រាជរដ្ឋាភិបាល​ខ្មែរ​នឹង​ទទួល​បាន​ចំណូល​យ៉ាងតិច​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ពី​អណ្តូង​ប្រេងកាត​អប្សរា នៃ​ប្លុក A ប្រសិនបើ​ក្រុមហ៊ុន KrisEnergy សម្រេច​ទទួលយក​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​ពិតប្រាកដ​នោះ​។

នេះ​បើ​យោង​តាម​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េ​ង សក្តិ​ធា​រ៉ា ដែល​បាន​និយាយ​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ដំណើរ​ឆ្ពោះទៅ​ជា​ប្រទេស​ផលិត​ប្រេង នៅ​អគ្គនាយកដ្ឋាន​ប្រេងកាត​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧ ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន KrisEnergy មាន​រយៈពេល​៦០​ថ្ងៃ (​ចាប់​គិត​ពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧) ក្នុង​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ថា តើ​នឹង​ខ្លួន​វិនិយោគ​គម្រោង អភិវឌ្ឍ​អណ្ដូង​ប្រេងកាត​អប្សរា ក្នុង​ប្លុក A ឬ​យ៉ាងណា​។ ប្រសិនបើ​ក្រុមហ៊ុន​រុករក​ប្រេង​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​មួយ​នេះ សម្រេច​ថា​ខ្លួន​នឹង​វិនិយោគ​នៅ អណ្តូងរ៉ែ​អប្សរា​នោះ គឺ​មាន​រយៈពេល​២៤​ខែ ឬ​២​ឆ្នាំ​ទៀត ពោល​គឺ​ឆ្នាំ​២០១៩ ដំណក់​ប្រេង​លើក​ដំបូង​របស់​កម្ពុជា នឹង​លេច​រូបរាង​ឡើង​។

លោក​រដ្ឋលេខាធិការ​ដដែល នៅ​ក្នុង​ប្លុក A មាន​អនុ​តំបន់ ឬ​អណ្តូង​ប្រេងកាត​ចំនួន​៧​កន្លែង​ទៀត ប៉ុន្តែ​គម្រោង​ដំបូង គឺ​ចាប់ផ្ដើម​នៅ​អណ្តូង​មួយ​ឈ្មោះ​ថា «​អប្សរា​» មុនគេ ក្រោយ​ពេល​ក្រុមហ៊ុន​បូម​ប្រេង​ឆៅ​នោះ​បាន​ហើយ គេ​នឹង​នាំ​ចេញ​ទៅ​លក់​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ ដល់​ពេល​នោះ​កម្ពុជា​រំពឹង​ទុក​ថា នឹង​ទទួល​បាន​ប្រាក់​ចំណូល​យ៉ាងតិច​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​អាស្រ័យ​ទៅ​តាម​តម្លៃ​ប្រេង​លើ​ទីផ្សារ​ផង​ដែរ​។

លោក ម៉េ​ង សក្តិ​ធា​រ៉ា បន្ត​ថា បច្ចុប្បន្ន​កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​ចម្រាញ់​ប្រេង​ឆៅ​ដោយ​ខ្លួនឯង​បាន​ទេ ប៉ុន្តែ​មាន​ក្រុមហ៊ុន​ចិន​មួយ​បាន និង​កំពុង​សាងសង់​រោងចក្រ ចម្រាញ់​ប្រេងកាត​នៅ​កម្ពុជា​ដែរ ប្រហែលជា​នៅ​ឆ្នាំ​២០២០ ទើប​បញ្ចប់​ដំណើរការ​សាងសង់ ដល់​ពេល​នោះ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​គិតគូរ​បន្ត​ទៀត ព្រោះ​រោងចក្រ​នេះ មិនមែន​ចម្រាញ់​តែ​ប្រេង​ដែល​បូម​ក្នុងស្រុក​ទេ គោលដៅ​របស់​ពួក​គេ គឺ​នាំ​ប្រេង​ឆៅ​ពី​ក្រៅ​ស្រុក មក​ចម្រាញ់​ជា​ផលិតផល​សម្រេង​ចុង​ក្រោយ​នៅ​កម្ពុជា​។

បើ​តាម​លោក​រដ្ឋលេខាធិការ​ក្រ​សួ​អ​រ៉ែ​និង​ថាមពល ក្រោយ​ពេល​កម្ពុជា​មាន​សមត្ថភាព​ចម្រាញ់​ប្រេង បាន​ដោយ​ខ្លួនឯង​ហើយ កម្ពុជា​នឹង​មិន​ចាំបាច់​នាំ​ចូល​ប្រេង​ពី​ខាងក្រៅ​១០០% ទៀត​ទេ ហើយ​កម្ពុជា​នឹង​រក្សា​បាន​សន្តិសុខ​ថាមពល​ដោយ​ខ្លួនឯង​។

លោក ម៉េ​ង សក្តិ​ធា​រ៉ា បាន​បញ្ជាក់​ទៀត​ថា ក្រៅពី​ប្លុក A នៅ​ប្លុក​ដទៃ​ទៀត ដូច​ជា​ប្លុក B ប្លុក C ប្លុក D ក៏​សុទ្ធតែ​មាន​សក្ដានុពល​ក្នុង​ការ​វិនិយោគ ហើយ​ក៏​មាន​អ្នក​វិនិយោគ​ចាប់អារម្មណ៍​ដែរ ប៉ុន្តែ​ទាស់​ត្រង់​ថា ពួក​អ្នក​វិនិយោគ​ទាំងនោះ នៅ​មានការ​រេ​រែក​ចិត្ត ក្នុង​ការ​វិនិយោគ​ជាមួយ​កម្ពុជា ដោយសារ​តែ​តម្លៃ​ប្រេងកាត​ក្នុង​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ និង​មួយទៀត គឺ​ការ​ចរចា​ជាមួយ​កម្ពុជា​មិន​ទាន់ ត្រូវ​រូ​វ​គ្នា​ថែម​ទៀត​ផង​ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក​ជឿជាក់​ថា បន្ទាប់​ពី​ដំណើរការ​បូម​ប្រេងកាត​ចេញ ពី​អណ្តូង​អប្សរា​នេះ​ទៅ ប្លុក​ប្រេង​ទាំងនោះ​នឹង​ត្រូវប៉ាន់​ក្នុង​ការ​វិនិយោគ​បន្ត​ទៀត​។

នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅ​ប្លុក A រវាង​ក្រសួង​រ៉ែ​និង​ថាមពល ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​តំណាង​រដ្ឋាភិបាល​ជាមួយនឹង​ក្រុមហ៊ុន Kris Energy របស់​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​និយាយ​ថា បើ​មានការ​សម្រេចចិត្ត​ផ្លូវការ​លើ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន គ្រី​ស អ៊ី​ន័​រ​ជី​(KrisEnergy) ក្រុមហ៊ុន​នឹង​រកបាន​ដំណក់​ប្រេង​ដំបូង​នៅ​ចុងឆ្នាំ​២០១៩ ។

កិច្ចព្រមព្រៀង​នោះ​បាន​បើកផ្លូវ​ដល់​ការ​ផលិត​ប្រេង​ក្នុង​ដំណាក់កាល​ទី​១ ដែល​តាម​ការ​ប៉ាន់ស្មាន​មាន​រយៈពេល​ផលិតកម្ម​៩​ឆ្នាំ ហើយ​អាច​ផលិត​បាន​ច្រើន​ជាង ៣០​លាន​បារ៉ែល​។ ដំណាក់កាល​ទី​១​នេះ​គ្របដណ្ដប់​លើ ១៩៨ គីឡូម៉ែត្រ​ក្រឡា ក្នុង​ទំហំ​សរុប ៣០៨៣ គីឡូម៉ែត្រ​ក្រឡា​របស់​ប្លុក​A ៕

 

Comments

comments