​ឧបការី​ជន​ទាំងឡាយ ដែល​បាន​លាចាក​លោក​ផង​ដែរ​។

អត្ថន័យ​ការ​បោះ​បាយបិណ្ឌ

នៅ​ព្រលឹម​ម៉ោង​៤​ព្រឹក ប្រជាពលរដ្ឋ​តែងតែ​នាំ​គ្នា ដើរទៅ​វត្ដ​អារាម​នានា នៅ​ក្នុងភូមិ ឬ​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន ជាមួយនឹង​នំចំណី ដែល​ធ្វើ​រួច​ជា​ស្រេច ដាក់​ក្នុង​ចាន ឬ​ស្បោង ដើម្បី​ទៅ​វត្ដ គេ​ហៅ​ថា «​បោះ​បាយបិណ្ឌ​»​។ ការ​បោះ​បាយបិណ្ឌ ជា​ជំនឿ​អ​រូបិយ​មួយ​ផង​ដែរ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង និយម​ធ្វើ​ជា​រៀង​រាល់​ព្រឹក​ព្រហាម ដើម្បី​បញ្ជូន ឬ​ឧទ្ទិស​កុសល ឱ្យទៅ​ញាតិសន្ដាន​សាច់សាលោហិត ដែល​បាន​ចែក​ឋាន​ទៅ​បរលោក​។ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន ការ​បោះ​បាយបិណ្ឌ​នៅ​តាម​បណ្តា​វត្ត​ខ្លះ​គេ​ធ្វើ​តាំងពី​ល្ងាច​មក​ម្ល៉េះ លុះ​ព្រឹក​ឡើង​ទើប​ព្រះសង្ឃ​ជួយ​វេរ​ធម៌​តាម​ក្រោយ​ ។

ដំបូន្មាន​អ្នកជំនាញ​បុណ្យ​ភ្ជុំបិណ្ឌ

បុណ្យ​ភ្ជុំបិណ្ឌ ជា​បុណ្យ​មួយ​ដែល​មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជាជាតិ​ខ្មែរ​យើង​។ ដូច្នេះ​ហើយ​បងប្អូន​ទាំងឡាយ ត្រូវ​តែ​ប្រកាន់ខ្ជាប់​នូវ​ពិធីបុណ្យ​នេះ ជា​ដរាប ព្រោះ​ជា​បុណ្យ​ដែល​បង្កើត​ឡើង សម្រាប់​ផ្ដល់​ឱកាស​ឱ្យ​ពុទ្ធបរិស័ទ​ទាំងឡាយ ធ្វើបុណ្យ​ធ្វើ​ទាន ឧទ្ទិស​កុសល​ដល់​បុព្វ​ជន និង​សាច់ញាតិ ដែល​បាន​ចែក​ឋាន​ទៅ និង​ជា​បុណ្យ​សាសនា​មួយ​ផង​ដែរ ដែល​ប្រជាពលរដ្ឋ​ទូទៅ​មិន​អាច​បំភ្លេច​បាន​។

រឿងព្រេង​និទាន​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

តាម​សៀវភៅ​ប្រជុំ​ទំនៀមទម្លាប់​ខ្មែរ​លើក​ឡើង​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ មាន​ប្រវត្តិ​ទាក់ទង​នឹង​រឿងព្រេង​និទាន ។ រឿងព្រេង​តំណាល​ថា មាន​ឈ្មួញ​សំពៅ​៥០០ ធ្វើ​ដំណើរ​ចេញ​ទៅ​ជួញ​តាម​សមុទ្រ ។ លុះ​ទៅ​ដល់​កោះ​មួយ​នោះ​ជួន​ជា​ល្ងាច និង​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ក៏​ស្ទើរ ទើប​នាំ​គ្នា​ចូល​ចត​សំពៅ​នៅ​ទីនោះ ។ កោះ​នោះ​ជា​កោះដាច់​ស្រយាល​ឥត​មាន​មនុស្ស​នៅទេ ហើយ​ពេល​យប់​តែងតែមាន​ពួក​ប្រេត​នាំ​គ្នា​ដើរទៅ​រកស៊ី ។ ពួក​ប្រេត​ទាំងនោះ លុះ​ដើរ​ក្រវែល​រក​អាហារ​ឃើញ​មនុស្ស​ដេក​ក្នុង​សំពៅ​ក៏​ចាប់​មនុស្ស​កំពុង​ដេក​លក់​យក​ទៅ​ឱ្យ​ចៅហ្វាយ​ខ្លះ គិត​នឹង​ហែក​ស៊ី​ខ្លះ ។ ពួក​មនុស្ស​ដេក​លក់​ដោយសារ​ឮ​សំឡេង​ប្រេត​និយាយ​គ្នា ក៏​ភ្ញាក់​ឡើង​ភ័យ​ស្លុត យំសោក​ទ្រហឹង ខំ​អង្វរករ​ដូច​ម្តេច​ក៏​ពួក​ប្រេត​ពុំ​ព្រម ហើយ​គិតតែ​ពី​ចាប់​នាំ​ទៅ​ប្រគល់​ឱ្យ​ចៅហ្វាយនាយ ។

សម្រែក​យំសោក​បណ្តាល​ឱ្យ​ផ្អើល​មនុស្ស​អស់ទាំង​៥០០​សំពៅ ។ ពេល​នោះ​នាយសំពៅ​ម្នាក់​ជា​អ្នក​ឈ្លាសវៃ​នឹកឃើញ​ថា «​បើ​ទោះជា​ត្រូវ​ស្លាប់​ក៏​ត្រូវ​តែ​ហ៊ាន​ប្រថុយ​និយាយ​តវ៉ា​ឱ្យ​អស់ចិត្ត​សិន មិន​ត្រូវ​ឱ្យ​គេ​ផ្តាច់ជីវិត ទទេ​ៗ​ឡើយ​»​។ គិត​ហើយ នាយសំពៅ​ក៏​តាំងស្មារតី​អង់អាច​និយាយ​ទៅ​កាន់​ស្តេច​ប្រេត សូម​ឱ្យ​លែង​ពួក​ខ្លួន តែ​ស្តេច​ប្រេត​ឆ្លើយ​ថា «​យើង​នឹង​លែង​ពួក​ឯង​ទៅ​វិញ​មិន​បាន​ទេ ព្រោះ​ពួក​យើង​ស្រេកឃ្លាន​ណាស់​…​យ៉ាងនេះ​ម្តង បើ​លែង​ពួក​អ្នកឯង​ទៅ មិនដឹង​ជា​កាលណា​នឹង​បាន​ទៀត​ទេ ពួក​យើង​ខ្សត់​អាហារ​ណាស់ !» ។

ឮ​ដូចនេះ​នាយសំពៅ​អង្វរ​ថា​៖ «​សុំ​លោក​លែង​ពួក​យើង​ទាំងអស់​វិញ​ចុះ យើង​សន្យា​ថា នឹង​ទទួល​រក​អាហារ​ជូន​លោក​រាល់​ឆ្នាំ លុះត្រាតែ​អស់​ជីវិត បើ​លោក​ពិសា​យើង​ទៅ​នោះ លោក​បាន​ឆ្អែត​តែ​មួយ​គ្រា​ប៉ុណ្ណោះ អំ​ណេះ​តទៅ​លោក​នឹង​ត្រូវ​អត់ឃ្លាន​ទៀត ។ បើ​ពួក​យើង​សន្យា​នឹង​លោក​យ៉ាងនេះ តើ​លោក​យក​ផ្លូវ​ណា? លោក​សុខចិត្ត​ពិសា​រូបយើង​ឱ្យ​បាន​តែ​មួយ​ចម្អែត ឬ​ក៏​សុខចិត្ត​ទុក​ជីវិត​ពួក​យើង​ដើម្បី​ឱ្យទៅ​រក​អាហារ​ជូន​លោក​វិញ ?​» ។

ពួក​ប្រេត​ឮ​សំណើ​នៃ​នាយសំពៅ​ដូច្នេះ ក៏​គិត​គ្នា​មួយសន្ទុះ ទើប​ព្រម​ដោះ​លែង​ពួក​ឈ្មួញ ហើយ​ផ្តាំផ្ញើ​ថា «​កាលបើ​ពួក​អ្នក​បាន​ទៅ​ដល់​ស្រុក​ទេស​ខ្លួន​ហើយ កាលណា​មាន​ខ្យល់ជំនោរ​ធ្លាក់​មក​ពី​ទិស​ខាងជើង អ្នក​ទាំងអស់​គ្នា​ត្រូវធ្វើ​ក្បូន​ផ្ទុក​ធញ្ញជាតិ និង​អាហារ​គ្រប់យ៉ាង មាន​លាជ សណ្តែក ល្ង ដូង អំបុក ចេក ជាដើម បណ្តែត​តាម​ខ្សែទឹក​មក​ឱ្យ​យើង​ចុះ មិនបាច់​នាំ​មក​ផ្ទាល់​ទេ ជំនោរ​ខ្យល់​នឹង​បញ្ជូន​មក​ដល់​យើង​ហើយ​» ។

ឮ​តែ​ប៉ុណ្ណេះ ពួក​អ្នក​សំពៅ​អរ​រក​អ្វី​ប្រៀប​ពុំ​បាន ហើយ​ក៏​នាំ​គ្នា​ចុះ​សំពៅរ​ចោ​ក​រចល់​ខ្ញៀវខ្ញារ​បើក​ចេញ​ផុត​ពី​នោះ​យ៉ាង​ប្រញាប់ ។ លុះ​ទៅ​ដល់​ភូមិ​ស្រុក​ជួបជុំ​គ្រួសារ​ហើយ​ត្រូវ​នឹង​ពេល​ជិត​ដល់​រដូវ​ភ្ជុំ​ដែល​ទឹក​ឡើងជា​លំដាប់​ផង អ្នក​ដែល​បាន​សន្យា​នឹង​ប្រេត​ទាំងនោះ​ក៏​នាំ​គ្នា​ធ្វើ​នំនែក រក​ចេក​អំពៅ លាជ ស្រូវ អង្ករ ផ្លែ​ឈើ ដែល​មាន​ក្នុង​រដូវ​នោះ​ធ្វើ​ពោងពាយ ហើយ​ដាក់​បណ្តែត​បញ្ជូន​ទៅ​ឱ្យ​ប្រេត​តាម​ខ្សែទឹក​រាល់​ឆ្នាំ ។

មនុស្ស​ជាន់​ដើម​កាន់​ពាក្យ​សច្ចៈ​ល្អ​ណាស់ បើ​និយាយ​សន្យា​ថា​ដូច​ម្តេច​ហើយ មិន​ហ៊ាន​បំពាន​ទេ ។ ចំណេរ​តម​ក អ្នកស្រុក​ក៏​នាំ​គ្នា​ធ្វើ ត​ៗ​មក ទៅ​ជា​ទំនៀមទម្លាប់​ដោយ​យល់​ថា «​ធ្វើបុណ្យ​បណ្តែត​ស្រូវ​អង្ករ​ទៅ​ឱ្យ​ដូនតា ដែល​ទៅ​កើតជា​ប្រេត ស្ថិត​នៅ​ឯ​ស្រុក​ទន្លេ​ស្ងួត ក​ន្តួ​ត​មួយ​ដើម​» នោះ​វិញ ។

 

បុណ្យ​ភ្ជុំបិណ្ឌ​មាន​អត្ថន័យ​ធំធេង​ណាស់​សម្រាប់​ពុទ្ធបរិស័ទ​ខ្មែរ​យើង ព្រោះ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​វិញ្ញាណក្ខន្ធ បុព្វបុរស ញាតកា ទាំង​ប្រាំពីរ​សន្ដាន ដែល​បាន​ចែក​ឋាន​ទៅ​កើតជា​ប្រេត នរក ឬ​ក៏​សភាវៈ ផ្សេង​ៗ​។ មួយវិញទៀត​នោះ​បុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យ​ជួបជុំ​បងប្អូន ញាតិ​ផៅ​គ្រប់​ទិស​ទី សម្ដែង​នូវ​សេចក្ដី​សាទរ​រីករាយ គ្រប់​ៗ​គ្នា និង​អ្វី​ដែល​សំខាន់​នោះ កាលណា​មនុស្ស​យើង​មាន​សទ្ធា​ជ្រះថ្លា ក្នុង​ព្រះធម៌ ក្នុង​ការ​ធ្វើបុណ្យ ធ្វើ​ទាន​នោះ វា​ជា​បច្ច័យ​មួយ​ជួយ​ធ្វើ​ឱ្យ​មនុស្ស​យើង​មានចិត្ដ​ស្ងប់ រំលស់​នូវ​ភាព​សៅហ្មង គ្រប់​ៗ​គ្នា ។ ពិធី​សំខាន់​ក្នុង​រយៈពេល​បុណ្យ​ភ្ជុំបិណ្ឌ មាន​ដូច​ជា ពិធីសូត្រមន្ដ បង្សុកូល បោះ​បាយបិណ្ឌ​ជាដើម​៕

Comments

comments